ជាតិ
សេដ្ឋកិច្ច
កម្ពុជា សង្ឃឹមថា ហុងកុងនឹងវិនិយោគលើគម្រោងជាង ៣០០ ក្នុងទំហំទឹកប្រាក់ ៥០ ពាន់លានដុល្លារ
17, Jun 2022 , 2:05 pm        
រូបភាព
 រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ពិភាក្សាជាមួយលោក Sheung Yuen Lee គណៈប្រតិភូការិយាល័យពាណិជ្ជកម្មហុងកុង ប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៦ មិថុនា ២០២២ នាទីស្តីការក្រសួង។ (រូបពីហ្វេសប៊ុកក្រសួង)
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ពិភាក្សាជាមួយលោក Sheung Yuen Lee គណៈប្រតិភូការិយាល័យពាណិជ្ជកម្មហុងកុង ប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៦ មិថុនា ២០២២ នាទីស្តីការក្រសួង។ (រូបពីហ្វេសប៊ុកក្រសួង)
ដោយ ៖ ធន់ សេងហុង 
 
កម្ពុជា មានគម្រោងអភិវឌ្ឍន៍ ចំនួន៣៣០ ដែលត្រូវការអ្នកដាក់ទុនវិនិយោគ។ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបង្ហាញគម្រោងអភិវឌ្ឍន៍ទាំងនេះ ដល់លោក Sheung Yuen Lee គណៈប្រតិភូការិយាល័យពាណិជ្ជកម្មហុងកុង ប្រចាំទីក្រុងបាងកក ប្រទេសថៃ ក្នុងជំនួបពិភាក្សាគ្នា កាលពីថ្ងៃទី១៦ មិថុនា។



លោក ស៊ុន​ ចាន់ថុល បានបញ្ជាក់ថា ការអភិវឌ្ឍគម្រោងទាំងនេះ ត្រូវការទុនវិនិយោគប្រមាណ៥០ពាន់លានដុល្លារ និងត្រូវអនុវត្តក្នុងរយៈពេល១០ឆ្នាំ លើការរួមចំណែកបង្កើនឧត្តមភាពប្រកួតប្រជែងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូនកម្ពុជា។ រដ្ឋមន្រ្តីក្រសួងសាធារណការ សង្ឃឹមថា ប្រតិភូការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង នឹងចាប់អារម្មណ៍លើការដាក់ទុនវិនិយោគលើគម្រោងទាំងនេះ។
  

លោក ស៊ុន​​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។ រូបថត ៖ MPWT ។

គោលបំណងជំនួបរវាងប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនេះ ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយការវាយតម្លៃពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគឱ្យបានទូលំទូលាយនៅកម្ពុជា។ 
 
តាមរយៈជំនួបនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិត ផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ដែលមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន ការកសាងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជាជាដើម។
 
រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃការរៀបចំផែនការមេភស្តុភារកម្ម ដែលនឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលនាពេលខាងមុខនេះផងដែរ។ 
 
សូមជម្រាបថា ហុងកុង គឺជាតំបន់ដែលមានទំហំពាណិជ្ជកម្មច្រើនលំដាប់ទី១០ ជាមួយកម្ពុជា ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រយៈពេល៤ខែ ឆ្នាំ២០២២នេះ មានទឹកប្រាក់ ៣៧៣,១លានដុល្លារ ​។ ទំហំនេះ បានកើនឡើងរហូតដល់ ៧៦,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ២១១,៧លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
 

លោក Sheung Yuen Lee គណៈប្រតិភូការិយាល័យពាណិជ្ជកម្មហុងកុង ប្រចាំទីក្រុងបាងកក ប្រទេសថៃ


Tag:
 ហុងកុង
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com