អន្តរជាតិ
កម្ពុជា ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ​ដោយមានវត្តមានរដ្ឋមន្រ្តីការពារជាតិមីយ៉ាន់ម៉ាដែរ
22, Jun 2022 , 9:41 am        
រូបភាព
 រដ្ឋមន្រ្តីការពារជាតិអាស៊ាន ថតរូបជុំគ្នានៅពិធីបើកកិច្ចប្រជុំនៅក្រសួងការពារជាតិ។ រូបថត ទូច សុវណ្ណឌី
រដ្ឋមន្រ្តីការពារជាតិអាស៊ាន ថតរូបជុំគ្នានៅពិធីបើកកិច្ចប្រជុំនៅក្រសួងការពារជាតិ។ រូបថត ទូច សុវណ្ណឌី
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) ចាប់ផ្ដើមហើយនៅថ្ងៃទី២២ ខែមិថុនា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ រដ្ឋមន្រ្តីការពារជាតិរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ Mya Tun Oo ក៏មានវត្តមានចូលរួមដែរ។ កិច្ចប្រជុំប្រមុខការពារជាតិអាស៊ានលើកនេះ នឹងជជែកពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងតំបន់ និងជាមួយដៃគូរបស់អាស៊ាន ខណៈឯកសារសំខាន់ៗមួយចំនួន នឹងត្រូវអនុម័តផងដែរ។

 
សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ នៅរាជធានីភ្នំពេញ។ ប្រមុខការពារជាតិសមាជិកអាស៊ាន ចូលរួមក្នុងប្រជុំនេះ ដែលមានវត្តមានលោកឧត្តមសេនីយ៍ Mya Tun Oo ជារដ្ឋមន្រ្តីការពារជាតិនៃរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ាផង។
 
ថ្លែងបើកកិច្ចប្រជុំនៅក្រសួងការពារជាតិ សម្ដេច ទៀ បាញ់ លើកឡើងថា សម្ដេច ពិតជារីករាយ និងមានកិត្តិយសក្រៃលែងចំពោះការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិលើកទី១៦ ដោយផ្ទាល់ បន្ទាប់ពីអាក់ខានដោយសារជំងឺកូវីដ-១៩ ។​ ប្រមុខការពារជាតិកម្ពុជា ក៏លើកឡើងពីបញ្ហាប្រឈមទាំងក្នុងតំបន់ ​និងលើពិភពលោក។


សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំ។ រូបថតដោយ ទូច សុវណ្ណឌី

ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ចំពោះមុខរដ្ឋមន្រ្តីការពារជាតិអាស៊ាន សម្ដេច ទៀ បាញ់ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់ និងជំរុញភាគីពាក់ព័ន្ធឱ្យអនុវត្តឱ្យពេញលេញសេចក្ដីថ្លែងការណ៍ស្ដីពីសមុទ្រចិនខាងត្បូង (DOC) ក៏ដូចជាជំរុញការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដោយផ្អែកលើច្បាប់អន្តរជាតិ។ 
 
ចំពោះវិបត្តិមីយ៉ាន់ម៉ាវិញ រដ្ឋមន្រ្តីការពារជាតិកម្ពុជា សង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការអនុវត្តតាមអនុសាសន៍៥ចំណុច និងអាទិភាពចម្បងក្នុងការជួយមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ាឱ្យវិលរកស្ថានភាពប្រក្រតីវិញ។
 
លោក Prabowo Subianto រដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី លើកឡើងថា ឥណ្ឌូណេស៊ី ត្រៀមខ្លួនធ្វើការជាមួយកម្ពុជា និងសមាជិក ADMM ផ្សេងទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងស្ថិរភាពតំបន់។ ចំណែករដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ី បញ្ហាជាច្រើនប្រឈមមុខអាស៊ាន បើអាស៊ានអាចរៀនពីអតីតកាល អាស៊ានអាចបន្តដំណើរទៅមុខបាន។ លោករំពឺងថា​ កិច្ចប្រជុំ នឹងមានលទ្ធផលផ្លែផ្កា។
 
លោក Mya Tun Oo រដ្ឋមន្រ្តីការពារជាតិនៃរបបយោធាមីយ៉ាន់ម៉ា​ អរគុណកម្ពុជា ដែលរៀបចំកិច្ចប្រជុំ ហើយសង្ឃឹមថា កិច្ចប្រជុំនេះនឹងជំរុញសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតំបន់។ 

 រដ្ឋមន្រ្តីការពារជាតិមីយ៉ាន់ម៉ា Mya Tun Oo ក្នុងកិច្ចប្រជុំ។ រូបថត ទូច សុវណ្ណឌី

ក្រៅពីជំនួបរដ្ឋន្រ្តីការពារជាតិអាស៊ានលើកទី១៦ រដ្ឋមន្រ្តីការពារជាតិអាស៊ាន ក៏មានជំនួបជាមួយសមភាគីចិន និងជប៉ុនផងដែរ។ ជំនួបរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុន ធ្វើឡើងដោយផ្ទាល់ ខណៈជំនួបរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ចិន ធ្វើតាមប្រព័ន្ធវីដេអូ។ រដ្ឋមន្រ្តីការពារជាតិជប៉ុន Kishi Nobuo កំពុងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជាជាលើកដំបូងក្រោយចូលកាន់តំណែងផងដែរ៕
 
 
 

Tag:
 កម្ពុជា
  ADMM
© រក្សាសិទ្ធិដោយ thmeythmey.com