ជាតិ
អ្នកស្រី សុកញ្ញា បង្កើតកម្មវិធីបរិភោគទុរេនមួយឆ្អែត៣ម៉ឺន ដើម្បីផ្សព្វផ្សាយទុរេនកំពង់ធំ
19, Jun 2022 , 11:29 am        
រូបភាព
ភ្នំពេញ៖ តើលោកអ្នកធ្លាប់បរិភោគ ប៊ូហ្វេទុរេន ឬទេ? នៅកម្ពុជា គេនិយមបរិភោគប៊ូហ្វេ ជាប្រភេទស៊ុប សាច់អាំង និងមានអាហារជាច្រើនមុខទៀត។ ប្លែកពីគេបន្តិច អ្នកស្រី កូវ សុកញ្ញា ម្ចាស់ចម្ការទុរេនព្រៃឡង់ បានបង្កើតកម្មវិធី បរិភោគទុរេនមួយឆ្អែត៣ម៉ឺនក្នុងម្នាក់។ ការបង្កើតកម្មវិធីប៊ូហ្វេទុរេននេះ ធ្វើឡើងដើម្បីទាក់ទាញអ្នកចូលចិត្តទុរេន ឱ្យងាកមកសាករសជាតិទុរេនខេត្តកំពង់ធំ។ អ្នកស្រីលើកឡើងថា ទុរេនកំពង់ធំក៏មានរសជាតិឆ្ងាញ់ មិនចាញ់ទុរេនឯខេត្តផ្សេងទៀតឡើយ។


 
ទុរេន ជាផ្លែឈើ ដែលពលរដ្ឋខ្មែរចូលចិត្តបរិភោគ ទោះវាមានតម្លៃថ្លៃក្តី។ ទុរេន ដែលគេល្បីតគ្នា និងនិយមបរិភោគ គឺទុរេន ក្នុងខេត្តកំពត កោះកុង និងកំពង់ចាម ​ដោយឡែក ទុរេនខេត្តកំពង់ធំ ហាក់មិនសូវឮឈ្មោះឡើយ។ ការណ៍នេះ បានជំរុញឱ្យអ្នកស្រី កូវ សុកញ្ញា បង្កើត «ប៊ូហ្វេទុរេន» ដើម្បីទាក់ទាញពលរដ្ឋខ្មែរឱ្យងាកមកសាករសជាតិទុរេន ក្នុងទឹកដីខេត្តកំពង់ធំ។ 

រូបភាពពី ហ្វេសប៊ុក អ្នកស្រី កូវ សុកញ្ញា  

កិត្តិនាម នៃទុរេនកំពង់ធំ មានតែពលរដ្ឋក្នុងតំបន់ប៉ុណ្ណោះ ដែលស្គាល់ ប៉ុន្តែពលរដ្ឋខ្មែរទូទៅភាគច្រើន ដែលសឹងមិនដឹងថា ខេត្តមួយនេះអាចដាំដុះទុរេនបាន។ «ភាគច្រើនអ្នកហូប គឺអ្នកកំពង់ធំហើយ តែអ្នកផ្សេងពីនេះ គាត់អត់ដឹងថា អ្នកកំពង់ធំមានទុរេនលក់ដែរ  និងដាំបាន នៅតំបន់នេះ។ អ៊ីចឹង នៅពេលគាត់មកតំបន់នេះហើយ គាត់នឹងដឹងថានៅទឹកដីភូមិរបស់ខ្ញុំ ពិតជាមានទុរេនធម្មជាតិមែន»។ នេះជាការលើកឡើងរបស់អ្នកស្រី កូវ សុកញ្ញា ម្ចាស់ចម្ការទុរេនព្រៃឡង់។ 


 រូបភាពពី ហ្វេសប៊ុក អ្នកស្រី កូវ សុកញ្ញា 

អ្នកស្រី សុកញ្ញា ចង់ឱ្យទេសចរ និងអ្នកចូលចិត្តទុរេន បានភ្លក្សរសជាតិទុរេនរបស់អ្នកខេត្តកំពង់ធំ មិនថាជាទុរេនក្នុងចម្ការអ្នកស្រី ឬរបស់កសិករណាឡើយ។ ម្ចាស់ចម្ការខាងលើបានរៀបរាប់ពីរសជាតិដូច្នេះថា៖« ទុរេន វាអាចមានរសជាតិខុសគ្នាតាមពូជ និងប្រភេទដីដែរ។ ទុរេនម៉ាន់ថងកំពង់ធំ មានរសជាតិឆ្ងាញ់ ស្អិតរមួត ហើយគ្រាប់តូច»។ 

