ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាម៉េរិក ប្រកាសថា គាំទ្រប្រជាជនខ្មែរជានិច្ច ដែលប្រាថ្នាចង់បានប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
16, Jun 2022 , 5:35 pm        
រូបភាព
សមត្ថកិច្ច ចាប់អ្នកនាង សេង ធារី នៅមុខតុលាការភ្នំពេញ ក្រោយពីសាលក្រមស្តីពីការកាត់ទោសអ្នកនាង និងអ្នកផ្សេងទៀត ត្រូវបានប្រកាសរួច កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ អ្នកនាង តែងខ្លួនដូចរូបសំណាកតំណាងសេរីភាព នៅអាម៉េរិក ពេលអ្នកនាង ទៅចូលរួមស្តាប់ការប្រកាសសាលក្រម។ រូបពី AFP
សមត្ថកិច្ច ចាប់អ្នកនាង សេង ធារី នៅមុខតុលាការភ្នំពេញ ក្រោយពីសាលក្រមស្តីពីការកាត់ទោសអ្នកនាង និងអ្នកផ្សេងទៀត ត្រូវបានប្រកាសរួច កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ អ្នកនាង តែងខ្លួនដូចរូបសំណាកតំណាងសេរីភាព នៅអាម៉េរិក ពេលអ្នកនាង ទៅចូលរួមស្តាប់ការប្រកាសសាលក្រម។ រូបពី AFP
ក្រោយតុលាការកម្ពុជា កាត់ទោសអ្នកមាននិន្នាការប្រឆាំងជិត៦០នាក់ ក្នុងសំណុំរឿងតែមួយ សហរដ្ឋអាម៉េរិក បានផ្ញើសារមកថា ខ្លួន បន្តគាំទ្រប្រជាជនកម្ពុជា ដែលចង់បានប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកឡើងថា តុលាការ កាត់ទោសក្នុងសំណុំរឿងនេះ ទៅតាមច្បាប់។



មិនត្រឹមតែស្ថានទូតខ្លួនប្រចាំកម្ពុជាទេ ក្រសួងការបរទេសអាម៉េរិក ក៏បានប្រតិកម្មទៅកាន់តុលាការកម្ពុជាដែរ ចំពោះការកាត់ទោសអ្នកប្រឆាំងជិត៦០នាក់ ដោយក្នុងនោះ មានទាំងអ្នកនាង សេង ធារី ជាមេធាវីអន្តរជាតិ ដែលមានសញ្ជាតិអាម៉េរិក។ ក្រសួងការបរទេសអាម៉េរិក ហៅការកាត់ទោសទ្រង់ទ្រាយធំនេះ ថាជាគំរូនៃការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញលើភាគីប្រឆាំង ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។

ក្រសួងការបរទេសអាម៉េរិក យល់ថា ប្រជាជនកម្ពុជា គ្រប់រូប គួរតែអាចអនុវត្តសិទ្ធិរបស់ខ្លួនបាន ដូចជា សិទ្ធិបញ្ចេញមតិ សិទ្ធិប្រមូលផ្តុំ និង សិទ្ធិជ្រើសរើសមេដឹកនាំ ជាអាទិ៍។ បន្ថែមពីនេះ ក្រសួងការបរទេសនៃប្រទេសមហាអំណាចមួយនេះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ការពារសិទ្ធិទាំងអស់នេះ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងក្នុងកាតព្វកិច្ចអន្តរជាតិ។

ក្រសួងការបរទេសអាម៉េរិក ប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា៖«សហរដ្ឋអាម៉េរិក ឈរនៅជាមួយប្រជាជនកម្ពុជា និងនៅតែគាំទ្រជាប់ជានិច្ចដល់ប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បានប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចាត់ទុកប្រតិកម្មរបស់ក្រសួងការបរទេសអាម៉េរិក ឬប្រតិកម្មរបស់ប្រទេសផ្សេងទៀត លើករណីកាត់ទោសមនុស្សជិត៦០នាក់នេះ ថាជាសិទ្ធិរបស់ពួកគេ។ ប៉ុន្តែ លោក បញ្ជាក់ថា ការកាត់ទោសនេះ គឺតុលាការ ធ្វើទៅតាមអង្គហេតុ អង្គច្បាប់ និងមានភស្តុតាង។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះថា៖«យើង អនុវត្តផ្លូវច្បាប់ អត់មានរឿងនយោបាយ លាយឡំក្នុងសាច់រឿងហ្នឹងទេ»។

