ជាតិ
បោះឆ្នោត
បេក្ខជនជាប់ឆ្នោតជាមេឃុំម្នាក់របស់បក្សភ្លើងទៀន ត្រូវចាប់ខ្លួនពី «បទប្លន់ម៉ាស៊ីនភ្លើង» តាំងពី២០ឆ្នាំមុន
21, Jun 2022 , 6:12 pm        
រូបភាព
លោក ញឹម សារ៉ុម ជាបេក្ខជនរបស់គណបក្សភ្លើងទៀន ដែលជាប់ឆ្នោតជាមេឃុំនៅឃុំចំណាលើ។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក ញឹម សារ៉ុម ជាបេក្ខជនរបស់គណបក្សភ្លើងទៀន ដែលជាប់ឆ្នោតជាមេឃុំនៅឃុំចំណាលើ។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក ញឹម សារ៉ុម បេក្ខជនគណបក្សភ្លើងទៀន ដែលទើបនឹងជាប់ឆ្នោតជាមេឃុំ នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ពីបទប្លន់ តាំងពី២០ឆ្នាំមុនមកម្ល៉េះ។ លោក សាយ វាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការខេត្តកំពង់ធំ ប្រាប់សារព័ត៌មានថ្មីៗថា លោក ញឹម សារ៉ុម ពិតជាត្រូវចាប់ខ្លួនមែន។



លោកព្រះរាជអាជ្ញារង សាយ វាសនា លើកឡើងថា ការចាប់លោក ញឹម សារ៉ុម គឺធ្វើទៅតាមដីការបស់ចៅក្រមស៊ើបសួរ។ ព្រះរាជអាជ្ញារងរូបនេះ បន្ថែមថា ក្នុងដីការបស់ចៅក្រមស៊ើបសួរ លោក ញឹម សារ៉ុម ត្រូវបានចោទពីបទប្លន់ ដែលប្រព្រឹត្តតាំងពី២០០២។ លោក បញ្ជាក់ថា៖«ឥឡូវគេនាំគាត់ ទៅពន្ធនាគារហើយ»។

លោក រៀបរាប់ពីអង្គហេតុថា លោក ញឹម សារ៉ុម និងបក្សពួក៣នាក់ទៀត បានទៅប្លន់យកម៉ាស៊ីនភ្លើង១ ពីអ្នកដទៃ នៅស្រុកស្ទោង ខេត្តកំពង់ធំ កាលពីឆ្នាំ២០០២។ លោក បន្តថា ពេលនោះ ជនល្មើសទាំង៤នាក់ បានប្រើអំពើហិង្សាលើម្ចាស់ម៉ាស៊ីនភ្លើង ដោយចាប់ដៃម្ចាស់ម៉ាស៊ីនភ្លើងព័ទ្ធទៅក្រោយ ហើយថែមទាំងគំរាមស្លាប់ទៀត បើមិនប្រគល់ម៉ាស៊ីនភ្លើងឲ្យពួកគេ។ លោក ពុំដឹងថា ម៉ាស៊ីនភ្លើងនោះ មានតម្លៃប៉ុន្មានឡើយ ដោយលោក គ្រាន់តែដឹងថា ម៉ាស៊ីនភ្លើងនោះ គឺប្រភេទយ៉ាម៉ាហា (Yamaha) ដែលជាប្រភេទម៉ាស៊ីនភ្លើងធំ។ លោក ប្រាប់ថា ចំពោះបក្សពួក៣នាក់ទៀតរបស់លោក ញឹម សារ៉ុម សមត្ថកិច្ច មិនទាន់ចាប់បាននោះទេ។

ជុំវិញការចាប់លោក ញឹម សារ៉ុម សារព័ត៌មានថ្មីៗ ពុំទទួលបានការឆ្លើយតបពីលោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀតឡើយ ដោយសារលេខទូរស័ព្ទរបស់លោក មិនអាចហៅចូល។ 

