ជាតិ
៥ខែនេះ ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាម​ ថយចុះជាង៤០ភាគរយ
16, Jun 2022 , 7:59 am        
រូបភាព
រូបពី សមាគមស្វាយចន្ទីកម្ពុជា
រូបពី សមាគមស្វាយចន្ទីកម្ពុជា
ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះយ៉ាងគំហុក។ ជាក់ស្ដែង រយៈពេល ៥ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៥៧ម៉ឺនតោនទៅកាន់ប្រទេសវៀតណាម ថយចុះ៤៤ភាគរយ។


យោងតាមរបាយការណ៍របស់ សមាគមស្វាយចន្ទីកម្ពុជា រយៈពេល៥ខែចុងក្រោយនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ទៅវៀតណាមចំនួន ៥៧៤ ៣៥៩តោន គិតជាទឹកប្រាក់ជាង ៨៦៥លានដុល្លារ ថយចុះ៤៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ 
 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ការថយចុះទិន្នផលស្វាយចន្ទីនេះ បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យគ្រាប់ស្វាយចន្ទីធ្លាក់គុណភាព។ ស្វាយចន្ទីជាដំណាំសក្ដានុពលរបស់កម្ពុជា ហើយដំណាំប្រភេទនេះត្រូវពឹងផ្អែកទាំងស្រុងលើអាកាសធាតុ ដូច្នេះ ប្រសិនបើ ការប្រែប្រួលអាកាសធាតុនៅតែអូសបន្លាយទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ផលចន្ទីនៅឆ្នាំបន្ទាប់ទៀត។
 
កត្តាប្រែប្រួលអាកាសធាតុ គួបផ្សំជាមួយជីថ្នាំកសិកម្មឡើងថ្លៃ នឹងធ្វើឱ្យកសិករមួយចំនួនបាក់ទឹកចិត្ត បោះបង់ការដាំស្វាយចន្ទី ទៅប្រកបរបរ ឬដាំដុះដំណាំផ្សេងវិញ។ លោក ស៊ីឡុត បន្ថែមដូច្នេះថា៖«ចន្ទីនៅរដូវផ្កាផ្លែ មិនត្រូវការទឹកភ្លៀងនោះទេ អ៊ីចឹង ប្រសិនបើ ភ្លៀងនៅតែបន្តធ្លាក់នឹងធ្វើឱ្យធ្លាក់ទិន្នផល និងគុណភាព។ មូលហេតុទាំងនេះ នឹងធ្វើឱ្យកសិករបាក់ទឹកចិត្ត ហើយឥឡូវ យើងឃើញមានកសិករខ្លះកាប់ដើមចន្ទីចោលខ្លះហើយ ងាកទៅដាំដំណាំផ្សេងវិញ»៕ 
 
 
 
 
 

Tag:
 គ្រាប់ស្វាយចន្ទី
  សមាគមស្វាយចន្ទីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com