កីឡាជាតិ
ជាតិ
លោក Keisuke Honda៖ សៀមរាបមានសក្តានុពលជាក្រុងបាល់ទាត់ផ្សារភ្ជាប់ជាមួយទេសចរណ៍
19, Jun 2022 , 1:34 pm        
រូបភាព
លោក Keisuke Honda នាអំឡុងពេលទស្សនាការប្រកួតរបស់សូលទីឡូអង្គរនៅកីឡដ្ឋានហនុមាន
លោក Keisuke Honda នាអំឡុងពេលទស្សនាការប្រកួតរបស់សូលទីឡូអង្គរនៅកីឡដ្ឋានហនុមាន
ដោយ: រួបរួម
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា កាលពីខែមុន បានសរសេរកោតសរសើរសម្រស់ខេត្តសៀមរាបដែលជាគោលដៅនៃទេសចរណ៍ពិភពលោក ហើយរយៈពេលហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោកលើកឡើងពីសក្តានុពលកីឡាបាល់ទាត់នៅខេត្តទេសចរណ៍មួយនេះ។

 
«ឆ្លងការទស្សនារបស់ខ្ញុំកាលពីខែមុន ខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខេត្តសៀមរាបមានសក្តានុពលក្នុងការក្លាយជាក្រុងបាល់ទាត់ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍»។ នេះជាការលើកឡើងរបស់លោក Keisuke Honda ហើយក៏ជាម្ចាស់ក្លិបសូលទីឡូអង្គរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាបផងដែរ។
 
ជាមួយនឹងអំណះអំណាងរប់ខ្លួន លោក Honda បានលើកទឹកចិត្តដល់ពលរដ្ឋដែលរស់នៅខេត្តសៀមរាបឲ្យទៅទស្សនាការប្រកួតបាល់ទាត់ឲ្យបានញឹកញាប់។ «ជាការចូលរួមចំណែក ក្លិបសូលទីឡូអង្គរ នឹងបការទស្សនារាល់ការប្រកួតដោយឥតគិតថ្លៃនារដូវកាលនេះ សម្រាប់មនុស្ស១០០០នាក់រៀងរា់ការប្រកួត»។ លោកបានបញ្ជាក់យ៉ាងដូច្នេះ។
 
 
កាលពីខែឧសភា កន្លងមកម ខណៈកំពុងស្ថិតនៅខេត្តសៀមរាប លោក Keisuke Honda បានសំដែងក្តីស្រឡាញ់ចំពោះខេត្តទេសចរណ៍មួយនេះ។ «ខ្ញុំស្ថិតនៅខេត្តសៀមរាប។ ខ្ញុំស្រឡាញ់ក្រុងនេះខ្លាំងណាស់»។ លោកបានសរសេរយ៉ាងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
 
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានមើលឃើញពីឧបសគ្គផ្នែកសេដ្ឋកិច្ចកន្លងមក នាអំឡុងពេលនៃការរាលដាលកូវីដ-១៩។ លោកបានបន្ថែម៖ «នេះជាពេលវេលាដែលត្រូវមកទស្សនាទីនេះសារជាថ្មីម្តងទៀត ពីបណ្តាភ្ញៀវទេសចរណ៍ទាំងអស់លើពិភពលោក»។
 
សូមបញ្ជាក់ថា នៅខេត្តសៀមរាប ក្រៅពីក្លិបសូលទីឡូអង្គរដែលកំពុងលេងនៅក្របខណ្ឌលំដាប់ទីពីរ មានក្លិបអង្គរថាយហ្គឺរដែលលេងនៅក្របខណ្ឌកំពូល រួមទាំងក្លិបខេត្តសៀមរាប និងក្លិបមួយចំនួនទៀត។ ខេត្តមានកីឡដ្ឋានថ្នាក់ខេត្តនៅស្វាយធំ និងមានកីឡដ្ឋានឯកជន ហនុមានផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com