ជាតិ
រថយន្ត
ឡានពន្លត់អគ្គិភ័យបុរាណ ដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនឯកជន
× បច្ចុប្បន្នស្ថាប័នរដ្ឋ ប្រើរថយន្ដធុនធ្ងន់ពន្លត់អគ្គិភ័យ ដែលទំនើប។ ក្នុងស្ថាប័នឯកជនវិញ ក្រុមហ៊ុនធំៗដែលប្រើរថយន្ដធុនធ្ងន់ពន្លត់អគ្គិភ័យ ភាគច្រើនប្រើរថយន្ដបុរាណ។ តើហេតុអ្វីស្ថាប័នឯកជន មិនសូវប្រើឡានធំពន្លត់អគ្គិភ័យទំនើប? ពីព្រោះតាមក្រុមហ៊ុនទាំងអស់នោះនីមួយៗ មិនមានអគ្គិភ័យញឹកញាប់ទេ។ ដូច្នេះមិនត្រូវការចំណាយថវិកាច្រើនសម្រាប់យានយន្ដ ដែលយូរៗប្រើម្ដង។ ម្យ៉ាងទៀតរថយន្ដពន្លត់អគ្គិភ័យចាស់ៗ ក៏មិនដែលបានប្រើជារៀងរាល់ថ្ងៃទេ។ ដូច្នេះទោះបីជាវាបុរាណក៏ដោយ នៅតែអាចបន្តប្រើបន្តិចបាន។
នាយយ៉ាន នៃសារព័ត៌មានថ្មីៗ សូមណែនាំរថយន្ដអគ្គិភ័យបុរាណចំនួន៤គ្រឿង ក្នុងនោះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាយ ក្នុងក្រុងព្រៃវែង មាន១គ្រឿង ដែលជិះលែងបាន។ ចំណែក៣គ្រឿងទៀត នៅសួនឧស្សាហកម្មមួយ ក្នុងរាជធានីភ្នំពេញ។ រថយន្ត ទាំង៣គ្រឿង សុទ្ធតែអាចជិះបានទាំងអស់។ ឡានធំទាំងអស់នោះ មានម៉ាក២ខុសគ្នា។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
រថយន្ត ៣គ្រឿងជាម៉ាកសូវៀត зил ប្រភេទ 130 ដែលត្រូវបានផលិតក្នុងចន្លោះឆ្នាំ១៩៧៥ និង១៩៩១។ зил ប្រភេទ 130 ទាំង៦ជំនាន់ ត្រូវបានផលិតអស់ ៥ ០០៥ ៨៩២ គ្រឿង ពីឆ្នាំ១៩៦៤ រហូតដល់ឆ្នាំ២០១២។ зил ជាអក្សរកាត់នៃពាក្យ៣ម៉ាត់ថា Завод имени Лихачёва ដែលអាចបកប្រែបានថា រោងចក្រដាក់ឈ្មោះត្រកូល Лихачёва។ ត្រកូលនេះជាឈ្មោះអតីតនាយកក្រុមហ៊ុនមួយរូប។ គឺជាឈ្មោះក្រុមហ៊ុននេះ តាំងពីឆ្នាំ១៩៥៦។ តាមពិតត្រូវបានដូរឈ្មោះច្រើនដង។ កាលពីដើម មានឈ្មោះថា акционерное московское общество ដែលគ្រាន់តែមានន័យថា ក្រុមហ៊ុននៃសាលាក្រុងមូស្គូ។ ជាការពិតត្រូវបានបង្កើតឡើងក្រុមហ៊ុននេះ នៅទីក្រុងមូស្គូ ឆ្នាំ១៩១៦។ ពេលនោះ មូស្គូ ជារាជធានីចក្រភពរុស្ស៊ី។ ដោយឡែក ម្ចាស់ зил ដែលជាសាលាក្រុងមូស្គូ តែម្ដងបានរំលាយក្រុមហ៊ុន зил ចោល ឆ្នាំ២០១៣។ សម័យសហភាពសូវៀត зил ផលិតឡានបែបកិត្យានុភាពចំនួនតិច សម្រាប់ឥស្សរជនសូវៀតប៉ុណ្ណោះ។ ក៏ត្រូវបានផលិតរថយន្ដក្រុង និងរថយន្ដធុនធ្ងន់គ្រប់មុខ សម្រាប់ជនស៊ីវិលផង និងយោធាផង។
១គ្រឿងជាម៉ាកអាម៉េរិកាំង INTERNATIONAL HARVESTER ប្រភេទ Loadstar ម៉ូឌែល 1700 ដែលត្រូវបានផលិតមុនឆ្នាំ១៩៧២។ ឡានធំ INTERNATIONAL Loadstar 1700 ត្រូវបានផលិតពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៧៨។ ក្រុមហ៊ុន INTERNATIONAL HARVESTER វិញ ត្រូវបានបង្កើតឡើងឆ្នាំ១៩០២ នៅសហរដ្ឋអាម៉េរិក។ វាមានទីស្នាក់ការកណ្ដាលនៅទីក្រុង Chicago ។ ស្ថាបនិកមានឈ្មោះថា McCORMICK Cyrus ។ ដោយឡែក ឆ្នាំ១៩៨៥ ត្រូវបានរំលាយឈ្មោះ INTERNATIONAL HARVESTER បញ្ចូលក្នុងក្រុមសម្ព័ន្ធ NAVISTAR។ INTERNATIONAL បានផលិតរថយន្ដច្រើនមុខ ជាពិសេសរថយន្ដធុនធ្ងន់ និងរថយន្ដសម្រាប់កសិកម្ម។ ទន្ទឹមនឹងនេះ ក៏ត្រូវបានផលិតឧបករណ៍កសិកម្មធំៗច្រើនដែរ៕
Tag:
យានយន្ត
រថយន្ត
អគ្គិភ័យ
ឡានបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com