ជាតិ
សេដ្ឋកិច្ច
គ្រោះថ្នាក់​! បារី ​ក្លាយជាខ្ទង់​ចំណាយ​របស់សិស្សសាលាមួយចំនួន​
20, Jun 2022 , 8:59 pm        
រូបភាព
ដោយ៖ ញឹក សំអូន
 
បារី​បាន​ក្លាយជាខ្ទង់ចំណាយ​ប្រចាំ​ថ្ងៃ​របស់​សិស្ស​សាលា​មួយចំនួនទាំងនៅទីប្រជុំជន និងជន​បទ។  ក្បែររបងសាលារៀន តាមតូបលក់ចាប់ហួយ ហាងកាហ្វេ និងទីសាធារណៈនានា ជាទីតាំង​បង្ហុយ​ផ្សែង​បារី​របស់​យុវជន​អាយុក្រោម​២០​ឆ្នាំ ដែលអ្នកជំនាញ​ផ្នែកសុខភាព និងគ្រូបង្រៀន មាន​ការព្រួយបារម្ភយ៉ាង​ខ្លាំង​។

 
រៀន​នៅ​អនុវិទ្យាល័យមួយ​កន្លែងនៅ​ខេត្តព្រះសីហនុ យុវតី គីមលាង ឃើញច្បាស់នឹងភ្នែក​ស្ទើរ​រាល់​ថ្ងៃនូវសកម្មភាពរបស់សិស្ស​ប្រុសពី​៣ទៅ៤នាក់ ដែលនាំ​គ្នា​លួចជក់​បារី នៅ​តាម​ហាង​កាហ្វេ និងបរិវេណ​ក្រៅ​របង​សាលារៀន ជាពិសេសនៅម៉ោង​ចេញលេង។
 
សិស្ស​ស្រីដែល​រៀន​ថ្នាក់ទី​៩រូបនេះ បាន​បញ្ជាក់​ប្រាប់សារព័ត៌មាន​ថ្មីៗថា អ្នក​ជក់ទាំងនោះ ជាកូនអ្នក​ផ្សារ​ ហើយគ្រូក៏ធ្លាប់​ណែនាំ​ឲ្យពួក​គេបញ្ឈប់សកម្មភាព​ផងដែរ ប៉ុន្តែពួក​គេនៅ​តែបន្តនាំគ្នា​លួចជក់ ដែលជាការចំណាយ​ប្រាក់​ឥត​ប្រយោជន៍។
 
មិន​ខុសគ្នានោះឡើយ លោក សុខសាន្ត ដែលជាគ្រូបង្រៀន​នៅវិទ្យាល័យមួយ​ក្នុងខេត្ត​សៀមរាប បាន​ត្រឹម​តែដក​ដង្ហើម​ធំនៅពេល​ដែល​លោកឃើញ​ក្រុម​យុវជន​ផ្តុំគ្នា​ជក់​បារី ដោយអ្នក​ខ្លះស្ថិតក្នុងឯកសណ្ឋាន ខ្លះ​មិន​ពាក់ឯកសណ្ឋាន។


 
ក្រុម​សិស្ស​ដែល​លោក សុខសាន្ត តែងតែប្រទះឃើញនោះ មិនមែនជាសិស្ស​របស់​លោក​ឡើយ ប៉ុន្តែជាសិស្ស​​រៀន​នៅ​កម្រិតអនុវិទ្យាល័យ ដែលមានអាយុមិនទាន់​ដល់១៥ឆ្នាំពេញលេញផង ហើយជាទូទៅ គឺសិស្ស​ប្រុស។
 
«ខ្ញុំសង្កេត​ឃើញពួកគាត់ទិញបារីមួយកញ្ចប់ចែកគ្នាម្នាក់១ដើមៗ ជក់ពេញហ្នឹង។ គាត់ជក់បែបស្ទាវ គឺជក់បារីផ្លុំបង្ហុយផ្សែងឡើងលើ ពួកគាត់ក្មេងណាស់ អ្នកខ្លះមិនទាន់ចេះជក់ផង តែគាត់រៀនជក់»។ នេះជាការ​កត់សម្គាល់ជា​ប្រចាំ​​របស់​លោកគ្រូ សុខសាន្ត នៅពេលដែល​លោក​ជិះកង់ហាត់​ប្រាណ។
 
