ជាតិ
ព្រំដែន
មេដឹកនាំកម្ពុជា៖ វៀតណាម មិនត្រូវការយកដីខ្មែរ ឯខ្មែរ ក៏មិនត្រូវការយកដីវៀតណាម
20, Jun 2022 , 6:38 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ផាម មិញ ឈិញ នាយករដ្ឋមន្រ្តីវៀតណាម ចូលរួមក្នុងពិធីរម្លឹកខួប៤៥ឆ្នាំនៃការធ្វើដំណើររបស់សម្តេច ហ៊ុន សែន រួមទាំងសមមិត្ត៤រូបទៀត ឆ្ពោះទៅកាន់វៀតណាម ដើម្បីស្វែងរកជំនួយក្នុងការផ្តួលរំលំរបបខ្មែរក្រហម។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ផាម មិញ ឈិញ នាយករដ្ឋមន្រ្តីវៀតណាម ចូលរួមក្នុងពិធីរម្លឹកខួប៤៥ឆ្នាំនៃការធ្វើដំណើររបស់សម្តេច ហ៊ុន សែន រួមទាំងសមមិត្ត៤រូបទៀត ឆ្ពោះទៅកាន់វៀតណាម ដើម្បីស្វែងរកជំនួយក្នុងការផ្តួលរំលំរបបខ្មែរក្រហម។
នៅចំពោះមុខនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ឈិញ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសថា រវាងកម្ពុជានិងវៀតណាម គ្មានភាគីណា យកដីរបស់ភាគីណាឡើយ។ ការប្រកាសរបស់មេដឹកនាំកម្ពុជា ធ្វើឡើងក្នុងពិធីរម្លឹកខួប៤៥ឆ្នាំនៃដំណើររបស់សមមិត្ត៥រូប ឆ្ពោះទៅទិសខាងកើត ដើម្បីស្វែងរកមធ្យោបាយរំដោះជាតិពីរបបខ្មែរក្រហម ដោយពិធីនេះ ត្រូវបានរៀបចំឡើងនៅតំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។



សម្តេច ហ៊ុន សែន ជាសមមិត្តម្នាក់ក្នុងចំណោមសមមិត្តទាំង៥នាក់ ដែលធ្វើដំណើរឆ្ពោះទៅវៀតណាម កាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីសុំជំនួយមកផ្តួលរំលំរបបខ្មែរក្រហម បានថ្លែងក្នុងពិធីរម្លឹកខួប៤៥ឆ្នាំនៃដំណើរនេះ យ៉ាងដូច្នេះថា៖«[…] វៀតណម មិនត្រូវការយកដីយើង ឯយើង ក៏មិនត្រូវការយកដីវៀតណាមដែរ»។

សំឡេង សម្តេច ហ៊ុន សែន




បន្ថែមពីនេះ សម្តេច ហ៊ុន សែន បាននិយាយសាជាថ្មីម្តងទៀតថា សម្តេច គ្មានសិទ្ធិកាត់ដីខ្មែរសូម្បី១មីលីម៉ែត្រ ប្រគល់ទៅឲ្យវៀតណាមនោះទេ។ ប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងថា អ្វីដែលខ្លួនចង់បាន គឺកម្ពុជានិងវៀតណាម ត្រូវវាស់វែងឬបោះបង្គោលតាមព្រំដែនឲ្យបានត្រឹមត្រូវទៅតាមក្បួនខ្នាត ដែលអាណានិគមបារាំងបានបន្សល់ទុក។

ពាក្យថា គ្មានសិទ្ធិកាត់ដីខ្មែរសូម្បី១មីលីម៉ែត្រឲ្យវៀតណាម សម្តេច ហ៊ុន សែន ទើបនឹងបានលើកឡើង កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ គឺនៅពេលសម្តេច ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសស្វីស។ សម្តេច ទៅស្វីសនាពេលនោះ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។

កន្លងមក កម្ពុជា និងវៀតណាម បានបោះបង្គោលព្រំដែនជាមួយគ្នាបាន៨៤ភាគរយរួចមកហើយ ហើយនៅពេលថ្មីៗនេះ ទើបនឹងសម្រេចបាន៦ភាគរយបន្ថែមទៀត។ ការបោះបង្គោលព្រំដែននៃប្រទេសទាំង២ នៅសល់តែ១០ភាគរយទៀតប៉ុណ្ណោះ៕

Tag:
 ហ៊ុន សែន
  វៀតណាម
  ព្រំដែនកម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com