ជាតិ
និស្សិតកម្ពុជា ជាង១ពាន់នាក់ ទៅសិក្សាកសិកម្ម នៅអ៊ីស្រាអែល ក្នុងរយៈពេល១៤ឆ្នាំ
19, Jun 2022 , 7:59 am        
រូបភាព
រូបពី ហ្វេសបុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្
រូបពី ហ្វេសបុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្
ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ ២០០៨មក កម្ពុជាបានបញ្ចូននិស្សិតចំនួន ១ ៤៦៩នាក់ទៅសិក្សាជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies Agriculture Capacity Building។ និស្សិតកម្ពុជា ដែលបានទៅសិក្សានៅអ៊ីស្រាអែល ភាគច្រើនត្រូវបានបណ្ដុះបណ្ដាលចំណេះដឹងបច្ចេកទេសកសិកម្មទាំងទ្រឹស្ដី និងការអនុវត្ត។


 
បើតាម លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទកសិកម្ម ១៤ឆ្នាំមកនេះ មាននិស្សិតសរុប ១៤៦៩នាក់ បានទៅសិក្សាជំនាញកសិកម្មនៅអ៊ីស្រាអែល ក្នុងរយៈពេល ១១ខែ។ នៅឆ្នាំ២០២១នេះ មាននិស្សិត ២០០នាក់ បានទៅសិក្សាលើមុខជំនាញចំនួន៩ រួមមាន ស្ដង់ដារកសិកម្មអន្តរជាតិ សេដ្ឋកិច្ចកសិកម្ម ការការពារដំណាំ គម្រោងស្រាវជ្រាវ ។ ការអភិរក្សធនធានដី  មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ  ការធ្វើកសិកម្មឈើហូបផ្លែ និងនិរន្តរភាពកសិកម្ម។ ជំនាញដែលត្រូវដាក់ឱ្យអនុវត្តនៅកសិដ្ឋានមានដូចជា ការចិញ្ចឹមមាន់ សាកវប្បកម្ម ការប្រមូលផល និងការវេចខ្ចប់ ដំណាំផ្កា ការបណ្ដុះផ្សិត និងគ្រាប់ពូជដើម។ 
 
ចំណែក ឆ្នាំ២០២២នេះ មាននិស្សិត ៣១៦នាក់ បានដាក់ពាក្យទៅសិក្សាជំនាញ់កសិកម្មនៅអ៊ីស្រាអែល បន្ថែមទៀត។ ប៉ុន្តែ លោក ង៉ោ ប៉ុនថាន បញ្ជាក់ថា ឆ្នាំនេះ កូតាដែលត្រូវជ្រើសរើសត្រឹមតែ ១០០នាក់ប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២១មានចំនួន ២០០នាក់។ 
 
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងជំនួប ជាមួយលោក Yaron Tamir នាយកប្រតិបត្តិក្រុមហ៊ុន Agrostudies ថា កម្មសិក្សាទៅកាន់អ៊ីស្រាអែលនេះ បានបង្កើនចំណេះដឹង និងបច្ចេកទេស ជាច្រើនដល់យុវជនកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។ 

លោក Yaron Tamir នាយកប្រតិបត្តិក្រុមហ៊ុន Agrostudies និងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងជំនួបពិភាក្សានាថ្ងៃទី១៣ មិថុនា 

ជាងនេះទៀត កម្មវិធីនេះ ក៏បានផ្ដល់ឱកាសនិស្សិតកម្ពុជា យល់ដឹងពីរបៀបរស់នៅ ការធ្វើការងារ វិន័យ និងជំនាញគ្រប់គ្រងកសិកម្មផងដែរ។ ជាក់ស្ដែង និស្សិតដែលបានត្រឡប់មកមាតុភូមិវិញ បានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មទំនើបៗ​ដែលពួកគេបានសិក្សាដល់កសិករផ្សេងទៀត។ អ្នកខ្លះកំពុងបម្រើការងារឱ្យក្រុមហ៊ុន និងខ្លះទៀត បើកអាជីវកម្មកសិកម្មដោយខ្លួនឯង។
 
ក្នុងជំនួបដដែល លោក វេង សាខុន ក៏បានស្នើឱ្យក្រុមហ៊ុន Agrostudies បង្កើនលទ្ធភាពនាំយកនិស្សិកម្ពុជាទៅសិក្សាជំនាញកសិកម្មនៅអ៊ីស្រាអែលបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការខ្វះខាតធនធានមនុស្សក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ន។ ជាពិសេស ជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានលក្ខណៈទំនើបកម្ម ប្រកួតប្រជែង និងការសិក្សារពីការប្រែប្រួលអាកាសធាតុផងដែរ។ 
 
ទន្ទឹមនេះ លោក Yaron Tamir នាយកប្រតិបត្តិក្រុមហ៊ុន Agrostudies ចង់ឃើញនិស្សិតកម្ពុជា យកជំនាញដែលបានរៀនទាំងនោះទៅបម្រើការងារក្នុងវិស័យកសិកម្ម ។ ទៅអនាគត ក្រុមហ៊ុន ចង់បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មកម្ពុជា ដោយប្រើប្រាស់និស្សិតដែលបានបញ្ចប់កម្មសិក្សាមកធ្វើជាគ្រូបង្គោល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មជូនដល់កសិករ។
 
បើតាមលោក Yaron Tamir កន្លងមក និស្សិតកម្ពុជា ទទួលបានការកោតសរសើរពីកសិករអ៊ីស្រាអែល ថាជានិស្សិតមានការតស៊ូ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងគោរពវិន័យ។ ដូចនេះ ចំពោះសំណើរឱ្យបង្កើនចំនួននិស្សិតឲ្យទៅធ្វើកម្មសិក្សានេះ នឹងត្រូវលើកឡើងនៅពេលឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ធ្វើដំណើមកបំពេញទស្សនកិច្ចនៅកម្ពុជានាខែនេះ ឬខែកក្កដាខាងមុខ៕ 
 
 

Tag:
 កសិកម្មអ៊ីស្រាអែល
  កសិកម្មទំនើប
© រក្សាសិទ្ធិដោយ thmeythmey.com