កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Mercedes-Benz Stadium កីឡដ្ឋានថ្លៃបំផុតលំដាប់ទី៤លើពិភពលោកត្រៀមសម្រាប់ World Cup 2026
20, Jun 2022 , 8:29 pm        
រូបភាព
កីឡដ្ឋាន Mercedes-Benz Stadium ជាកីឡដ្ឋានមួយស្ថិតក្នុងចំណោមកីឡដ្ឋានចំនួន១៥ ផ្សេងទៀត សម្រាប់ត្រៀមទទួលព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលមានអាម៉េរិក ម៉ិកស៊ិក និងកាណាដា រួមគ្នាជាម្ចាស់ផ្ទះ។

 
កាលពីថ្ងៃទី១៦ ខែមិថុនា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសទីតាំងកីឡដ្ឋានចំនួន១៦ ទូទាំងប្រទេស អាម៉េរិក ម៉ិកស៊ិក និងកាណាដា ដែលត្រៀមសម្រាប់ទទួលការប្រកួត World Cup 2026។ 
 
World Cup 2026 នៅប្រទេសទាំងបីស្ថិតនៅទ្វីបអាម៉េរិកខាងជើងនេះ គឺជាប្រកួតលើកដំបូងក្នុងប្រវត្តិសាស្ត្រ FIFA ដែលមានក្រុមចំនួន៤៨ក្រុមចូលរួម ចំណែកប្រទេសជាម្ចាស់ផ្ទះទាំងបីក៏ទទួលបានកៅអីស្វ័យប្រវត្តិ។
 
សម្រាប់អាម៉េរិកទីក្រុងចំនួន ១១ ត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួតក្នុងនោះរួមមានទីក្រុង Atlanta, Boston, Dallas, Houston, Kansas City, Los Angeles, Miami, New York/New Jersey (រួមគ្នាតែមួយ), Philadelphia, San Francisco និងទីក្រុង Seattle។ 
 


កីឡដ្ឋាន Mercedes-Benz ជាកីឡដ្ឋានស្ថិតក្នុងទីក្រុង Atlanta នារដ្ឋ Georgia ដែលចាប់ផ្តើមការសាងសងក្នុងឆ្នាំ ២០១៤ ហើយត្រូវបានបើកឱ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។ ការសាងសង់កីឡដ្ឋានមួយនេះបានចំណាយប្រាក់ប្រមាណដល់ទៅជាង ១,៦ពានលានដុល្លារ ហើយជាកីឡដ្ឋានថ្លៃជាងគេលំដាប់ទីបួនលើពិភពលោក។ 
 
កីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនាដល់ទៅ ៧១,០០០នាក់នេះជាកីឡដ្ឋានថ្មីមួយដែលអាចរៀបចំព្រឹត្តិការណ៍កីឡាធំៗនានា ដូចជា National Football League (NFL)ប្រចាំអាម៉េរិក និងការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលអាម៉េរិក Major League Soccer។ កីឡដ្ឋាន​ Mercedes-Benz ដែលមានឈ្មោះម៉ូឌែលក្រុមហ៊ុនរថយន្តដ៏ល្បីល្បាញមួយនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Georgia World Congress Center Authority ដែលជាមជ្ឈមណ្ឌលសិន្និបាតដ៏ធំប្រចាំរដ្ឋ Georgia។
 
កីឡដ្ឋាននេះទៀតសោតក៏ជាទឹកដីរបស់ក្រុមកីឡាបាល់ឧបដែលស្ថិតនៅលីគ NFL ក្នុងទីក្រុង Altanta ផ្ទាល់គឺក្រុម Atlanta Falcons និងជាទឹកដីរបស់ក្រុមបាល់ទាត់ Atlanta United ប្រចាំនៅលីគកំពូល MLS។
  


លក្ខណៈពិសេសនៃកីឡដ្ឋាន Mercedes-Benz នេះ ជាកីឡដ្ឋានដែលអាចបើកនិងបិទដំបូងបានទៅតាមស្ថានភាពនៃអាកាសធាតុ ហើយវាអាបើកនិងបិទយ៉ាងលឿនបំផុតក្នុងរយៈពេល១២នាទីតែប៉ុណ្ណោះ។ កីឡដ្ឋានដ៏ទំនើបមួយនេះក៏បានបំពាក់នៅប្រព័ន្ធផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម LED ឌីជីថលធំជាងគេក្នុងពិភពលោកឬក៏ World Largest 360 HD Video Halo Board ហើយកីឡដ្ឋាននេះក៏បំពាក់ផ្ទាំង Solar ស្រូបពន្លឺព្រះអាទិត្យជាង ៤០០០ ដើម្បីប្រើប្រាស់អគ្គីសនីជួយដល់បរិស្ថាន។
 
កីឡដ្ឋានថ្មីនេះទៀតសោតមានរួមបញ្ចូលទៅដោយគ្រឿងបរិក្ខារទំនើបនិងបច្ចេកវិទ្យាជាច្រើន មានបន្ទប់ប្រណិតពិសេសជាង ២០០បន្ទប់ឬក៏ Luxury Suite ហើយក្នុងកីឡដ្ឋានក៏មានហាងអាហារ ក៏ដូចជាហាងបារ (Bars) ចំនួន២៤ និងហាងសម្ភារៈរបស់ក្លិបផ្សេងៗទៀត។
 
សូមជម្រាបដែរថាកីឡដ្ឋាន Mercedes-Benz មួយនេះគឺជាកីឡដ្ឋានដែលសាងសង់មកសម្រាប់ជំនួសកីឡដ្ឋានចាស់ Georgia Dome ដែលបានកម្ទេចចោលនៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ ២០១៧។ កីឡដ្ឋានមួយនេះក៏នឹងត្រៀមខ្លួនទទួលការប្រកួតព្រឹត្តិការណ៍ World Cup 2026 ដែលការប្រកួតចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១២ ខែកក្កដា៕


 

Tag:
 Mercedes-Benz Stadium
  រថយន្ត
  World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com