ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន ជាង១,៤ម៉ឺន បានចុះបញ្ជីតាមថ្នាលព័ត៌មានវិទ្យា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖MEF
× ភ្នំពេញ៖ ២ឆ្នាំមកនេះ មានក្រុមហ៊ុនជាង១៤០០ កន្លែង បានទទួលការអនុម័តក្នុងការចុះបញ្ជីតាមថ្នាលព័ត៌មានវិទ្យា ក្រោយរដ្ឋាភិបាលដាក់ឱ្យអនុវត្តតាមឌីជីថលនេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនទាំងនេះ មានទុនវិនិយោគ ៤ ៦៧០លានដុល្លារ។
មានក្រុមហ៊ុនចំនួន១៤ ៦៧៦ ត្រូវបានអនុម័តតាមការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលក្រុមហ៊ុនទាំងនេះ មានទុនវិនិយោគសរុបប្រមាណ៤ ៦៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល២ឆ្នាំ។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ក្រុមហ៊ុនចុះបញ្ជី ហើយមានទុនវិនិយោគច្រើនជាងគេ គឺជាវិស័យសាងសង់ ដោយមានរហូតដល់២១,៦ភាគរយ ។
បន្ទាប់មកវិស័យកម្មន្តសាលមាន១៨ភាគរយ ,វិស័យនំាចេញ-នាំចូល ទិញលក់ ជួសជុលយានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទ មាន១៥,៤ភាគរយ , វិស័យអចលនវត្ថុមាន១៤,៦ភាគរយ , វិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង មាន៧,៤ភាគរយ និងវិស័យផ្សេងៗមាន ២២,៩ភាគរយ។
ថ្នាលព័ត៌មានវិទ្យានេះ បានអនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះ ចុះបញ្ជីនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធនានា តាមប្រភេទអាជីវកម្ម ដោយចំណាយពេលត្រឹម៨ថ្ងៃ ប៉ុណ្ណោះ។ ក្នុងនោះមាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
សម្រាប់ករណីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធុរជនក៏អាចស្នើសុំចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈថ្នាល់ឌីជីថលនេះបានដែរ។
គួរបញ្ជាក់ថា ការដាក់ឲ្យដំណើរការ«ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន»នេះ គឺជាការឆ្លើយតបទៅនឹងការត្អូញត្អែររបស់ធុរជន ជុំវិញនីតិវិធីសាំញាំច្រើនកន្លងមក ហើយត្រូវការចំណាយពេលវេលាយូរ និងចំណាយអស់ប្រាក់ច្រើន ទម្រាំបានលិខិតគតិយុត្តិសម្គាល់អាជីវកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com