នៅភ្នំពេញ សារព័ត៌មាន​ថ្មីៗ បាន​សុំសម្ភាស​យុវជន​ម្នាក់ដែល​បាន​លង់ខ្លួនជាមួយចំណី​ផ្សែងដែលបំផ្លាញសុខភាព។ លីមាន [ឈ្មោះប្រឌិត] រៀន​ជក់​ដំបូង​កាលនៅថ្នាក់ទី​៩ ដោយសារ​ចង់សាក​ល្បងតាមមិត្តភក្តិ។
 
បច្ចុប្បន្ន​វ័យ​១៩​ឆ្នាំ គេ​បន្តទម្លាប់នេះ នៅពេល​ជួបជុំមិត្តភក្តិ ជាពិសេសនៅ​កន្លែងផឹកស៊ី ដោយ​មិន​បាន​ប្រព្រឹត្ត​ប្រចាំថ្ងៃនោះឡើយ។ លីមាន​ ទទួល​ស្គាល់​ថា ពេល​ជក់​ទៅធ្វើ​ឲ្យ​ក្លិន​ខ្លួន ក្លិន​មាត់ធុំអាក្រក់ និង​សុខភាពមិនសូវល្អ ប៉ុន្តែនៅ​តែ​បន្ត​អនុវត្ត។
 
ជាមធ្យម លីមាន ចំណាយ​ទិញ​បារីក្នុង១កញ្ចប់ពី​៦០០០ទៅ​៧០០០រៀល ដែលជាការចំណាយ​ឥត​ប្រយោជន៍មួយ។ គេទិញ​នៅតាមផ្សារ និងតាមតូបលក់ចាប់ហួយ ដោយអ្នកលក់​មិនមាន​ការសួរនាំ​អ្វីឡើយ។
 
អ្នកជំនាញព្រមានពីគ្រោះថ្នាក់​ដ៏ធ្ងន់ធ្ងរ
 
បើតាម​លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ការ​ជក់បារីធ្វើឲ្យ​ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ព្រមទាំងខាតពេលវេលា និងខាតប្រាក់របស់ឪពុកម្ដាយ។ ម្យ៉ាងទៀត វានឹងប្រឈមកើតជំងឺដាច់សរសៃឈាមខួរក្បាល ហើមសួត និងជំងឺគាំងបេះដូងជាដើម។ សម្រាប់ក្មេងដែលមានអាយុតិច ឬក្រោម១៨ឆ្នាំ ពួកគេប្រឈម​បញ្ហាប្រឈមខ្លាំងជាងមនុស្សពេញវ័យ ដោយសាររាងកាយរបស់ពួកគេពុំទាន់វិវដ្តពេញលេញ។ 
 
លោក​បាន​បញ្ជាក់ថា ផលប៉ះពាល់ពីការជក់បារីបែងចែកជាបីគឺ ទី១ ប៉ះពាល់សុខភាព បណ្ដាលឲ្យ​មានជំងឺជាច្រើនមុខ ជាពិសេស​ជំងឺនាំមុខដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺហើមសួត និងគាំងបេះដូងជាដើម។ ទី២ ធ្វើឲ្យ​ខាតបង់សេដ្ឋកិច្ច ដោយពួកគេចំណាយលុយទៅទិញបារីជក់ រួចក៏ធ្លាក់ខ្លួនឈឺ ហើយពួកគេត្រូវព្យាបាលជំងឺអស់លុយច្រើនទៀត។ ទី៣ ប៉ះពាល់បរិស្ថាន គឺផ្សែងបារីធ្វើឲ្យ​ពុលបរិស្ថាន ធ្វើមានបំភាយឧស្ម័នកាបូនឌីអុកស៊ីតកើនឡើង និងធ្វើឱ្យម៉ាយក្រូប្លាស្ទិកចេញពីកន្ទុយបារី បណ្ដាលឱ្យខូចបរិស្ថាន និងទឹកផងដែរ។ 
 
លោក មុំ គង់ បន្តថា៖ «មិនមែនកើតជំងឺតែអ្នកជក់ទេ អ្នកនៅជុំវិញអ្នកជក់នោះក៏កើតជំងឺដែរ»។ លោក បានចោទជាសំនួរថា៖ « បើអ្នកជក់បារីស្លាប់មុនអាយុកំណត់។ តើប្រទេសជាតិ ត្រូវខាតប៉ុន្មាន ដែលគាត់ជាធនធានមនុស្ស ហើយស្លាប់មុនអាយុកំណត់?»។
 



