កីឡាជាតិ
ជាតិ
លោក លី ហៀង៖ យើងមិនត្រូវបញ្ឈប់ការអភិវឌ្ឍខ្លួនឯងទេ
× លោក លី ហៀងអគ្គលេខាធិការក្លិបភ្នំពេញក្រោន បានបញ្ចប់វគ្គសិក្សាគ្រប់គ្រងបាល់ទាត់ (Certificate of Football Management) នៅប្រទេសស្វីស កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ អគ្គលេខាធិការរូបនេះ លើកទឹកចិត្តដល់អ្នករួមអាជីព ជាពិសេសយុវជន ឲ្យបន្តអភិវឌ្ឍខ្លួនដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងប្រទេសជាតិ។
វគ្គសិក្សា ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) មានរយៈពេល៩ខែ ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ ខែមិថុនា ឆ្នាំ២០២២។ លោក លី ហៀង បានអភិវឌ្ឍខ្លួនជាមួយនឹងវិស័យបាល់ទាត់ ដោយមន្ដ្រីក្លិបភ្នំពេញក្រោនរូបនេះ ពង្រឹង និងអភិវឌ្ឍខ្លួនឯង ជាពិសេសទៀតនោះ លោកនឹងយកចំណេះដឹងទាំងនោះ ទៅរួមចំណែកពង្រឹងក្លិបឲ្យកាន់តែប្រសើទៀត។
រូបលោក លី ហៀង ក្នុងពេលទទួល សញ្ញាប័ត្រ ពី UEFA រូបពីក្លិបភ្នំពេញក្រោន
អគ្គលេខាធិការក្លិបរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា៖«យើង មិនត្រូវបញ្ឈប់ខ្លួនឯង ក៏ដូចជាការសិក្សា ព្រោះមានសារសំខាន់។ នៅក្នុងវិស័យបាល់ទាត់ ខ្ញុំ តែងតែចង់ឃើញនូវរូបភាពធំជាងអ្វី ដែលយើងកំពុងអភិវឌ្ឍ។ ក្នុងឱកាសណាមួយ គ្រប់គ្នាអាចរៀនបាន យើងគួរតែរៀន ឬក៏ធ្វើបន្ថែមទៀត ដើម្បីឲ្យចំណេះដឹងបាល់ទាត់របស់យើងកាន់តែប្រសើរ ព្រោះបាល់ទាត់កម្ពុជាត្រូវការអ្នកមានចំណេះដឹងបាល់ទាត់ច្រើន។»។
ក្នុងខ្លឹមសារខាងលើនេះ លោក លី ហៀង ក៏លើកទឹកចិត្តយុវជនឲ្យមានគោលដៅច្បាស់លាស់ហើយប្រឹងប្រែងធ្វើឲ្យបានល្អ។ «ការអប់រំមានសារសំខាន់ណាស់សម្រាប់អនាគតកម្ពុជា។
ប្រទេសយើងត្រូវការយើង ហើយត្រូវការមនុស្សដែលមានការអប់រំនិងចំណេះដឹងបន្ថែមទៀតដើម្បីទៅមុខបន្តទៀត។»។ នេះបើយោងទៅលើការសរសេររបស់ក្លិបភ្នំពេញក្រោន
កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅ។
គួរបញ្ជាក់ផងដែរថា លោក លីហៀង បានចាប់ផ្ដើមការប្រឹងប្រែងរបស់ខ្លួន ចេញពីជំរុំ ក្នុងនាមជាជនភៀសខ្លួនរហូតទទួលជោគជ័យ បានបន្ដការប្រឹងប្រែងរហូតទទួលបានសញ្ញាប័ត្រ UEFA។ ការជោគជ័យនេះ គឺបានផ្ដើមចេញពីការប្រឹងប្រែង និងមានគោលដៅច្បាស់លាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com