ជាតិ
សេដ្ឋកិច្ច
ពលករខ្មែរ៥៦នាក់ ត្រូវបានថៅកែរោងចក្រនៅថៃ បញ្ឈប់ពីការងារ ដោយមិនផ្ដល់ប្រាក់សំណង
22, Jun 2022 , 10:59 am        
រូបភាព
ពលករដែលត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារ។ រូបភាពលោក លឹង សុផុន។
ពលករដែលត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារ។ រូបភាពលោក លឹង សុផុន។
ដោយ៖ ញឹក សំអូន

ថៃ៖ ពលករ ៥៦នាក់ ត្រូវបានថៅកែរោងចក្រនៅក្នុងប្រទេសថៃ ត្រូវបានថៅកែបញ្ឈប់ពីការងារ ដោយមិនបានផ្ដល់សំណងដល់ពួកគេឡើយ ។ នេះបើតាមលោក លឹង សុផុន តំណាង​អង្គការ​សង់ត្រាល់ (Central) ប្រចាំ​ប្រទេស​ថៃ។



លោក លឹង សុផុន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមប្រព័ន្ធតេឡេក្រាមថា ពលករខ្មែរចំនួន ៥៦នាក់ ដែលត្រូវបានថៅកែបញ្ឈប់ពីការងារនោះ ធ្វើការនៅក្នុងរោងចក្រ Moon Sung, រោងចក្រ Houng Sung និងរោងចក្រ អ៊ីន ជិន។ រោងចក្រទាំងនោះ ផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់  ម៉ាស៊ីន និងទុយយ៉ូស្ពាន់ ដែលស្ថិតនៅខេត្តរះយ៉ងនៃប្រទេសថៃ។
 
អង្គការសង់ត្រាល់រូបនេះ បានបន្តយ៉ាងដូច្នេះ៖«ពួកគាត់មិនមានឯកសារត្រឹមត្រូវនោះទេ ពួកគាត់មិនដឹងថាមេខ្យល់ និង subcontractor ដំណើរការឯកសាររបស់ពួកគាត់ដល់ណាទេ ហើយពួកគាត់ក៏មិនបានទទួលការគ្រប់គ្រង់ពីច្បាប់ការងារដែរ»។
  

ពលករដែលត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារ។ រូបភាពលោក លឹង សុផុន។

លោក សុផុន បានលើកឡើងបន្តទៀតថា ពលករខ្មែរទាំងនោះ មិនទទួលបានប្រាក់សំណងពីថៅកែរោងចក្រឡើយ ព្រោះពួកគេជាពលករទៅធ្វើមិនស្របច្បាប់។ ចំពោះ អ្នកទទួលពលករធ្វើការ (Subcontractor ) ក្នុងរោងចក្រនោះ ក៏មិនបានរកដំណោះស្រាយឱ្យពួកគេដែរ។
 
«ថៅកែដែលបានយកពួកគាត់ទៅធ្វើការ ក្នុងរោងចក្រមិនគិតគូពីពួកគាត់ទេ ហើយទុកគាត់ចោល ពួកគាត់អត់មានការងារធ្វើតែម្ដង ចឹងពួកគាត់ស្នាក់នៅតាមបន្ទប់ជួល។ ពួកគាត់បានស្នើទៅអង្គការ និងសា្ថនទូតឱ្យជួយដោះស្រាយ ដែលពួកគាត់ខ្វះខាតការហូបចុង ហើយមិនដឹងបានការងារធ្វើវិញនៅថ្ងៃណា»។ នេះបើតាមលោក សុផុន។
 
បើតាមលោក សុផុន ការបញ្ឈប់ពលករខ្មែរដែលធ្វើការនៅប្រទេសថៃនោះ ប្រហែលជារោងចក្រមិនមានការងារឱ្យពួកគេធ្វើ ព្រោះមិនសូវមានការងារថែមម៉ោងដូចមុន។ 
 