បារី​អេឡិចត្រូនិក​ធ្វើ​ឲ្យ​កាន់តែ​ញៀន​បារី

នារយៈពេល​ចុងក្រោយនេះ មិន​ត្រឹម​តែជាបារីកញ្ចប់ធម្មតានោះឡើយ ប៉ុន្តែ​ក្រុមក្រុម​សិស្ស​សាលា ក៏មាន​ចំនួន​ច្រើន​ផងដែរ ដែល​ប្រើ​ប្រាស់​ឧបករណ៍​ជក់​បារី​អេឡិច​ត្រូនិក (Vape) រួមមាន។
ថ្វី​ដ្បិត​បារី​អេឡិចត្រូនិក និង Sisha ត្រូវបាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ហាម​លក់ និង​ប្រើប្រាស់​ក៏ដោយ ប៉ុន្តែ​បច្ចុប្បន្ន​ឧបករណ៍​ជក់បារី​អេឡិចត្រូនិក​នេះ នៅតែ​ចរាចរណ៍​ខ្លាំង​ដោយមាន​តម្លៃ​ថ្លៃ ចន្លោះ​ពី​២៥​ដុល្លារ ទៅ​១០០​ដុល្លារ ឬ​លើសពីនេះ​ដែល​អាស្រ័យ​ប្រភេទ​នីមួយៗ​។ 
 
ក្នុង​បទសម្ភាស​កន្លងមក​ជាមួយ​សារព័ត៌មានថ្មីៗ លោក មុំ គង់ បាន​កត់សម្គាល់ថា​​៖«​ឧបករណ៍​ជក់បារី​អេឡិចត្រូនិក​មានតម្លៃ​ថ្លៃ សម្រាប់​សិស្សសាលា ដែល​មិនអាច​លទ្ធភាព​ទិញ​បាន​។ ដូច្នេះ​ពួកគេ​រៃ​លុយ​គ្នា​ដើម្បី​ទិញ​ឧបករណ៍​នេះ​ប្រើប្រាស់​រួមគ្នា»​។ 
តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា កាលពីឆ្នាំ​២០២០ ការប្រើប្រាស់​ឧបករណ៍​ជក់បារី​អេឡិចត្រូនិក​រួមគ្នា ក្រៅពី​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​កូ​វីដ-​១៩ គឺ​ថែមទាំង​មាន​ងាយ​មាន​ជំងឺ​ហើម​សួត​, ជំងឺមហារីក​សួត​, ជំងឺ​រលាក​សួត​រ៉ាំរ៉ៃ​, ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​បេះដូង​ជាដើម ដូចនឹង​ការជក់បារី​ធម្មតា​ដែរ​។  
 
​សេចក្តីប្រកាស​ដដែល បាន​អះអាងថា បារី​អេឡិចត្រូនិក គឺ​មិនមែនជា​ឧបករណ៍​ផ្តាច់​បារី​នោះទេ តែ​វា ឧបករណ៍​សម្រាប់​ទាក់ទាញ​យុវជន​វ័យក្មេង​ឱ្យប្រើ​ប្រាស់​ទៅវិញ ព្រោះ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចនេះ​ត្រូវបាន​ឧស្សាហកម្ម​ថ្នាំជក់​ផលិត​រសជាតិ​ច្រើន​ជម្រើស និង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​។ 
 
ក្រសួងអប់រំ មិន​ស្វាគមន៍​ភាពជាដៃគូជាមួយ​ឧស្សាហករថ្នាំជក់

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឆ្លើយតបសារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម ថា កាលពីខែកុម្ភៈ  ក្រសួងបានចេញសេចក្ដីណែនាំហាមមិនឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់នោះឡើយ​។ 
 
«មិនឲ្យ​ទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់ ផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយឧស្សាហកម្មថ្នាំជក់។យើងត្រូវចូលរួមលុបបំបាត់ សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់តាមគ្រប់រូបភាព»។ នេះបើតាមការ​អះអាង​របស់​លោក រស់ សុវាចា។
អ្នកនាំ​ពាក្យក្រសួងអប់រំរូបនេះ បាន​បន្ថែម​ថា ករណីមានការលំបាកដល់ការអប់រំ នៅតាមគ្រឹះស្ថានសិក្សា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់វិធានការរដ្ឋបាល។ បើចាំបាច់ត្រូវ​សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ខេត្ត-រាជធានី ដែលជាសេនាធិការរបស់ក្រសួងអប់រំ។ 
 
