ជាតិ
បោះឆ្នោត
រដ្ឋមន្រ្តីមហាផ្ទៃ វាយតម្លៃថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដំណើរការដោយ «ល្អឥតខ្ចោះ»​
21, Jun 2022 , 4:59 pm        
រូបភាព
សម្តេច ស ខេង ដាក់ចង្អុលដៃជ្រលក់ក្នុងដបទឹកខ្មៅ បន្ទាប់ពីដាក់សន្លឹកឆ្នោត ចូលក្នុងហិបឆ្នោតរួច សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។
សម្តេច ស ខេង ដាក់ចង្អុលដៃជ្រលក់ក្នុងដបទឹកខ្មៅ បន្ទាប់ពីដាក់សន្លឹកឆ្នោត ចូលក្នុងហិបឆ្នោតរួច សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។
ដោយ៖ ទេពញាណ 
 
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខសម្រាប់ការបោះឆ្នោត មើលឃើញពីភាពល្អប្រសើរយ៉ាងខ្លាំងនៃដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ សម្តេច បានសរសើរពីដំណើរការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តពោធិរង្សី (វត្តត្រពាំងទទឹម) នៅស្រុកកញ្ច្រៀច ខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។


ប្រធានគណៈបញ្ជាការសន្តិសុខសម្រាប់ការបោះឆ្នោត បានអះអាងដូច្នេះថា៖«ការបោះឆ្នោតកន្លងទៅនេះ ជាការបោះឆ្នោតល្អឥតខ្ចោះ។ ប៉ុណ្ណឹងហើយ នៅមានអ្នកថា លួចបន្លំ។ មាត់ចេះតែថាលួចបន្លំ តែដៃទទួលយកលទ្ធផលបោះឆ្នោត។ ចុះបើគេ លួចបន្លំហើយ ចាំបាច់យកធ្វើអី? ចេះតែនិយាយទៅកើត និយាយឲ្យតែបាន ដូចថា និយាយអត់ទទួលខុសត្រូវ ហើយនិយាយដោយបំពានការពិត»។ 
 
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និយាយក្នុងបទសម្ភាសជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី កន្លងមកថា លទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋឡើយ ដ្បិតការបោះឆ្នោតនេះ មានការបំភិតបំភ័យ មានការទិញសន្លឹកឆ្នោត និងមានការលួចបន្លំសន្លឹកឆ្នោត ជាដើម។ លោក ថែមទាំងលើកឡើងថា ការបោះឆ្នោតលើកនេះ ត្រូវបានគ្រប់គ្រងទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនឯករាជ្យនោះទេ។ 
 
ការចោទសួរថា «បើការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មានការលួច ឬការបន្លំសន្លឹកឆ្នោត ចុះហេតុអ្វី គណបក្សភ្លើងទៀន នៅទទួលយកអាសនៈឃុំ-សង្កាត់ ដែលទទួលពីការបោះឆ្នោតនេះ?» ត្រូវលោក សុន ឆ័យ បកស្រាយថា សន្លឹកឆ្នោតមួយចំនួនដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋ ត្រូវគេបំបាត់ ហើយសន្លឹកឆ្នោតមួយចំនួនទៀត បាននៅសល់ ដោយសារការពារបាន។ 
 
លោក បកស្រាយបន្តថា គណបក្សភ្លើងទៀត បានយកសន្លឹកឆ្នោតដែលនៅសល់ ព្រោះជាសន្លឹកឆ្នោតរបស់ខ្លួន ដែលទទួលបានពីប្រជាពលរដ្ឋ ហើយការតស៊ូ និងការតវ៉ាទៅលើសន្លឹកឆ្នោត ដែលបាត់ ត្រូវលោកចាត់ទុកថាជារឿងធម្មតា។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ បញ្ជាក់ដូច្នេះថា៖«វា មិនដែលអ្នកណាទៅឲ្យគេប្រមូលយកទាំងអស់នោះទេ»។
 
គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប មិនអាចអត់ទ្រាំនឹងសម្តីរបស់លោក សុន ឆ័យ ក៏បានប្តឹងលោក ទៅតុលាការភ្នំពេញ។ គណបក្សប្រជាជនកម្ពុជា ទាមទារឲ្យតុលាការដាក់ទោសលោកតាមច្បាប់ និងតម្រូវឲ្យលោកបង់ប្រាក់ជិត១លានដុល្លារ ទុកជាការសងជំងឺចិត្ត។ គ.ជ.ប មិនទាមទារឲ្យបង់ប្រាក់ឡើយ ដោយគ្រាន់តែទាមទារឲ្យតុលាការដាក់ទោសលោកតាមច្បាប់ និងតម្រូវឲ្យលោក សុំទោសគ.ជ.ប។ តុលាការ មិនទាន់កោះហៅលោក ទៅសួរនៅឡើយទេ។ 
 
សម្តេច ស ខេង មានប្រសាសន៍ក្នុងពិធីខាងលើថា ការឈរជើងរបស់កម្លាំងសមត្ថកិច្ច ក្នុងការការពារសន្តិសុខតាមការិយាល័យបោះឆ្នោតជាង១ម៉ឺនការិយាល័យនៅទូទាំងប្រទេស បានទទួលជោគជ័យ ដោយមិនមានបញ្ហាអ្វីកើតឡើងក្នុងថ្ងៃបោះឆ្នោតឡើយ។ រដ្ឋមន្រ្តីមហាផ្ទៃ ពុំទាន់បានឮអន្តរជាតិណាមួយ វាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជាលើកនេះ មិនល្អនោះទេ។ 
 
សម្តេចប្រធានគណៈបញ្ជាការសន្តិសុខសម្រាប់ការបោះឆ្នោត រៀបរាប់ពីចំណុចល្អៗទៀតថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ បានប្រព្រឹត្តទៅតាមគោលការណ៍ប្រជាធិបតេយ្យ ដោយគ្រប់គណបក្ស បានធ្វើសកម្មភាពព្រមៗគ្នាដោយសេរី គ្មានការគំរាមកំហែង គ្មានការគាបសង្កត់ និងគ្មានអំពើហិង្សា។ សម្តេច បន្តថា រីឯប្រជាពលរដ្ឋ បានចេញទៅបោះឆ្នោតដោយគ្មានការភ័យខ្លាច ការគំរាមកំហែង ការសម្លុតពីសមត្ថកិច្ច ឬពីអ្នកណាឡើយ។ សម្តេច បន្ថែមថា លទ្ធផលដ៏ល្អនៃការបោះឆ្នោតឃុំ-សង្កត់ទៅតាមគោលការណ៍ប្រជាធិបតេយ្យនេះ គឺជាមោទនភាពរបស់កម្ពុជា និងធ្វើឲ្យកម្ពុជាលេចមុខមាត់ថែមទៀតលើឆាកអន្តរជាតិ។ 
 
ក្រោយការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានបញ្ចប់ គណបក្សនានា ក្នុងចំណោមគណបក្សទាំង១៧ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន ដោយគណបក្សខ្លះ សរសើរការបោះឆ្នោត និងគណបក្សខ្លះ រិះគន់ការបោះឆ្នោត។ ចំពោះគណបក្សដែលរិះគន់ការបោះឆ្នោត មានតែគណបក្សភ្លើងទៀនទេ ដែលនៅត្រាំត្រែងយូរជាងគេក្នុងការរិះគន់លើការបោះឆ្នោត។ 
 
គណបក្សភ្លើងទៀន មិនបានបញ្ចប់ការរិះគន់នៅត្រឹមការចេញសេចក្តីថ្លែងការណ៍នោះទេ ដោយបន្តរិះគន់ការបោះឆ្នោតតាមរយៈសន្និសីទសារព័តមានរបស់ខ្លួន និងតាមរយៈបណ្តាញសារព័ត៌មានថែមទៀត។ អ្នកដែល ចេញមុខមាត់ច្រើនជាងគេក្នុងការរិះគន់លើការបោះឆ្នោត គឺលោក សុន ឆ័យ និង លោក ថាច់ សេដ្ឋ ដែលជាអនុប្រធានទាំង២រូបរបស់គណបក្សភ្លើងទៀន។ 
 
គេ បានដឹងលទ្ធផលក្រៅផ្លូវការថា ក្នុងចំណោមអាសនៈឃុំ-សង្កាត់ជាង១,១ម៉ឺនអាសនៈ សម្រាប់អាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈជាង៩,៣ពាន់ ខណៈគណបក្សភ្លើងទៀន ទទួលបានជាង២ពាន់អាសនៈ។ លទ្ធផលផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២៕ 
 

Tag:
 ស ខេង
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com