តុលាការភ្នំពេញ បានប្រកាសសាលក្រមស្តីពីការកាត់ទោសមនុស្សជិត៦០នាក់នោះ កាលពីពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ហើយក្រោយការប្រកាសសាលក្រមនេះតែបន្តិចប៉ុណ្ណោះ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ក៏បង្ហោះសារខ្លីលើទំព័រហ្វេសប៊ុក ដើម្បីបង្ហាញប្រតិកម្មរបស់ខ្លួន។ ឯសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិក ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ គឺក្រោយ១ថ្ងៃនៃការប្រកាសសាលក្រម។ សាររបស់ស្ថានទូតអាម៉េរិក និងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិក សុទ្ធតែទាមទារឲ្យតុលាការកម្ពុជាដោះលែងអ្នកនាង សេង ធារី រួមទាំងអ្នកផ្សេងទៀតឲ្យមានសេរីភាពវិញ។

លោក ផៃ ស៊ីផាន និយាយស្រដៀងសម្តីរបស់លោកខាងលើដែរថា ការទារទារឲ្យដោះលែងអ្នកទាំងនោះ គ្រាន់តែជាការលើកឡើងរបស់អាម៉េរិកប៉ុណ្ណោះ តែការកាត់ទោសនេះ គឺជាសិទ្ធិអំណាចរបស់តុលាការកម្ពុជា។

អត្ថបទទាក់ទង


ក្នុងចំណោមមនុស្សទាំង៦០នាក់នោះ មិនមែនមានតែសកម្មជន និងអ្នកគាំទ្រទេ សូម្បីមេដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ក៏មានដែរ ដូចជា លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក អ៊ុំ សំអាន និង លោក ឡុង រី ជាដើម។ មេដឹកនាំទាំងនេះ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ។ ឯអ្នកផ្សេងទៀត ដែលជាសកម្មជន ឬជាអ្នកគាំទ្រ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំខ្លះ និង៦ឆ្នាំខ្លះ។ ចំពោះទោស៥ឆ្នាំ គឺត្រូវព្យួរ ដែលមានន័យថា មិនជាប់ពន្ធនាគារឡើយ។

អ្នកនាង សេង ធារី ស្ថិតក្នុងចំណោមអ្នកដែលត្រូវជាប់ទោស៦ឆ្នាំ។ អ្នកនាង ត្រូវសមត្ថកិច្ចចាប់ខ្លួននៅមុខតុលាការភ្នំពេញ និងដឹកយកទៅពន្ធនាគារព្រៃសភ្លាមៗ ក្រោយពីសាលក្រមត្រូវបានប្រកាសរួច។

អ្នកទាំងអស់ខាងលើ ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារពួកគេ ត្រូវបានរកឃើញថា ជាប់ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី ខ្លួនឯង ដែលជាអ្នករៀបចំផែនការ៩វិច្ឆិកា ក៏ត្រូវជាប់ពីបទរួមគំនិតក្បត់ជាតិនេះដែរ។

ក្រៅពីអាម៉េរិក ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ក៏បាននិយាយពីការកាត់ទោសមនុស្សជាលក្ខណៈទ្រង់ទ្រាយធំនេះដែរ តែមិននិយាយច្រើននោះទេ។ លើទំព័រហ្វេសប៊ុក ស្ថានទូតអាល្លឺម៉ង់ ផ្តល់ព័ត៌មានថា តុលាការភ្នំពេញ បានប្រកាសសាលក្រមស្តីពីការកាត់ទោសនេះ ហើយក៏ភ្ជាប់ជាមួយនឹងការអំពាវនាវរបស់ខ្លួនថា៖«អាល្លឺម៉ង់ ​អំពាវនាវ​ឲ្យ​មានការគោរព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និងសិទ្ធិសេរីភាពនៃការប្រមូលផ្តុំដោយ​សន្តិវិធី»។

សារព័ត៌មានបរទេសល្បីៗជាច្រើន ដូចជា CNN, BBC, ABC, Reuters, The Washington Post, Al Jazeera, The Guardian ។ល។ សុទ្ធតែចុះផ្សាយពីការកាត់ទោសមនុស្សជិត៦០នាក់នេះ ជាពិសេសផ្តោតខ្លាំងលើតួអង្គអ្នកនាង ធារី ដែលជាខ្មែរ-អាម៉េរិក៕

Tag:
 អាម៉េរិក
  សេង ធារី
© រក្សាសិទ្ធិដោយ thmeythmey.com