កីឡាជាតិ
ជាតិ
គ្រូបង្វឹកភ្នំពេញក្រោន៖ ក្រោយឈ្នះពាន League Cup ក្លិបកាន់តែមានទំនុកចិត្តក្នុងការប្រកួត AFC Cup ក្រុមបាល់ទាត់ភ្នំពេញក្រោន ហ្វឹកហាត់នៅកីឡដ្ឋាន Smart RSN(ប្រភព Phnom Penh Crown FC)
×
ដោយ៖ហៀក ឆក
គ្រូបង្វឹកភ្នំពេញក្រោនលោក Oleg starynskyi ប្ដេជ្ញាសម្រេចកំណត់ត្រាថ្មីរបស់ក្លិប នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ AFC Cup 2022 ដែលត្រូវប្រកួតនាថ្ងៃទី២៤ ដល់ ៣០ ខែមិថុនា នាកីឡដ្ឋាន Thong Nhat ក្រុងហូជីមិញ ប្រទេសវៀតណាម។
មុនការប្រកួតមកដល់ លោក Oleg starynskyi គ្រូបង្វឹកក្រុមបាល់ទាត់ភ្នំពេញក្រោន បាននិយាយថា លោករង់ចាំការប្រកួតនេះ ពេញ១ឆ្នាំហើយ ព្រោះវាជាជំហានដ៏ធំមួយក្នុងប្រវត្តិសាស្ត្រក្លិប ។ លោករំពឹងថា កូនក្រុមលោកនឹងធ្វើបានល្អ សម្រាប់ការប្រកួតពានរង្វាន់មួយនេះ។
គ្រូបង្វឹក ភ្នំពេញក្រោន ប្រាប់សារព័ត៌មានថ្មីៗតាមInstagram ថា៖«អ្នកគាំទ្របាល់ទាត់កម្ពុជាគ្រប់រូបអាចមានមោទនភាពចំពោះការប្រកួត និងលទ្ធផលរបស់យើង»។
កាលពីពេលថ្មីៗនេះ ភ្នំពេញក្រោន បានចាញ់ក្រុម Terenganu របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ក្នុងជំនួបមិត្តភាពអន្តរជាតិ។ ដោយឡែកសម្រាប់ការប្រកួតពាន AFC Cup 2022 នេះវិញ ភ្នំពេញក្រោននឹងលេងដោយមានទំនុកចិត្តខ្ពស់ ក្រោយក្លិបទើបឈ្នះពានរង្វាន់ ខេមបូឌាន លីគខាប់ ២០២២ កន្លងមកនេះ។ លោកប្តេជ្ញាប្រឹងប្រែងជាអតិបរមា ដើម្បីសម្រេចបាននូវគោលដៅរបស់ក្រុមលោក។
គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះ បាននិយាយថា «ការរៀបចំបានយ៉ាងល្អនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីស្វែងយល់ពីភាពខ្លាំងនៃការប្រកួតអន្តរជាតិ និងកាលវិភាគតឹងតែងសម្រាប់ការប្រកួត AFC Cup។ ការឈ្នះពាន League Cup ក៏ផ្តល់ឱ្យយើងនូវទំនុកចិត្តផងដែរ»។
ភ្នំពេញក្រោន ជាម្ចាស់ជើងឯកពានរង្វាន់ ខេមបូឌាន លីគខាប់ ២០២២ និងលីគកំពូលកម្ពុជា ២០២១។ ប្រកួតដំបូងរបស់ខ្លួនក្នុងព្រឹត្តការណ៍ពានរង្វាន់បាល់ទាត់ AFC Cup 2022 ភ្នំពេញក្រោន ជួបក្រុមរួមពូល I សិង្ហបុរី Houngang United ថ្ងៃទី២៤ ខែមិថុនា ។ ២ថ្ងៃបន្ទាប់ជួបក្រុមម្ចាស់ផ្ទះ Vietle FC(វៀតណាម) និងចុងក្រោយជួប Young Elephants (ឡាវ) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នាកីឡដ្ឋាន Thong Nhat ក្រុងហូជីមិញ ប្រទេសវៀតណាម៕
Tag:
បាល់ទាត់
AFC Cup
Oleg starynskyi
© រក្សាសិទ្ធិដោយ thmeythmey.com