ជុំវិញរឿងនេះ ក្នុងករណី​គ្មានចំណាត់​ការពីមន្ត្រីអប់រំ ក្រសួងមានវិធានការរដ្ឋបាល ២កម្រិត។ វិធានការរដ្ឋបាលថ្នាក់ទី១ គឺស្តីបន្ទោសជាលាយលក្ខណ៍ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខ័ណ្ឌ។
 
ក្រសួងព័ត៌មាន​ក៏បានរួម​ចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងបារីផងដែរ តាមរយៈការហាមឃាត់រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់តាមរយៈបណ្តាញព័ត៌មាន។
 


ដំឡើងពន្ធ​ថ្នាំជក់-បារី
 
បើតាម​លោក មុំ គង់ ដើម្បីបង្ការយុវជន និងកុមារកុំឱ្យជក់ទៀត គឺត្រូវដំឡើង​ពន្ធបារីឱ្យបានខ្ពស់ និង​ត្រូវពង្រឹងការអប់រំដល់យុវជន តាមរយៈការដាក់សារណែនាំលើកញ្ចប់បារី និងត្រូវហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មជុំវិញបារី គ្រប់រូបភាពទាំងអស់។
 
ទាក់ទងនឹង​ពន្ធ ការស្រាវជ្រាវមួយ​របស់​សាកលវិទ្យាល័យ​ជាតិ​មានជ័យ​នាឆ្នាំ​២០២១​ បង្ហាញថា ពលរដ្ឋ​កម្ពុជា​ប្រមាណ​៩៤​ភាគរយ គាំទ្រ​ឱ្យមាន​ការដំឡើង​ពន្ធ​ថ្នាំជក់ ពោលគឺ​គាំទ្រ​ឲ្យ​​ដំឡើង​ដល់ ៦២​ភាគរយ​នៃ​តម្លៃ​លក់រាយ ដែល​ស្មើនឹង​២​ដង​នៃ​ពន្ធ​ថ្នាំជក់​បច្ចុប្បន្ន​។
 
លោក មុំ គង់ បន្តថា៖ «កម្ពុជាយកពន្ធបារីទាបជាងគេ ដោយបារីលក់រាយនៅក្នុងស្រុកយកពន្ធ ២០ភាគរយ ហើយបារីនាំចូលយកពន្ធ ៣០ភាគរយ។ ប៉ុន្តែសិង្ហបុរីគេយកពន្ធជាង ៧០ភាគរយ អ៊ឹចឹងយើងមានគម្លាតពីគេឆ្ងាយមែនទែន»។
 
ឆ្នាំ២០១៤ មានអ្នកប្រើប្រាស់បារីនៅប្រទេសកម្ពុជា មានអត្រា ៣២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលស្មើប្រហែល ១,៥លាននាក់ និងអ្នកដែលចុកថ្នាំប្រហែលជា ៥០ម៉ឺននាក់ ដូច្នេះអ្នកប្រើប្រាស់ថ្នាំជក់សរុបប្រហែល ២លាននាក់។ នេះបើតាមលោក មុំ គង់។
 
​បើតាម​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ការដំឡើង​ពន្ធ​ថ្នាំជក់​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ចំណូល ២៣៥​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ និង​៩៣៣​លាន​ដុល្លារ​ក្នុង​រយៈពេល​១៥ ប្រសិន​អាច​ដំឡើង​ពន្ធ​ដល់​៧៥​ភាគរយ​នៃ​តម្លៃ​បារី​លក់រាយ​។ 
 
​កាលពី​ឆ្នាំ​២០១៩ កម្ពុជា​បាន​ខាតបង់​ប្រាក់ចំណូល​ពន្ធ​ប្រមាណ ២៧៩,៦​ពាន់​លាន​រៀល និង​៥៣២,៣​ពាន់​លាន​រៀល​ក្នុង​ឆ្នាំ​២០២០ ដោយសារ​ខកខាន​មិនបាន​ដំឡើង​ពន្ធ​បារី​បន្ថែម ៥០០​រៀល​ក្នុង​១​កញ្ចប់ និង​១០០០​រៀល​ក្នុង​១​កញ្ចប់​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​មួយ​របស់​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍ (SEATCA)៕
 

Tag:
 សេដ្ឋកិច្ច
  បារី
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com