ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ប្រាប់តុលាការថា លោក និងលោក សម រង្ស៊ី «ចប់គ្នាហើយ»
15, Jun 2022 , 5:28 pm        
រូបភាព
រូបលោក កឹម សុខា ពីសហការី, រូបលោក សម រង្ស៊ី ពី AFP
រូបលោក កឹម សុខា ពីសហការី, រូបលោក សម រង្ស៊ី ពី AFP
ដោយ៖ ទេពញាណ

លោក សម រង្ស៊ី និយាយអវិជ្ជមានពីលោក កឹម សុខា ហើយលោក កឹម សុខា ក៏និយាយអវិជ្ជមានពីលោក សម រង្ស៊ី វិញ។ សម្ព័ន្ធភាពនៃអ្នកនយោបាយប្រឆាំងកំពូលទាំង២រូបនេះ អាចបន្តទៀតដែរទេ ឬដល់ផ្លូវបែក?

 

លោក កឹម សុខា មេដឹកនាំប្រឆាំងដែលកំពុងរស់នៅក្នុងស្រុកជាមួយសម្ពាយក្តីក្តាំ បានប្រកាសក្នុងសវនាការនៃតុលាការភ្នំពេញថា ចំណងមិត្តភាពរវាងលោក និងដៃគូរបស់លោក គឺលោក សម រង្ស៊ី ដែលកំពុងរស់នៅឯក្រៅប្រទេស បានដាច់ស្រឡះហើយ ដោយមិននៅជាប់ជំពាក់វាក់វិនដូចគ្រាដើមឡើយ។ 
 
«ចប់ហើយខ្ញុំជាមួយលោក សម រង្ស៊ី។ ច្បាស់ហើយ អត់មាន សម រង្ស៊ី កឹម សុខា តែមួយទៀតទេ។ [...] គេ ដើរផ្លូវផ្សេង គេនាំបក្សភ្លើងទៀនរបស់គេ ទៅចូលរួមបោះឆ្នោត។ [គាត់] វាយប្រហារខ្ញុំទៀតថ្មីៗហ្នឹង ថាខ្ញុំ អត់ទៅបោះឆ្នោតឲ្យបក្សភ្លើងទៀន ជាកំហុសធ្ងន់ធ្ងរ»។ នេះជាប្រសាសន៍របស់លោក កឹម សុខា ទៅកាន់តំណាងអយ្យការ និងចៅក្រម នៅក្នុងសវនាការ ហើយត្រូវបានស្រង់យកទៅចុះផ្សាយដោយសារព័ត៌មានហ្រ្វេសញូ (Fresh News)។ 

លោក មុត ចន្ថា ជំនួយការ និងជាមនុស្សជំនិតរបស់លោក កឹម សុខា បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖«ក្នុងសវនាការ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនានេះ ឯកឧត្តម កឹម សុខា បានប្រកាសថា រឿងរវាងគាត់ និងលោក សម រង្ស៉ី គ្មានអ្វីជាប់ពាក់ព័ន្ធគ្នាទៀតទេ និងបានចប់ហើយ។ គាត់ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលណា គាត់មានសិទ្ធិពេញលេញ គាត់ នឹងធ្វើសន្និសីទសារព័ត៌មាន បញ្ជាក់ជំហរជាសាធារណៈឲ្យកាន់តែច្បាស់»។ 
 
នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាសវនាការលើកទី៤៤របស់លោក កឹម សុខា។ លោក ចាន់ ចេន មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា បដិសេធមិនបកស្រាយពីការប្រកាសរបស់លោក កឹម សុខា ជុំវិញការផ្តាច់ទំនាក់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី នោះទេ។ 
 
យ៉ាងណា លោក បញ្ជាក់ថា ការស្រង់ប្រសាសន៍របស់លោក កឹម សុខា ពីសំណាក់សារព័ត៌មាន យកទៅចុះផ្សាយជុំវិញការផ្តាច់សម្ព័ន្ធភាពនយោបាយនេះ មិនប្រាសចាកពីប្រសាសន៍ដើមរបស់លោក កឹម សុខា ឡើយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ លោកមេធាវីរូបនេះ ថ្លែងដូច្នេះថា៖«ខ្ញុំគិតថា មិនខុសទេ អាចបែបហ្នឹងហើយ គ្រាន់តែថា ខ្ញុំ ព្យាយាមមិនធ្វើអត្ថាធិប្បាយអីបន្ថែមលើការលើកឡើងរបស់គាត់ទេ កុំឲ្យខុស»។  
 
ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស បង្ហាញការមិនគាំទ្រចំពោះជំហរបស់លោក កឹម សុខា ដែលមិនទៅបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ។ លោក មុត ចន្ថា ប្រាប់សារព័ត៌មាននានាក្នុងស្រុកថា លោក កឹម សុខា មិនចេញទៅបោះឆ្នោត ព្រោះគ្មានជម្រើសសម្រាប់ជ្រើសរើស។ 
 
ពាក្យគ្មានជម្រើសនេះ ប្រៀបដូចជាលោក កឹម សុខា ចង់បញ្ជាក់ន័យថា លោក មិនពេញចិត្តគណបក្សណាទាំងអស់ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សភ្លើងទៀន ហើយប្រៀបដូចជាលោក ចាត់ទុកគណបក្សទាំង២នេះ ថាដូចតែគ្នា ដោយគ្មានមួយណា ល្អជាងមួយណាឡើយ។ នេះជាការបកស្រាយរបស់លោក សម រង្ស៊ី ទៅលើពាក្យគ្មានជម្រើស ដែលលោក មុត ចន្ថា បាននិយាយជំនួសលោក កឹម សុខា។ លោក សម រង្ស៊ី ចាត់ទុកជាការខុសធ្ងន់ធ្ងរ ចំពោះការសម្រេចចិត្តរបស់លោក កឹម សុខា ក្នុងការមិនទៅបោះឆ្នោត ក្រោមហេតុផលថា គ្មានជម្រើសនេះ។ 
 
