ជាតិ
សេដ្ឋកិច្ច
ការផ្តល់កម្ចីជាប្រាក់«រៀល»ពីវិស័យធនាគារ កើនដល់១១,៤ភាគរយ 
×![]()
ភ្នំពេញ៖ ការផ្តល់កម្ចីជាប្រាក់រៀល របស់វិស័យធនាគារទៅឱ្យពលរដ្ឋបានកើនពី១,៦ភាគរយ នៅក្នុងឆ្នាំ២០១៦ ដល់ ១១,៤ភាគរយនៃកម្ចីសរុបដែលមានទំហំទឹកប្រាក់ប្រមាណ៣៦,៨ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១។ នេះបើយោងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)។
ទឹកប្រាក់ប្រមាណ ១៧ទ្រីលានរៀល (ជិត៤,២ពាន់លានដុល្លារ) គឺជាកម្ចីជាប្រាក់រៀលដែលវិស័យធនាគារផ្តល់ឱ្យអតិថិជន នៅក្នុងឆ្នាំ២០២១។ ចំណែកនៃប្រាក់កម្ចីជាប្រាក់រៀលដែលធនាគារផ្តល់ឱ្យពលរដ្ឋ ហាក់មានភាពល្អប្រសើរ បន្ទាប់ពីNBCប្រកាសឱ្យធនាគារទាំងអស់នៅកម្ពុជា ត្រូវផ្តល់ឥណទានជាប្រាក់រៀល ឱ្យបានយ៉ាងហោចណាស់១០ភាគរយនៃឥណទានសរុបរបស់ខ្លួន។
រយៈពេល៦ឆ្នាំបន្ទាប់ពីការប្រកាសនេះ ចំនួននៃការផ្តល់កម្ចីជាប្រាក់រៀលពីធនាគារទៅឱ្យអតិថិជន នោះបានសម្រេចទៅតាមលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។ របាយការណ៍ស្ថេរភាពរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា កម្ចីជាប្រាក់រៀលដែលធនាគារផ្តល់ឱ្យអតិថិជនបានកើនបន្តិចៗម្តងៗ ពី១,៥ភាគរយ ក្នុងឆ្នាំ២០១៦ ដល់១១,៤ភាគរយនៃទំហំកម្ចីសរុប៣៦,៨ពាន់លានក្នុងឆ្នាំ២០២១ ខណៈទំនោរនៃការផ្តល់កម្ចីជាប្រាក់រៀលនេះ អាចមានកំណើនជាបន្តបន្ទាប់ទៀត។
ដោយឡែក នៅក្នុងចំណោមទំហំឥណទានសរុប៨,៥ពាន់លានដុល្លាររបស់វិស័យមីក្រូហិរញ្ញវត្ថុវិញ គឺមានប្រមាណ២០ភាគរយ ដែលស្មើនឹង២,១ពាន់លានដុល្លា ជាកម្ចីប្រាក់រៀល។ នេះជាការលើកឡើងរបស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដោយបញ្ជាក់ថា ការផ្តល់ឥណទានជាប្រាក់រៀលរបស់មីក្រូហិរញ្ញវត្ថុឱ្យអតិថិជននោះ មានភាគច្រើននៅតាមខេត្ត ឬនៅតាមតំបន់ដាច់ស្រយាល ។ ជាពិសេស គឺប្រើប្រាស់ប្រាក់រៀល លើវិស័យកសិកម្ម ។
បើតាមលោក កាំង តុងងី ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែប្រសើរថែមទៀត គ្រឹះស្ថានសមាជិកទាំង១២១របស់CMA បានផ្តល់អត្រាការប្រាក់ដ៏ទាក់ទាញ សម្រាប់ប្រាក់សន្សំ និងឥណទានជាប្រាក់រៀល។ លោកបានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាថ្ងៃទី២០មិថុនា ឆ្នាំ២០២២ ថា៖« ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន ជំរុញសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ ហើយផ្តល់នូវឯករាជ្យភាព និងភាពស៊ាំដល់សេដ្ឋកិច្ចកម្ពុជា»៕
© រក្សាសិទ្ធិដោយ thmeythmey.com