ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប ប្តឹងលោក សុន ឆ័យ មួយជាន់ទៀត បន្ថែមពីលើបក្សកាន់អំណាច
17, Jun 2022 , 5:29 pm        
រូបភាព
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និយាយក្នុងយុទ្ធនាការឃោសនារកសំឡេង សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និយាយក្នុងយុទ្ធនាការឃោសនារកសំឡេង សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ រូបពីហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា គឺគណៈកម្មាធិជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ លោក ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងលោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប ធ្វើជាតំណាងគ.ជ.ប ក្នុងការសរសេរបណ្តឹង ដាក់ទៅអយ្យការអមតុលាការភ្នំពេញ។


ក្នុងបណ្តឹង ដែលធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ គ.ជ.ប ទាមទារឲ្យតុលាការ ដាក់ទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។ បន្ថែមពីនេះ គ.ជ.ប សំណូមពរដល់តុលាការទៀតថា ត្រូវឲ្យលោក សុន ឆ័យ សុំទោសគ.ជ.ប ជាលាយលក្ខណ៍អក្សរ និងជាសាធារណៈ។ ប៉ុន្តែ ក្នុងពាក្យបណ្តឹង គ.ជ.ប ពុំបានទាមទារឲ្យលោក សុន ឆ័យ បង់ប្រាក់នោះទេ។
 
បទសម្ភាសរបស់លោក សុន ឆ័យ ជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ជុំវិញភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ គឺជាអង្គហេតុ ដែលគ.ជ.ប យកមកធ្វើជាបណ្តឹង។ 
 
ពាក្យរបស់លោក សុន ឆ័យ៖«លទ្ធផលហ្នឹង មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋទេ។ វា មានការបំភ័យ វា មានការទិញ វា មានការលួច បានវាសល់ប៉ុណ្ណឹង»។  
 
«គេ មានបច្ចេកទេស គេ មានភស្តុតាង គេ មានប្រធានភូមិនៅណា កត់ត្រាអ្វីខ្លះ ទាហាននៅត្រង់ណា ក្បែរកន្លែងបោះឆ្នោតយកទាហានឲ្យដើរគគ្រឹកគគ្រេងទាំងយប់ ធ្វើអ្វីខ្លះហ្នឹង គេដឹង ដូច្នេះ ខ្ញុំថា វា អត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ […]»។ នេះក៏ជាពាក្យរបស់លោក សុន ឆ័យ ដែរ។ 
 
ខាងលើនេះ គឺជាពាក្យខ្លះៗរបស់លោក សុន ឆ័យ ដែលគ.ជ.ប ស្រង់ចេញពីបទសម្ភាសរបស់ ឌឹ ខេមបូឌា ដេលី បញ្ជូលទៅក្នុងបណ្តឹង ដើម្បីជម្រាបដល់អយ្យការ។ 
 
គ.ជ.ប សរសេរដូច្នេះថា៖«ផ្អែកតាមខ្លឹមសារ ដែលឈ្មោះ សុន ឆ័យ បានឆ្លើយក្នុងបទសម្ភាសខាងលើ ឈ្មោះ សុន ឆ័យ បានចោទប្រកានបំភ្លៃខុសការពិត […]។ ការលើកឡើងនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចការងារ ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។ 
 
លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន ឆ្លើយតបថា គ.ជ.ប ជាអាជ្ញាកណ្តាល ដែលត្រូវធ្វើការដោយឯករាជ្យ ដូច្នេះ មិនគួរជ្រើសរើសយកការប្តឹងឡើយ។ ផ្ទុយមកវិញ លោក យល់ថា គ.ជ.ប គួរជ្រើសរើសយកការសហការគ្នា ទើបប្រសើរជាង។ លោក បន្តថា ពេលមានការរិះគន់ពីភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត គ.ជ.ប គួរជជែកជាមួយភាគីដែលរិះគន់នោះ តាមរយៈកម្មវិធីនានា ដូចជា ការធ្វើសិក្ខាសាលា ជាដើម។
 
អ្នកនាំពាក្យគណបក្សភ្លើងទៀនរូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«សូម្បីតែគ.ជ.ប ក៏ប្តឹងដែរ ខ្ញុំ កប់យោបល់ហើយ»។  
 
កាលពីថ្ងៃទី១៣ ខែមិថុនា គណបក្សប្រជាជនកម្ពុជា ដែលមានលោក គី តិច ធ្វើជាមេធាវីការពារក្តី ដាក់បណ្តឹងទៅអយ្យការអមតុលាការភ្នំពេញ ដើម្បីប្តឹងលោក សុន ឆ័យ។
លើសពីគ.ជ.ប គណបក្សប្រជាជនកម្ពុជា មិនត្រឹមទាមទារឲ្យតុលាការ ផ្តន្ទាទោសលោក សុន ឆ័យ ឡើយ តែនៅទាមទារឲ្យលោក បង់ប្រាក់ដល់ទៅជិត១លានដុល្លារ សម្រាប់ជាការសងជំងឺចិត្ត។ 
 
មូលហេតុ ដែលលោក សុន ឆ័យ រងបណ្តឹងពីគណបក្សកាន់អំណាច ក៏ដោយសារការធ្វើអត្ថាធិប្បាយរបស់លោក ក្នុងបទសម្ភាសជាមួយ ឌឹ ខេមបូឌា ដេលី ដែរ។ ដូចគ.ជ.ប គណបក្សកាន់អំណាច បានប្រាប់អយ្យការថា មិនអាចទទួលយកបានចំពោះសម្តីរបស់លោក សុន ឆ័យ ពិសេសត្រង់ដែលលោក និយាយថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិនេះ ត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាចទាំងស្រុង ហើយគេ ចង់ធ្វើអ្វីក៏បាន។ 
 
មុនគណបក្សកាន់អំណាច ដាក់ពាក្យប្តឹង លោក សុន ឆ័យ បានចេញពីកម្ពុជា ទៅកាន់អូស្រ្តាលី កាលពីថ្ងៃទី១១ ខែមិថុនា។ លោក ថាច់ សេដ្ឋា ប្រាប់សារព័ត៌មានថ្មីៗថា លោក នៅតែមិនទាន់ដឹងថា លោក សុន ឆ័យ នឹងមកកម្ពុជាវិញ នៅពេលណានោះទេ។ 
 
លទ្ធផលក្រៅផ្លូវការ បានឲ្យដឹងថា ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាង៩,៣ពាន់ ហើយគណបក្សភ្លើងទៀន ទទួលបានជាង២ពាន់អាសនៈ៕ 
 

Tag:
 សុន ឆ័យ
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com