ជាតិ
លោក អ៊ិត សំហេង៖ TVET DAY រួមចំណែកប្រែក្លាយកម្ពុជា ជាប្រទេសសម្បូរ​​ធនធានមនុស្សជំនាញ​
16, Jun 2022 , 11:24 am        
រូបភាព
ភ្នំពេញ ៖ ក្រសួងការងារ បានប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY)លើកទី៥ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២​នេះ នៅមជ្ឍមណ្ឌលពិព័ណ៌ពាណិជ្ជកម្មកោះពេជ្រ។ TVET DAY ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់ ។

 
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់នៅក្នុងទិវានេះថា TVET DAY នាឆ្នាំនេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឱ្យកម្ពុជា ប្រែក្លាយជាប្រទេសមួយសម្បូរធនធានមនុស្ស ប្រកបដោយកម្លាំងពលកម្មជំនាញ ចំណេះដឹង សមត្ថភាព ជំនាញ សីលធម៌វិជ្ជាជីវៈ និងផលិតភាពខ្ពស់។ 
 
តាមរយៈទិវានេះ លោករដ្ឋមន្ត្រីក៏រំពឹងដែរថា កម្ពុជា នឹងក្លាយជា​ប្រទេសដែលមានសក្តានុពល ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក ជាពិសេសក្រុមហ៊ុនផលិតធំៗឱ្យមកវិនិយោគនៅកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីរួមចំណែកក្នុងការបង្កើនប្រាក់ចំណូល ការបង្កើតការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ 


 
លោក អ៊ិត សំហេង មានប្រសាសន៍បន្តថា៖« ការរៀបចំទិវាជាតិនេះ ក្រៅពីផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីសារសំខាន់ នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការណែនាំមុខជំនាញបច្ចេកទេស និងព័ត៌មានអាហារូបករណ៍ និងព័ត៌មានការងារ ជំរុញការផ្លាស់ប្តូរផ្នត់គំនិតរបស់សិស្សានុសិស្ស យុវជន កម្មករនិយោជិត និងមហាជនទូទៅ ឱ្យមើលឃើញពីតម្លៃ និងងាកមកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ព្រមទាំងការធានាជាមុនសឹងតែពេញលេញ ក្នុងការទទួលបានការងារធ្វើប្រកបដោយប្រាក់ចំណូលល្អសមរម្យ។»។ 
 
បើតាម លោក អ៊ិត សំហេង  ​ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ​លើកទី៥ ​ គឺជាការបង្ហាញឱ្យឃើញ អំពីការខិតខំប្រឹងប្រែងរួមគ្នាជាចលនាជាតិមួយ ដើម្បីពង្រីកការយល់ដឹងអំពីតួនាទី និងសារសំខាន់ចាំបាច់ របស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ​
 
​គួរកត់សម្គាល់ថា ក្នុងទិវាជាតិនាឆ្នាំនេះ ក៏មានការដាក់តាំងបង្ហាញសមិទ្ធផលនវានុវត្តន៍ និងការបង្កើតថ្មីដែលមានភាពលេចធ្លោ ដោយការប្រើប្រាស់ការច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗ ដូចជាការបង្ហោះដ្រូនជាក្រុមចំនួន១៥០ រ៉ូបូតដែលមានបញ្ញាសិប្បនិម្មិត(AI)កាន់តែខ្ពស់ និងអាចទំនាក់ទំនងជាមួយមនុស្ស ដែលជាស្នាដៃផ្ទាល់របស់សិស្ស និស្សិតផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ 
 



នេះគឺជាលើកទី៥ហើយ ដែលកម្ពុជាបានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ ទិវានេះ ប្រារព្ធឡើងក្នុងគោលបំណង​លើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹងពីសារសំខាន់ នៃការអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅស្រុក។ ទិវានេះ បាន និងកំពុងរៀបចំប្រារព្ធក្នុងពេលដំណាលគ្នា នៅគ្រប់បណ្តារាជធានី ខេត្ត ដោយមានការចូលរួមយ៉ាងផុលផុស គ្រប់ភាគីពាក់ព័ន្ធនានា ហើយត្រូវបានប៉ាន់ស្មាន​ថា នឹងមានអ្នកចូលរួមផ្ទាល់ ប្រមាណជាង ៦ម៉ឺននាក់ ដែលវាជាការរៀបចំកម្មវិធីធំមួយ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទូទាំងប្រទេស ក្រោយ​វិបត្តិ​កូវីដ-១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com