ជាតិ
ការនាំចេញត្រីប្រាកម្ពុជាទៅចិនលើកដំបូង នឹងពន្យារពេលដោយសារបញ្ហាតម្លៃ និងបច្ចេកទេស
21, Jun 2022 , 2:40 pm        
រូបភាព
(រូបពី សមាគមវារីវប្បករនៅកម្ពុជា)
(រូបពី សមាគមវារីវប្បករនៅកម្ពុជា)
ភ្នំពេញ៖ គម្រោងនាំចេញត្រីប្រា ទៅកាន់ទីផ្សារចិន ត្រូវពន្យារពេលដល់ខែកក្កដា ឬយូរជាងនេះ ដោយសារបញ្ហាបច្ចេកទេសនាំចេញ ខណៈក្រុមហ៊ុន និងកសិករពុំទាន់ចរចាតម្លៃត្រូវគ្នានៅឡើយ។ បច្ចុប្បន្ន មានក្រុមហ៊ុនតែមួយប៉ុណ្ណោះ ដែលទទួលបានសិទ្ធនាំចេញត្រីប្រាទៅចិនប្រមាណ ២៥ ឬ៣០តោនក្នុងមួយខែ។

 
លោក ថាយ សុមុនីប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផលបានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ការនាំចេញត្រីប្រា ទៅកាន់ទីផ្សារចិនមានភាពយឺតយ៉ាវបន្តិចដែលទំនងមកពីបញ្ហាបច្ចេកទេស និងតម្លៃមិនទាន់ត្រូវគ្នារវាងក្រុមហ៊ុននាំចេញ និងកសិករ។ទោះជាយ៉ាងណា ក្រុមហ៊ុន បានសន្យាជាមួយរដ្ឋបាលជលផល នឹងនាំចេញឱ្យបាន២៥ទៅ៣០តោនក្នុងមួយខែសិននាពេលខាងមុខ។ 
 
លោក ពន្យល់ដូច្នេះថា៖«មកដល់ពេលនេះ ក្រុមហ៊ុនដែលទទួលទិញត្រីប្រាពុំទាន់កំណត់តម្លៃជាក់លាក់ជាមួយកសិករនៅឡើយ។ កសិករ ទាមទារតម្លៃ៥៥០០រៀលក្នុងមួយគីឡូក្រាម តែក្រុមហ៊ុនរអ៊ូថា ថ្លៃបន្ដិច ប៉ុន្តែ យ៉ាងណារដ្ឋបាលជលផលបានព្យាយាមសម្របសម្រួល ធ្វើមិចឱ្យនាំចេញបាន ២០ទៅ៣០តោនសិន»។ 
 
បច្ចុប្បន្ន មានតែក្រុមហ៊ុន ហ៊ុនទី មួយប៉ុណ្ណោះដែលទទួលបានសិទ្ធនាំចេញត្រីប្រាទៅកាន់ទីផ្សារប្រទេសចិន។ ស្របពេល រដ្ឋបាលជល រំពឹងថានៅពេលស្ថានភាពកូវីដ-១៩ស្ងប់ស្ងាត់ នឹងអាចមានក្រុមចិនផ្សេងទៀតងាកមកវិនិយោគនាំចេញត្រីប្រាដោយផ្ទាល់ពីកម្ពុជា ទៅចិន។ 
 
ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផលរូបនេះលើកឡើងថា ការនាំចេញត្រីប្រាទៅកាន់ប្រទេសចិននេះនឹងផ្ដល់ប្រយោជន៍ច្រើនដល់កសិករកម្ពុជាលើផ្នែកទីផ្សារ បង្កើនប្រាក់ចំណូលនិងការងារបន្ថែមដល់វារីវប្បករ។  
 
ស្របពេល ការចិញ្ចឹមត្រីប្រាកើនឡើង ហើយការបញ្ជាទិញមានតិចតួច លោក ថាយសុមុនី បានប្រកាសឱ្យ ក្រុមហ៊ុនដ៏ទៃទៀតដែលមានបំណង នាំចេញត្រីប្រាទៅចិនប្រញាប់មកដាក់ពាក្យមកកាន់រដ្ឋបាលជលផល ដើម្បីសុំសិទ្ធ និងគោលការណ៍នាំចេញផ្សេងៗ។មកដល់ពេលនេះ មានកសិករដ្ឋានចំនួន ៣ដែលមានលទ្ធភាពនាំចេញត្រីប្រា ទៅកាន់ប្រទេសចិនបាន។ក្នុងមួយកសិដ្ឋានៗ អាចផលិតត្រីប្រាបានរហូតដល់ ៣ទៅ៤ពាន់តោនក្នុងមួយឆ្នាំ។ 
 
សូមបញ្ជាក់ថា ការនាំចេញត្រីប្រាទៅចិនបានត្រូវឆ្លងកាត់ការ​ត្រួតពិនិត្យគុណភាព និង​សុវត្ថិភាព។ ចំណែកការចិញ្ចឹមវិញត្រូវអនុវត្តគោលការណ៍វារីវប្បកម្មល្អ ដែលប្រើប្រភពទឹកគ្មានជាតិពុលនិងការឱ្យចំណីមិនត្រូវប្រើអកម៉ូន ជាពិសេសមិនត្រូវប្រើថ្នាំព្យាបាលខុសបច្ចេកទេស រួមទាំងការអនាម័យក្នុងកសិដ្ឋានជាដើម។រីឯ ការនាំចេញនេះ គឺជាប្រភេទ សាច់បង្កក ដែលតម្រូវឱ្យ​អ្នកចិញ្ចឹមនិងរោងចក្រវិចខ្ចប់ ចាំបាច់មានប្រព័ន្ធត្រួតពិនិត្យស្ដង់ដារមួយច្បាស់លាស់មុននាំចេញទៅចិន៕ 
 
 

Tag:
 ត្រីប្រា
 ការនាំចេញត្រីប្រា
  ទីផ្សារចិន
© រក្សាសិទ្ធិដោយ thmeythmey.com