សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឡាវផ្តល់កម្ចីដល់ស្ថានីយប្រេងឥន្ធនៈរដ្ឋ ទិញប្រេងសាំង ២០០លានលីត្រ
×
ដោយ ៖ ធន់ សេងហុង
ឡាវកំពុងជួបវិបត្តិខ្វះប្រេងឥន្ធនៈ និងអតិផរណាប្រាក់គីប ដោយសារឥទ្ធិពលនៃវិបត្តិរុស្ស៊ី-អ៊ុយក្រែន និងជំងឺកូវីដ-១៩។ កាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋាភិបាល បានចាត់វិធានការណ៍បន្ទាន់មួយ ក្នុងការផ្តល់កម្ចីសម្រាប់សហគ្រាសប្រេងឥន្ធនៈរដ្ឋឡាវ ដើម្បីទិញប្រេងឥន្ធនៈចំនួន ២០០លានលីត្រដើម្បីបំពេញតម្រូវការក្នុងស្រុករយៈពេល៣ខែ ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ឡាវបានជួបនូវវិបត្តិធំៗចំនួនពីរគឺអតិផរណារូបិយប័ណ្ណក្នុងស្រុកដែលអត្រាប្តូរប្រាក់គីបរបស់ឡាវបានធ្លាក់ចុះពី ៩ ៣៧០គីបក្នុង១ដុល្លាក្នុងខែកញ្ញា ឆ្នាំ២០២១ មកត្រឹម១៤ ៥៤៧គីបក្នុង១ដុល្លារនៅថ្ងៃនេះ និងវិបត្តិខ្វះប្រេងសាំងដែលអ្នកបើកបររថយន្តត្រូវបង្ខំចិត្តតម្រង់ជួរដើម្បីចាំចាក់សាំងជារៀងរាល់ថ្ងៃ។
វិបត្តិទាំងអស់នេះកើតឡើងពីការឡើងតម្លៃប្រេងពិភពលោកដោយសារផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន រួមជាមួយវិបត្តិជំងឺកូវីដ-១៩ រ៉ាំរ៉ៃដែលអូសបន្លាយពេលយ៉ាងយូរនៅក្នុងប្រទេសនេះផងដែរ ។
បណ្តាកាសែតក្នុងស្រុករបស់ឡាវដូចជា Vientiane Times, The Laotian Times បានចុះអត្ថបទជុំវិញកង្វល់របស់កសិកររស់នៅជនបទ។ អត្ថបទទាំងនោះភាគច្រើនបានរៀបរាប់ពីកង្វះខាតប្រេងសាំង ដែលកសិករកំពុងត្រូវការដើម្បីបំពេញនូវផលិតកម្មកសិកម្ម ហើយពួកគេបានដង្ហោយហៅរដ្ឋាភិបាលឱ្យចាត់វិធានការណ៍ជាបន្ទាន់ចំពោះការខ្វះខាតប្រេងសាំងដែលកំពុងតែបន្តនេះ ។
ឆ្លើយតបបញ្ហានេះ លោក Bounchom Oubonpaseuth រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវបានថ្លែងនៅក្នុងរដ្ឋសភាថា ៖ « រដ្ឋាភិបាលបានផ្តល់កម្ចីសម្រាប់សហគ្រាសប្រេងឥន្ធនៈរដ្ឋឡាវ ដើម្បីទិញប្រេងឥន្ធនៈប្រមាណ ២០០លានលីត្ររយៈពេល៣ខែបន្ទាប់»។ លោកបានសង្កត់ធ្ងន់ថា ៖ «ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនឹងមានប្រេងឥន្ធនៈគ្រប់គ្រាន់នៅទូទាំងប្រទេសចាប់ពីខែមិថុនា កក្កដា និងសីហា »។ នេះបើតាមកាសែត The Laotian Times ចុះថ្ងៃទី១៥ខែមិថុនា។
តម្លៃប្រងសាំងនៅប្រទេសឡាវឡើងថ្លៃមិនខុសពីកម្ពុជាប៉ុន្មានទេ ដែលក្នុងនោះក្នុងរដ្ឋធានីវៀងចន្ទន៍ ប្រេងឥន្ធនៈស៊ុបពែមានតម្លៃ២៨ ៤៣០គីប(ប្រមាណ៧៨០០រៀល)ក្នុងមួយលីត្រ ប្រេងសាំងធម្មតាមានតម្លៃ ២០ ១៦០គីប(ប្រមាណ៥៥០០រៀល) និងប្រេងម៉ាស៊ូតមានតម្លៃ២០ ២៦០គីប(ប្រមាណ៥៦០០រៀល)ក្នុងមួយលីត្រ។ នេះបើយោងតាមស្ថានីយ៍ប្រេងឥន្ធនៈPTTឡាវចុះថ្ងៃទី១៧មិថុនា។
សូមជម្រាបជូនថា នៅកម្ពុជាក៏មានការឡើងថ្លៃប្រេងសាំងផងដែរ។ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ដោយសាំងធម្មតាលក់តម្លៃ ៥ ៨០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតត្រូវលក់ ៦ ១០០រៀលក្នុងមួយលីត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com