ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
មេធាវី ដាក់លិខិតទៅអគ្គនាយកដ្ឋានពន្ធនាគារសុំចូលជួបអ្នកនាង សេង ធារី ដែលជាប់ឃុំនៅខេត្តព្រះវិហារ
20, Jun 2022 , 4:02 pm        
រូបភាព
លោកមេធាវី ជូង ជូងី (រូបដោយសហការី), អ្នកនាង សេង ធារី តែងខ្លួនដូចរូបសំណាកនាងសេរីភាព ពេលទៅស្តាប់សវនាការ (រូបដោយ François Camps)
លោកមេធាវី ជូង ជូងី (រូបដោយសហការី), អ្នកនាង សេង ធារី តែងខ្លួនដូចរូបសំណាកនាងសេរីភាព ពេលទៅស្តាប់សវនាការ (រូបដោយ François Camps)
លោក ជូង ជូងី មេធាវីការពារក្តីឲ្យអ្នកនាង សេង ធារី បានដាក់លិខិតទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ ដើម្បីសុំការអនុញ្ញាតចូលជួបអ្នកនាង សេង ធារី ជាកូនក្តី ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តព្រះវិហារ។ កាលពីអ្នកនាង នៅជាប់ឃុំក្នុងពន្ធនាគារព្រៃស រាជធានីភ្នំពេញ លោក ធ្លាប់សុំចូលជួបអ្នកនាងម្តងរួចមកហើយ តែមន្រ្តីពន្ធនាគារព្រៃស មិនពុំអនុញ្ញាត ទើបលោក សម្រេចដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីអគ្គនាយកដ្ឋានពន្ធនាគារ។

 
លោកមេធាវី ជូង ជូងឺ ថ្លែងថា មន្រ្តីពន្ធនាគារព្រៃស ពុំបានបញ្ជាក់ហេតុផលនៃការហាមលោក មិនឲ្យចូលជួបអ្នកនាង សេង ធារី  នោះទេ។ លោក បន្តថា លោក ចាំបាច់ត្រូវដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីអគ្គនាយកដ្ឋានពន្ធនាគារជាមុនសិន មុននឹងទៅជួបអ្នកនាង ក្នុងពន្ធនាគារខេត្តព្រះវិហារ ពីព្រោះលោក បារម្ភថា បើលោក មិនសុំកិច្ចអន្តរាគមន៍ពីអគ្គនាយកដ្ឋានពន្ធនាគារជាមុន ហើយធ្វើដំណើរទៅជួបអ្នកនាង នៅពន្ធនាគារខេត្តព្រះវិហារ តែមន្រ្តីពន្ធនាគារខេត្តព្រះវិហារ បែរជាមិនអនុញ្ញាតដែរនោះ ដូច្នេះ លោក នឹងត្រូវខាតជើងក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ។
 
លោក ពុំទាន់អាចបញ្ជាក់បានថា លោក នឹងសុំឲ្យផ្ទេរអ្នកនាង សេង ធារី ពីខេត្តព្រះវិហារ ទៅរាជធានីភ្នំពេញវិញ ឬនឹងត្រូវពិភាក្សាអ្វីខ្លះ ជាមួយអ្នកនាង ដើម្បីជួយអ្នកនាងតាមផ្លូវច្បាប់នោះទេ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក មេធាវីរូបនេះ មានប្រសាសន៍ដូច្នេះថា៖«សំខាន់ បានជួបគាត់សិន ថាតើគាត់ ចង់បានអី?»។ 

លោកមេធាវី ក៏មិនទាន់ដឹងដែរថា អគ្គនាយកដ្ឋានពន្ធនាគារ នឹងឆ្លើយតបចំពោះលិខិតសុំអន្តរាគមន៍របស់លោក នៅពេលណា។ លោកជម្រាបអគ្គនាយកដ្ឋានពន្ធនាគារក្នុងលិខិតដូច្នេះថា៖«ខ្ញុំបាទ ជាមេធាវី ត្រូវជួបកញ្ញា សេង ធារី ជាច្រើនលើកក្នុងពន្ធនាគារ ដើម្បីផ្តល់ការប្រឹក្សាច្បាប់ជូនគាត់ និងដើម្បីការពារសិទ្ធិគាត់ តាមនីតិវិធី»។
 
អ្នកនាង សេង ធារី ដែលធ្លាប់ធ្វើជាមេធាវីអន្តរជាតិ និងមានសញ្ជាតិអាម៉េរិក ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅមុខតុលាការភ្នំពេញ និងដឹកយកទៅឃុំនៅពន្ធនាគារព្រៃសភ្លាមៗ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីសាលក្រមស្តីពីការផ្ទន្ទាទោសអ្នកនាង និងអ្នកប្រឆាំងជិត៦០នាក់ផ្សេងទៀត ត្រូវបានប្រកាសចប់។ ជាប់ពន្ធនាគារនៅរាជធានីភ្នំពេញបានតែ១ថ្ងៃ សមត្ថកិច្ច ក៏ដឹកអ្នកនាង យកទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
 
លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លើកហេតុផលថា ការប្តូរទីតាំងឃុំអ្នកនាង សេង ធារី គឺដើម្បីចៀសវាងកុំឲ្យមានបញ្ហានៅរាជធានីភ្នំពេញ។ លោក អះអាងជាមួយសារព័ត៌មាថ្មីៗកន្លងមកថា សកម្មជនមួយចំនួន មានគ្រោងចង់ធ្វើបាតុកម្មនៅក្រៅបរិវេណពន្ធនាគារព្រៃស។ 
 
មនុស្សជិត៦០នាក់ ដែលមានទាំងអ្នកនាង សេង ធារី ផងនោះ ត្រូវបានតុលាការភ្នំពេញ ប្រកាសសាលក្រមដាក់ទោសក្នុងសំណុំរឿងតែមួយជាមួយគ្នា។ ទោសសែលពួកគេ ត្រូវជាប់ពន្ធនាគារ មាន៥ឆ្នាំ ៦ឆ្នាំ និង៨ឆ្នាំ។ អ្នកជាប់ទោស៥ឆ្នាំ មិនត្រូវស្ថិតក្នុងពន្ធនាគារឡើយ ព្រោះទោស៥ឆ្នាំនេះ ត្រូវព្យួរ។ អ្នកនាង សេង ធារី ស្ថិតក្នុងចំណោមអ្នកដែល ត្រូវជាប់ទោស៦ឆ្នាំ។ 
អ្នកមាននិន្នាការប្រឆាំងជិត៦០នាក់នោះ ត្រូវចោទពីបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារពួកគេ ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិការបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅក្រៅប្រទេស៕ 
 

Tag:
 សេង ធារី
© រក្សាសិទ្ធិដោយ thmeythmey.com