ជាតិ
សម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប ដែលនាំទៅអាម៉េរិកខុសច្បាប់​ ត្រូវបានបញ្ជូនមកកម្ពុជាវិញហើយ
18, Jun 2022 , 7:59 pm        
រូបភាព
រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ភ្នំពេញ៖ សម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប ដែលបានលួចនាំចេញខុសច្បាប់ទៅប្រទេសអាម៉េរិក ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញហើយ នៅថ្ងៃទី១៥ ខែមិថុនានេះ។ សម្បត្តិវប្បធម៌ខ្មែរទាំងនោះ ត្រូវបានរឹបអូសដោយ ការិយាល័យរដ្ឋអាជ្ញានៃសង្កាត់ម៉ានហាថានក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក។ ការបញ្ជូនត្រឡប់មកវិញនេះ តាមអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា និងអាម៉េរិក ស្ដីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃវត្ថុបុរាណរបស់កម្ពុជា។

 
តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ សម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប ដែលបានលួចនាំចេញខុសច្បាប់ទៅប្រទេសអាម៉េរិក មានរូបបដិមាសំខាន់ៗមួយចំនួនក្នុងសម័យអង្គរ ដូចជា ព្រះពុទ្ធរូបគង់សមាធិលើនាគធ្វើពីសំរិទ្ធ,រូបព្រះឥសូរ និងរូបនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ជាដើម។ 

រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ 
 
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា សម្បត្តិវប្បធម៌ខ្មែរទាំងនោះជាព្រលឹងរបស់បុព្វបុរសខ្មែរច្រើនជំនាន់ បានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយនាសម័យសង្រ្គាម និងអសន្ដិសុខកន្លងមក។


រូបភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ 
 
 
ក្រោយបញ្ជូនត្រឡប់មកវិញ សម្បត្តិវប្បធម៌ខ្មែរទាំងនោះ នឹងរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមអ្នកជំនាញពិនិត្យវាយតម្លៃ សម្អាត ជួសជុល សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលសមស្របណាមួយ៕
 
 

Tag:
 សម្បត្តិវប្បធម៌ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com