 រូបភាពពី ហ្វេសប៊ុក អ្នកស្រី កូវ សុកញ្ញា
 
ចាប់ពីថ្ងៃទី១៧ ខែមិថុនា នេះទៅ ប៊ូហ្វេទុរេន នឹងចាប់ផ្តើមនៅចម្ការទុរេនព្រៃឡង់ ក្នុងភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន ខេត្តកំពង់ធំ។ អ្នកចូលចិត្តទុរេន អាចសាករសជាតិទុរេនខេត្តកំពង់ធំបានដោយសេរី និងបរិភោគមួយឆ្អែត ដោយចំណាយថវិកាត្រឹម ៣ម៉ឺនរៀលក្នុងម្នាក់ប៉ុណ្ណោះ។ ចំពោះ កុមារ នឹងមានការវាស់កម្ពស់គិតតម្លៃ។ 
 
ជាមួយគ្នានោះ អ្នកបរិភោគក៏អាចទទួលអារម្មណ៍ប្លែក តាមរយៈការបរិភោគទុរេននៅចម្ការផ្ទាល់ រួមទាំងសាវម៉ាវផងដែរ។ យ៉ាងណាមិញ ម្ចាស់ចម្ការមិនអនុញ្ញាតឱ្យភ្ញៀវដើរបេះទុរេនខ្លួនឯងឡើយ។ « ភាគច្រើនគាត់អត់សូវស្គាល់ទុរេនទុំទេ អ៊ីចឹងយើងបេះទុកមួយកន្លែងទុកឱ្យពួកគាត់ពុះហូប។ ទុរេន ខុសពីផ្លែឈើផ្សេងៗ យើងខ្លាចគាត់បេះចំខ្ចី»។ នេះជាការលើកឡើងរបស់ម្ចាស់ចម្ការទុរេនព្រៃឡង់។ 
 
អ្នកស្រី កូវ សុកញ្ញា សង្ឃឹមថា ពលរដ្ឋខ្មែរនឹងសាករសជាតិទុរេនខេត្តកំពង់ធំ ជាពិសេសទុរេនក្នុងចម្ការអ្នកស្រីផ្ទាល់ ដែលដាំដោយប្រើជីធម្មជាតិ ផលិតដោយខ្លួនឯង។ « ចង់ឱ្យបងប្អូនខ្មែរតាមបណ្តាខេត្តផ្សេងៗ ដឹងថា ទឹកដីកំពង់ធំក៏ដាំទុរេនបានឆ្ងាញ់ដែរ។ ខ្ញុំចង់ឱ្យពួកគាត់សាកភ្លក់រសជាតិ ជាពិសេសនៅតំបន់ ៩៩ »។ នេះជាការលើកឡើង របស់អ្នកស្រី កូវ សុកញ្ញា។​
ការដាក់ទុរេនឱ្យបរិភោគបែបប៊ូហ្វេ មិនមែនបណ្តាលមកពីការខ្វះទីផ្សារឡើយ។ អ្នកស្រី សុកញ្ញា ដាំទុរេនលក់១០ឆ្នាំមកហើយ ចំណែកឈ្មួញ ដែលទិញទុរេនក៏មានជាហូរហែផងដែរ។ ទុរេនម៉ាន់ថង របស់អ្នកស្រីអាចលក់បានក្នុងតម្លៃពី ២៣០០០រៀល ទៅ ២៥០០០រៀល ក្នុងមួយគីឡូក្រាម។ អ្នកស្រីបញ្ជាក់ថា រាល់ខែទុរេន តែងមានឈ្មួញមកទិញដល់ចម្ការមិនចាល់ផលទេ។
ទោះឆ្នាំនេះ ជី និង សាំង ឡើងថ្លៃពិតមែន តែបញ្ហានេះមិនបានជះឥទ្ធិពលខ្លាំងដល់អ្នកស្រី សុកញ្ញា ឡើយ ព្រោះអ្នកស្រីប្រើជីធម្មជាតិ ដែលផ្សំពីលាមកសត្វ កន្ទក់ និងសំរាម។ ការផលិតជីធម្មជាតិបានជួយសម្រួលការចំណាយលើការដាំដុះយ៉ាងច្រើន រួមទាំងល្អសម្រាប់សុខភាពអ្នកបរិភោគទៀតផង។ ចម្ការរបស់អ្នកស្រី សុកញ្ញា មានទំហំ ៧ហិកតា ដោយមានដាំ ទុរេន មង្ឃុត សាវម៉ាវ ក្រូចឆ្មា និងក្រូចពោធិ៍សាត់។ ក្នុងមួយឆ្នាំៗ អ្នកស្រីអាចលក់ទុរេនបានប្រមាណ ៤តោន៕ 
 

Tag:
 ទុរេន
  ចម្ការព្រៃឡង់
  ខេត្តកំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com