កីឡាជាតិ
ជាតិ
ញឹម លីហួរ ចុះកុងត្រា២ឆ្នាំ ជាមួយណាហ្គាវើល ជាលក្ខណៈខ្ចីជើង
21, Jun 2022 , 5:29 pm        
រូបភាព
កីឡាករ ញឹម លីហួរ ពេលចុះកុងត្រា ជាមួយ ក្លិបណាហ្គាវើលដ៍(ប្រភព Nagaworld FC)
កីឡាករ ញឹម លីហួរ ពេលចុះកុងត្រា ជាមួយ ក្លិបណាហ្គាវើលដ៍(ប្រភព Nagaworld FC)
ដោយ៖ហៀក ឆក

ក្លិបបាល់ទាត់ ណាហ្គាវើលដ៍ សម្រេចចុះកុងត្រានាំយកខ្សែការពារកណ្តាល ញឹម លីហួរ ពីក្លិបបាល់ទាត់ វិសាខា ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ ដើម្បីចូលរួមជាមួយក្រុមប្រកួតពានរង្វាន់បាល់ទាត់ ខេមបូឌានព្រីមៀរលីគ ២០២២។ ក្លិប និងកីឡាករ ចុះកុងត្រាហើយ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។


ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បាននាំយកខ្សែការពារចំណូលថ្មីពីក្លិបបាល់ទាត់ វិសាខា ក្នុងលក្ខខណ្ឌខ្ចីជើង ២រដូវកាល។ ជុំវិញការនាំយកខ្សែការពាកណ្តាលរូបនេះ គ្រូបង្វឹកក្លិបបាល់ទាត់ណាហ្គាវើលដ៍លោក ឃឹម បូរី ប្រាប់សារព័ត៌មានថ្មីៗ តាមរយៈ តេឡេក្រាមថា ញឹម លីហួរ ជាកីឡាករមានបច្ចេកទេស និងលក្ខខណ្ឌគ្រប់គ្រាន់ ដែលអាចចូលរួមជាមួយក្លិបបាន។
 
«មុននឹងយើងយកគាត់មកយើងបានតាមដានវីដេអូគាត់លេងកន្លងមក លក្ខខណ្ឌដែលល្អគឺកាយសម្បទារបស់គាត់ ហើយគាត់មានបច្ចេកទេស ក៏ដូចជានៅវ័យក្មេង ជាហេតុដែលនាំឲ្យយើងពិភាក្សាគ្នាសម្រេចនាំគាត់មកជួយបំពេញនូវចន្លោះខ្វះខាតនៅក្នុងដំណែងនេះផងដែរ»។ សម្តីលោក ឃឹម បូរី។
 
គ្រូបង្វឹករូបនេះ រំពឹងថា ក្រុមនឹងទទួលបានជោគជ័យ ព្រោះជើងទី១ ក្រុមរបស់លោកធ្វើបានល្អច្រើន ។ «យើងធ្វើបានល្អគួរសមសម្រាប់ជើងទី១ ហើយចំពោះការហ្វឹកហាត់រាល់ថ្ងៃនេះ ចំពោះយើងគឺតែងតែដាស់តឿនចំពោះកីឡាករ ពួកគាត់តែងតែខំប្រឹងហ្វឹកហាត់ខ្លាំង សម្រាប់ខ្លួនឯងក៏ដូចជាក្លិបផងដែរ»។ លោក បុរី បន្ថែម។
 
លីគកំពូលកម្ពុជា នឹងចាប់ផ្តើមបើកការប្រកួតឡើងវិញ បន្ទាប់ពីអាក់ខានដោយសារជម្រើសជាតិ ត្រូវប្រមូលកីឡាករប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម និងជម្រុះ Asian Cup នៅឥណ្ឌា កន្លងមក ។ ការប្រកួតឡើងវិញ នា សប្តាហ៍ទី៨នេះ មាន៤ក្រុម ត្រូវប្រជែងគ្នា ដោយក្រុមបាល់ទាត់ណាហ្គាវើលដ៍ ជួប បឹងកេត អេហ្វស៊ីនាកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។ ចំណែកព្រះខ័នរាជស្វាយរៀង ជួប គីរីវង់សុខសែនជ័យ អេហ្វស៊ី ។
 
បច្ចុប្បន្ន ណាហ្គាវើលដ៍ ឈរលេខ ៣ ក្នុងតារាងពានរង្វាន់ ខេមបូឌាន ព្រីមៀរលីគ ក្រោយឆ្លងកាត់៧ប្រកួត ឈ្នះ៣ ស្មើ២ ចាញ់២ មាន១១ពិន្ទុ។ គួររម្លឹកផងដែរថា ក្លិបបាល់ទាត់ ណាហ្គាវើលដ៍ ជាម្ចាស់ជើងឯក ៣សម័យនៃពានរង្វាន់ ខាមបូឌានលីគ ឆ្នាំ២០០៧,២០០៩ និង ២០១៨ និងឈរលេខ២ ៤រដូវកាល និងឈរលេខ៣ ៤រដូវកាល៕
 

Tag:
 បាល់ទាត់
 ណាហ្គាវើលដ៍
 ញឹម លីហួរ
© រក្សាសិទ្ធិដោយ thmeythmey.com