​​ពលករខ្មែរទាំង៥៦នាក់ ដែលត្រូវបានបញ្ឈប់ពីការងារនេះ មានខ្លះធ្វើការបាន ១ឆ្នាំ ហើយអ្នកខ្លះបាន ៣ឆ្នាំ ។ លោក មឿន លួន មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ បានទៅធ្វើការនៅប្រទេសថៃ ៥ឆ្នាំហើយ។ ប៉ុន្តែលោក លួន បានផ្លាស់ប្ដូរការងារជាច្រើនកន្លែង មុនមកធ្វើការនៅក្នុង Houng Sung។ លោក លួន ធ្វើការនៅក្នុងរោងចក្រ Houng Sung បាន ១១ខែ ក៏ត្រូវបានថៅកែបញ្ឈប់ពីការងារ។
 
លោក បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ៖ «ខ្ញុំត្រូវគេបញ្ឈប់ការងារ ៨ថ្ងៃហើយ ឥឡូវខ្ញុំកំពុងស្វែងរកការងារបន្ត ព្រោះខាងរោងចក្រគេបញ្ឈប់ខ្ញុំ ២ខែ ទើបគេហៅឱ្យចូលធ្វើការវិញ។ ខ្ញុំសង្ឃឹមបានចូលធ្វើការវិញ ៥០ភាគរយ តែបើគេអត់ហៅមានតែបន្តរកការងារទៀតទេ»។ 


  ពលករដែលត្រូវបានថៅកែរោងចក្របញ្ឈប់ពីការងារ។ រូបភាពលោក លឹង សុផុន។

លោក មឿន លួន បានបន្ថែមថា រោងចក្របញ្ឈប់កម្មករដោយសារមិនមានការងារឱ្យពួកគេធ្វើ។ បើតាមលោក លួន ក្រុមហ៊ុនបញ្ឈប់ទាំងកម្មករខ្មែរ និងកម្មករជនជាតិថៃ។ ទាក់ទិននឹងការបញ្ឈប់កម្មករទាំងនេះ ពួកគេមិនបានទាមទាររកសំណងពីខាងរោងចក្រនោះ ព្រោះពួកគេមិនមានឯកសារគ្រប់គ្រាន់។
 
ក្រោយពីក្រុមហ៊ុនបានបញ្ឈប់ការងារពលករខ្មែរ ពួកគេមានការលំបាក និងខ្វះខាតច្រើន ដូចជាទិញអាហារហូបប្រចាំថ្ងៃ បង់ថ្លៃបន្ទប់ និងទិញសម្ភារប្រើប្រាស់ផ្សេងៗផងដែរ។ លោក លួន បានត្អូញត្អែរបែបនេះ រួចបន្តថា៖« ខ្ញុំត្រូវស្នាក់នៅបន្ទប់ជួលមួយខែជាង ៣៥ម៉ឺនរៀល ហើយថៅកែក្រុមហ៊ុន អត់បើកប្រាក់ខែឱ្យទៀត។ អ៊ឹចឹងខ្ញុំពិបាករកចំណូលអត់បាន ណាមួយត្រូវរកប្រាក់ផ្គត់ផ្គង់គ្រួសារ»។
 
សូមជម្រាបថា ចាប់ពីខែមករា ដល់ចុងខែឧសភា មានពលករដែលចូលទៅធ្វើការនៅប្រទេសថៃខុសច្បាប់មានជិត ៣០០០នាក់ ចំណែកអ្នកទៅធ្វើការស្របច្បាប់តាមប្រព័ន្ធ MOU មានជាង ៣០០០នាក់។ ប៉ុន្តែបើធៀបនឹងអ្នកចេញចូលខុសច្បាប់ គឺមានចំនួនច្រើនជាងអ្នកស្របច្បាប់៕
 

Tag:
 សេដ្ឋកិច្ច
  បញ្ឈប់ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com