លោក សម រង្ស៊ី បរិយាយដូច្នេះថា៖«អ្នកបោះឆ្នោតឲ្យគណបក្សភ្លើងទៀន រាប់លាននាក់ហ្នឹង សុទ្ធតែជាអតីតគណបក្សសម រង្ស៊ី អតីតគណបក្សសិទ្ធិមនុស្ស អតីតគណបក្សសង្គ្រោះជាតិ។ [លោក កឹម សុខា] គាត់ថា ភ្លើងទៀន មិនខុសពីគណបក្សប្រជាជនទេ អ៊ីចឹងគាត់ ដូចជាជេរប្រមាថមើលងាយអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ដែលបានគាំទ្រសង្គ្រោះជាតិ។ ជាការសោកស្តាយ! ខ្ញុំសង្ឃឹមថា គាត់ នឹងភ្ញាក់រឭកថា ភ្លើងទៀន យ៉ាងម៉េចក៏គ្រាន់បើជាងគណបក្សប្រជាជនឆ្ងាយណាស់។ [...] នេះ ជាការកត់សម្គាល់ មិនមែនជាការស្តីបន្ទោសទេ»។
 
ចាប់តាំងពីចងសម្ព័ន្ធមិត្តជាមួយគ្នា នេះ ជាលើកទី១ហើយ ដែលគេ ឮលោក សម រង្ស៊ី រិះគន់ឬនិយាយអវិជ្ជមានពីលោក កឹម សុខា។ កន្លងមក លោក សម រង្ស៊ី តែងប្រកាសមិនដាច់ពីមាត់ថា លោក ​និងលោក កឹម សុខា ជាមនុស្សតែមួយ ហើយជាដៃគូមិនបែកគ្នា។ បន្ថែមពីនេះ លោក សម រង្ស៊ី តែងអំពាវនាវពីក្រៅប្រទេស ឲ្យតុលាការកម្ពុជា ទម្លាក់បទចោទចេញពីលោក កឹម សុខា រួមទាំងអ្នកផ្សេងទៀត។ 
 
ចំពោះលោក កឹម សុខា ក៏គេ កម្រឮលោក និយាយអវិជ្ជមានត្រង់ៗដៅទៅលោក សម រង្ស៊ី ដូចគ្នា។ ទើបតែកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ លោក បានបង្ហោះសារខ្លី១លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបញ្ចេញឈ្មោះលោក សម រង្ស៊ី តែម្តង។ អ្វីដែលលោក កឹម សុខា និយាយតាមរយៈសារលើបណ្តាញសង្គមនាពេលនោះ គឺពាក់ព័ន្ធនឹងការបង្កើតគណបក្សភ្លើងទៀន។
 
លោក កឹម សុខា បានទម្លាក់កំហុសឲ្យលោក សម រង្ស៊ី រួមទាំងសហការីរបស់លោក សម រង្ស៊ី ថាបានដើរចេញពីស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ ជាពិសេស គឺត្រឡប់ទៅគាំទ្រការដឹកនាំគណបក្សភ្លើងទៀន ដែលជាគណបក្សចាស់របស់ពួកគេ។ លោក កឹម សុខា សរសេរដូច្នេះថា៖«ទង្វើរបស់ពួកគេ សបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ»។
 
វា ជាលើកទី១ដូចគ្នា ដែលលោក កឹម សុខា និយាយអវិជ្ជមានពីលោក សម រង្ស៊ី តាមរយៈសារលើបណ្តាញសង្គម។ រីឯការប្រកាសផ្តាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី ក្នុងសវនាការ អាចចាត់ទុកជាភាសាអវិជ្ជមានជាលើទី២ ដែលលោក កឹម សុខា បានប្រើចំពោះលោក សម រង្ស៊ី។ 
 
ក្នុងសវនាការ លោក កឹម សុខា ក៏បាននិយាយពីផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី ដែរ។ ហ្វ្រេសញូ បានស្រង់សម្តីរបស់លោក កឹម សុខា ទៅសរសេរដូច្នេះថា៖«លោក សម រង្ស៊ី ធ្វើអី គាត់ ប្រកាសអី ខ្ញុំ ដែលគាំទ្រទេ? គាត់ ប្រកាសផែនការ៩វិច្ឆិកា ថា គាត់ នឹងវិលមកវិញ ដើម្បីចាប់លោកនាយករដ្ឋមន្រ្តី ខ្ញុំ អត់ដែលគាំទ្រសោះ មានតែហាមគ្នាខ្ញុំ មិនឲ្យទៅលាយឡំជាមួយទៀត»។
 
រដ្ឋាភិបាលកម្ពុជា ចាត់ទុកផែនការរបស់លោក សម រង្ស៊ី ដែលចង់ចូលស្រុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយ ទើបអ្នកដែលពាក់ព័ន្ធ ឬបង្ហាញការគាំទ្រចំពោះផែនការ៩វិច្ឆិកានេះ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ។ យ៉ាងណា លោក សម រង្ស៊ី ពុំបានចូលស្រុកតាមផែនការ៩វិច្ឆិកាឡើយ៕  
 

Tag:
 កឹម សុខា
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com