ជាតិ
១៦ឆ្នាំចុងក្រោយ កម្ពុជារកឃើញសត្វក្ដាន់ជិតផុតពូជលើពិភពលោក៨៤ក្បាល
20, Jun 2022 , 3:05 pm        
រូបភាព
 សត្វក្ដាន់ ត្រូវបានថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជ្រកសត្វព្រៃព្រែកប្រសព្វ (រូបពី ក្រសួងបរិស្ថាន)
សត្វក្ដាន់ ត្រូវបានថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងដែនជ្រកសត្វព្រៃព្រែកប្រសព្វ (រូបពី ក្រសួងបរិស្ថាន)
ក្រចេះ៖ សត្វក្ដាន់ ដែលត្រូវបានអ្នកវិទ្យាសាស្រ្ត ប៉ាន់ស្មានថាផុតពូជពីប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ១៩៩៦ បានបង្ហាញវត្តមានឡើងវិញនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ។ ចាប់ពីឆ្នាំ២០០៦មក ក្រុមអ្នកស្រាវជ្រាវរបស់អង្គការ WWF បានកំណត់សម្គាល់សត្វក្ដាន់ចំនួន៨៤ក្បាល ដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ខេត្តក្រចេះ។


បច្ចុប្បន្ន សត្វក្ដាន់វ័យជំទង់ជាច្រើន បានបង្ហាញសញ្ញាណវិជ្ជមានពីការបន្តពូជ ដែលជាក្ដីសង្ឃឹមនៃការរស់រាន់ឡើងវិញនៃប្រភេទសត្វក្ដាន់កម្រជិតផុត​ពូជក្នុង​បញ្ជី​ក្រហម​របស់​ IUCN។


 
 លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់របាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ ស្តីពីស្ថានភាព និងរបាយសត្វក្តាន់ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ(រូបពី ក្រសួងបរិស្ថាន)
 
នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់របាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ ស្តីពីស្ថានភាព និងរបាយសត្វក្តាន់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅឆ្នាំ២០០៦ សត្វក្ដាន់ ត្រូវបានប្រទះឃើញលើកដំបូងចំនួន៥០ក្បាល តាមរយៈការដាក់ម៉ាស៊ីថតស្វ័យប្រវត្តិនៅតំបន់ការពារធម្មជាតិព្រែកប្រសព្វ។ បន្ទាប់មក នៅឆ្នាំ២០១៨ ព្រែកប្រសព្វ ត្រូវបានចាត់ទុកជាទីតាំងអភិរក្សសត្វព្រៃដ៏មានសក្ដានុពលមួយរបស់កម្ពុជា ដែលធ្វើឱ្យចំនួនសត្វក្ដាន់កើនឡើងដល់៨៤ក្បាល ក្នុងរង្វង់ផ្ទៃដី ២គីឡូម៉ែត្រការ៉េ នៃតំបន់ការពារសរុប១២៧៧០ហិកតា។


 រូបពី ក្រសួងបរិស្ថាន

ព្រែកប្រសព្វ នៅសល់ផ្ទៃដីជាច្រើនហិកតាទៀតដែលក្រុមអ្នកជំនាញពុំទាន់ស្រាវជ្រាវ។ ដូច្នេះ លោក នេត្រ ភក្រ្តា សន្និដ្ឋានថា សត្វក្ដាន់ នឹងវត្តមានថែមទៀត នៅតាមតំបន់ព្រែកប្រសព្វ និងតំបន់ជុំវិញ។ អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថានរូបនេះ បញ្ជាក់ដូច្នេះថា៖«ក្រោយរៀបចំឱ្យមានការអភិរក្ស ដែលមានមន្រ្តីឧ​ទ្យា​នុ​រក្ស​ និងប្រជាសហគមន៍ បានចូលរួមការពារ ក្រោមការគាំទ្របច្ចេកទេស និងថវិកាដោយអង្គការ WWF គឺយើងឃើញថា ចំនួនសត្វក្ដាន់ ដែលធ្វើការសិក្សាក្នុងតំបន់ព្រែកប្រសព្វនេះ ត្រឹមតែ២គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ យើងរកឃើញសត្វក្ដាន់រហូត៨៤ក្បាល។ អ៊ីចឹង យើងជឿជាក់ថា វត្តមានសត្វក្ដាន់អាចមានរាយប៉ាយនៅតំបន់ផ្សេងៗទៀតក្នុងផ្ទៃ១២៧៧០ហិកតានេះ»។
 
