កីឡាជាតិ
ជាតិ
លោក ប៉ូ គីនណាក់៖ ខ្ញុំមិនអាចបំភ្លេចឈ្មោះក្លិបដែលខ្ញុំ​ខំកសាងពីបាតដៃទទេនោះឡើយ
18, Jun 2022 , 3:59 pm        
រូបភាព
ភ្នំពេញហ្គាឡាក់ស៊ីលើកពានសម្ដេច ហ៊ុន សែន លើកទី១៦ ថ្នាក់ខេត្ត
ភ្នំពេញហ្គាឡាក់ស៊ីលើកពានសម្ដេច ហ៊ុន សែន លើកទី១៦ ថ្នាក់ខេត្ត
ភ្នំពេញហ្គាឡាក់ស៊ី ម្ចាស់ជើងឯកពានសម្ដេច ហ៊ុន សែន លើកទី១៦ (ថ្នាក់ខេត្ត) មានដើមកំណើតចេញពីក្លិប Sporting Galaxy។ ក្លិប Sporting Galaxy មានទីតាំងនៅខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងបាន១៤ឆ្នាំ ដោយបានប្រកួតតំណាងឲ្យខេត្តមួយចំនួន ហើយយកឈ្មោះខេត្តទាំងនោះជាឈ្មោះប្រកួតក្នុងពានសម្ដេចហ៊ុន សែន។


 
លោក ប៉ូ គីនណាក់  អ្នកចាត់ការទូទៅក្លិបភ្នំពេញហ្គាឡាក់ស៊ីបានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ពីប្រវត្តិរបស់ក្លិប ដោយមានឈ្មោះដើមថា Sporting Galaxy ដែលមានទីតាំងនៅខេត្តបាត់ដំបង។
 
គិតត្រឹមឆ្នាំ២០១៧ Sporting Galaxy បានឈ្នះពានរង្វាន់ប្រចាំខេត្តបាត់ដំបង។ ជ័យជំនះនេះ ធ្វើឲ្យមន្ទីរអបរំខេត្តបាត់ដំបង ជ្រើសរើសក្រុមនេះ ធ្វើជាតំណាងខេត្តប្រកួតក្នុងពានសម្ដេច ហ៊ុន សែន ដោយប្រើឈ្មោះ ខេត្តបាត់ដំបងទៅប្រកួត។
 
ចូលមកឆ្នាំបន្ទាប់ ក្នុងឆ្នាំ២០១៩ ក្រុមនេះ ត្រូវប្រកួតតំណាងឲ្យខេត្តពោធិ៍សាត់ ២ឆ្នាំ ដោយដាក់ឈ្មោះ ខេត្តពោធ៍ក្នុងការប្រកួតពានសម្ដេច នាឆ្នាំ២០១៩ និង ឆ្នាំ២០២០។ ដោយឡែកឆ្នាំ២០២១និង ឆ្នាំ២០២២ Sporting Galaxy បានប្រកួតឲ្យរាជធានីភ្នំពេញ ហើយប្រើឈ្មោះថា ភ្នំពេញហ្គាឡាក់ស៊ី ដោយរក្សា ឈ្មោះក្រុមដើមនៅទីតាំងដើមនៅខេត្តបាត់ដំបង។ 
 
មូលហេតុ ដែល ក្លិបត្រូវប្ដូឈ្មោះ ទៅតាមខេត្តនោះ គឺដោយសារពានរង្វាន់នេះ រាជធានីខេត្ត តម្រូវឲ្យមានតំណាងក្លិបតែមួយ ដែលអាចចូលប្រកួតបាន។ ឈ្មោះនេះ ប្រើតែក្នុងពានរង្វាន់សម្ដេចទេ តែឈ្មោះសម្រាប់ក្លិបដើម គឺ Sporting Galaxy។
 
អ្នកចាត់ការទូទៅ បញ្ជាក់ថា ក្លិប នៅតែរក្សាឈ្មោះដើម ម្យ៉ាងវិញទៀតក្លិបមានទីតាំងមូលដ្ឋាន និងកីឡដ្ឋានច្បាស់លាស់ នៅក្នុងខេត្តបាត់ដំបង។ ជាពិសេស យើងមានទីតាំងហ្វឹកហាត់របស់សិស្ស និងថ្នាល់របស់ក្លិប។ 
 
«ខ្ញុំ មិនអាចបំភ្លេចឈ្មោះដើមរបស់ក្លិបខ្ញុំបានទេ ដោយខ្ញុំខំកសាងក្លិបនេះតាំងពីបាតដៃទទេ អស់រយៈពេលយូរឆ្នាំ។ ក្លិបប្រកាន់គោលការណ៍ មិនបោះបង់ឈ្មោះដើមចោលទេ។ អ្នកចាត់ការក្លិបថា ប្រសិនបើមានលក្ខ័ណណាឲ្យប្រើឈ្មោះដើមក្លិបយើង យើង នឹងប្រើឈ្មោះ Sporting Galaxy។»។ លោក ប៉ូ គីនណាក់  បានប្រាប់ដូចនេះ។
 
គួរបញ្ជាក់ផងដែរថា ក្លិបភ្នំពេញហ្គាឡាក់ស៊ី ឬSporting Galaxy មានបំណងត្រឹមតែប្រកួតក្នុងពានសម្ដេច ហ៊ុន សែន ហើយមិនដែលគិត ចូលរួមប្រកួតក្នុងលីគកំពូល និងលីគ២ទេ ព្រោះដោយសារ បញ្ហាលក្ខណៈវិនិច្ឆ័យច្រើន ដូចនេះអ្នកចាត់ការទូទៅក្លិបរូបនេះ គ្រាន់តែប្រាប់ថា ខ្ញុំគ្មានចំណាប់អារម្មណ៍ចូលរួមប្រកួត លីគ២ ឬលីគកំពូលទេ៕
 

Tag:
 បាល់ទាត់
  ភ្នំពេញហ្គាឡាក់ស៊ី
  Sporting Galaxy
© រក្សាសិទ្ធិដោយ thmeythmey.com