លោក ស៊ិត វណ្ណៈ ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ធំ ធ្លាប់បានចេញដីកាតាំងពីឆ្នាំ២០១២ បង្គាប់ឲ្យសមត្ថកិច្ច តាមចាប់លោក ញឹម សារ៉ុម ពីបទប្លន់។ ការចេញដីការបស់លោកចៅក្រមស៊ើបសួរ គឺនៅ១០ឆ្នាំក្រោយនៃការកើតឡើងនូវអំពើប្លន់នេះ។ ដីការបស់លោក ដែលចេញនៅឆ្នាំ២០១២ ត្រូវបានសារព័ត៌មានមួយចំនួន យកទៅផ្សព្វផ្សាយឡើងវិញ ដោយភ្ជាប់ជាមួយអត្ថបទព័ត៌មានអំពីការចាប់លោក ញឹម សារ៉ុម។  

គណបក្សភ្លើងទៀន បានផ្សព្វផ្សាយព័ត៌មានខ្លីអំពីការចាប់លោក ញឹម សារ៉ុម លើទំព័រហ្វេសប៊ុករបស់ខ្លួន តែគណបក្សភ្លើងទៀន ប្រាប់សាធារណជនថា ពុំទាន់ដឹងមូលហេតុនៃការចាប់ខ្លួននេះទេ។ 

ក្រោយសមត្ថកិច្ចចាប់ខ្លួន ប្រវត្តិសង្ខេបរបស់លោក ញឹម សារ៉ុម ក៏ត្រូវបានលោក ស៊ុន ចន្ធី ប្រធានក្រុមការងារកិច្ចការបោះឆ្នោតនៃគណបក្សភ្លើងទៀនខេត្តកំពង់ធំ បង្ហោះលើទំព័រហ្វេសប៊ុក។ យោងតាមប្រវត្តិសង្ខេបនេះ លោក ញឹម សារ៉ុម ធ្លាប់ជាប់ឆ្នោតនៅមូលដ្ឋាន២លើករួចមកហើយ គឺធ្លាប់ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សានៅឃុំចំណាលើ មកពីគណបក្ស សម រង្ស៊ី កាលពីឆ្នាំ២០១២ ហើយនៅឆ្នាំ២០១៧ លោក ជាប់ឆ្នោតជាជំទប់ទី១ នៅឃុំចំណាលើដដែល មកពីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយចោលនៅចុងឆ្នាំ២០១៧។ លោក ស៊ុន ចន្ធី អះអាងថា ក្រៅពីតួនាទីជាមន្រ្តីមូលដ្ឋាន លោក ញឹម សារ៉ុម ថែមទាំងជាអាចារ្យវត្តនៅវត្តក្តីស្រងែ ក្នុងឃុំចំណាលើទៀតផង។  

ព័ត៌មានក្រៅផ្លូវការ បង្ហាញការថា គណបក្សភ្លើងទៀន ទទួលបានអាសនៈឃុំ-សង្កាត់ជាង២ពាន់អាសនៈ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ដោយក្នុងនោះ អាសនៈ៤ ជាតំណែងមេឃុំ គឺតំណែងមេឃុំ៣ នៅខេត្តកំពង់ធំ និងតំណែងមេឃុំ១ នៅខេត្តកំពង់ចាម។ ផ្នែកតាមព័ត៌មានក្រៅផ្លូវការដដែល លោក ញឹម សារ៉ុម ជាបេក្ខជនម្នាក់របស់គណបក្សភ្លើងទៀន ដែលទទួលបានតំណែងមេឃុំ ក្នុងចំណោមតំណែងមេឃុំទាំង៣ នៅខេត្តកំពង់ធំ។ លទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ នឹងត្រូវប្រកាស នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២៕

Tag:
 គណបក្សភ្លើងទៀន
  ញឹម សារ៉ុម
© រក្សាសិទ្ធិដោយ thmeythmey.com