ទោះជាយ៉ាងណា សត្វក្ដាន់ នៅតែប្រឈមនឹងកត្តាគំរាមកំហែងមួយចំនួនដូចជា ការដាក់អន្ទាក់ និងការបរបាញ់ពីមនុស្ស ខណៈក្រសួងបរិស្ថាន និងអង្គការដៃគូ​ពង្រឹងវិធានការការពារ ពិសេសលុបបំបាត់ការដក់​អន្ទាក់ និងជួញដូរសត្វព្រៃល្មើសច្បាប់។ លោក នេត្រ ភក្រ្តា បានអំពាវនាវឱ្យពលរដ្ឋ បញ្ឈប់ការដាក់អន្ទាក់សត្វ ការជួញដូរ ហូបសាច់សត្វព្រៃ និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទន្ទ្រានយកដីព្រៃ ដែលធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វក្ដាន់ និងសត្វព្រៃផ្សេងទៀត។ 
 
នាយក​អង្គការ​ WWF លោក សេង ទៀក បានលើកឡើងដែរថា ក្ដាន់ជាប្រភេទសត្វកម្រ ហើយនៅតំបន់អាស៊ីអាគ្នេយ៍មានតែកម្ពុជា និងថៃប៉ុណ្ណោះ ដែលមានវត្តមានសត្វក្ដាន់ទាំងនេះរស់នៅ។ ស្របពេល ឡាវ វៀតណាម និងមីយ៉ានម៉ា បានផុតពូជអស់ហើយ។ នាយក​អង្គការ​ WWF ពន្យល់ថា តំបន់ព្រែកប្រសព្វមានលក្ខណៈពិសេសជាងគេ ដែលអាចឱ្យសត្វក្ដាន់រស់រាន់ឡើងវិញ។ នៅទីនោះ ជាតំបន់ព្រៃលិចទឹក ដែលមានប្រភេទដីសើម ស្មៅក្រាសខ្ពស់ៗ និងព្រៃរបោះ​។ ថ្វីបើ សត្វក្ដាន់ចូលចិត្តរស់នៅតំបន់នេះ ប៉ុន្តែ ក៏ប្រឈមនឹងកត្តាគំរាមកំហែងមួយចំនួនដូ​ចជា ការដាក់អន្ទាក់ ការទន្ទ្រានយកដីធ្វើកសិកម្ម និងការកាប់បំផ្លាញព្រៃឈើជាដើម។


   រូបពី ក្រសួងបរិស្ថាន

លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពមេគង្គនៃអង្គការ WWF បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវរកវត្តមានសត្វក្ដាន់នេះ ត្រូវបានធ្វើឡើងដោយភាពម៉ត់ចត់ តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាប់ដើមឈើ និងការបង្ហោះដ្រូន(Drone) ចាប់រូបភាព និងរាប់ចំនួនសត្វពីលើអាកាស។ ការសិក្សារយៈពេល២ឆ្នាំ គឺចាប់ពី២០១៨ ដល់២០២០ រកឃើញថា ក្នុងរយៈចម្ងាយ១គីឡូម៉ែត្រការ៉េមានសត្វក្ដាន់រស់នៅចំនួន៤២ក្បាល។
 
សូមបញ្ជាក់ថា ខេត្តក្រចេះ មានដែនជម្រកចំនួន៥ ដែលមានផ្ទៃដីសរុប៤៤០០០ហិកតា។ ក្នុងនោះ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ មានផ្ទៃដី ១២៧៧០ហិកតា ដែលមានសត្វព្រៃ និងជីវៈចម្រុះរស់នៅជាច្រើន។ ដែនជម្រកនេះ មានមន្រ្តីឧទ្យានុរក្ស ៣នាក់ មន្រ្តីជំនាញនៃអង្គការ WWF ចំនួន២នាក់ និងសត្ត​រក្ស សហគមន៍ជាច្រើននាក់ទៀត។
 
យោងតាមមន្ទីរបរិស្ថានខេត្តក្រចេះ រយៈពេល ៦ខែចុងក្រោយនេះ អាជ្ញាធរ និងអង្គការ WWF ឃាត់ខ្លួនជនល្មើសម្នាក់ បង្រ្កាបបានរណាយន្ត ១០គ្រឿង អន្ទាក់បានជាង១ពាន់ម៉ែត្រ និងបទល្មើសកាប់ទន្ទ្រានដីព្រៃបានចំនួន១១ករណី៕
 
 

Tag:
 សត្វក្ដាន់
  ក្រសួងបរិស្ថាន
  អង្គការ WWF
  ដែនជម្រកសត្វព្រៃព្រែកប្រសព្វ
© រក្សាសិទ្ធិដោយ thmeythmey.com