ជាតិ
សម្ដេច ទៀ បាញ់ ៖ កម្ពុជា ប្រាថ្នាចង់ឃើញដែនសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព
22, Jun 2022 , 2:14 pm        
រូបភាព
(កណ្ដាល)សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) នៅថ្ងៃទី២២ មិថុនា ២០២២ នាក្រសួងការពារជាតិ។
(កណ្ដាល)សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) នៅថ្ងៃទី២២ មិថុនា ២០២២ នាក្រសួងការពារជាតិ។
កម្ពុជា ប្រាថ្នាចង់ឃើញដែនសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព។ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើការរួមគ្នាជាមួយសមាជិកអាស៊ាន និងចិន ដើម្បីជំរុញឱ្យមានការចរចាក្រមប្រតិបត្តិ Code Of Conduct on South China Sea (COC) លើការអនុវត្តតួនាទី នៅដែនសមុទ្រមួយនេះ ។


សម្ដេច ទៀ​ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា បាននិយាយថា បរិបទដែនសមុទ្រក្នុងតំបន់ មានការវិវត្តគួរឱ្យកត់សម្គាល់ និងមានបញ្ហាប្រឈមជាច្រើន ពាក់ព័ន្ធនឹងសន្តិសុខលំហរសមុទ្រ ដែលត្រូវការប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវបន្តធ្វើការរួមគ្នា ក្នុងការដោះស្រាយបញ្ហាទាំងនោះ។ 
 
ចំពោះបញ្ហាសមុទ្រចិនខាងត្បូងវិញ កម្ពុជា ប្រាថ្នាចង់ឃើញដែនសមុទ្រនេះ ជាសមុទ្រសន្តិភាព ស្ថិរភាព មានកិច្ចសហប្រតិបត្តិការ និងវិបុលភាពល្អ។ នេះជាការលើកឡើងរបស់សម្ដេច ទៀ បាញ់។
 
ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) នៅថ្ងៃទី២២ មិថុនា ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ រដ្ឋមន្រ្តីការពារជាតិរូបនេះ បានសង្កត់ធ្ងន់ដូច្នេះ៖«យើងនឹងបន្តការប្ដេជ្ញាចិត្តក្នុងការធ្វើការរួមគ្នារវាងអាស៊ាន និងចិន ដើម្បីជំរុញការអនុវត្តឱ្យបានខ្ជាប់ខ្ជយននូវ DOC និងពន្លឿនការចរចាក្រមប្រតិបត្តិ COC ដែលមានខ្លឹមសារ ប្រសិទ្ធិភាព និងស្របតាមច្បាប់អន្តរជាតិ រួមមាន UNCLOS 1982 ផងដែរ។ ទន្ទឹមនឹងនេះ យើងក៏អំពាវនាវសារជាថ្មីទៀត ឱ្យមានការអត់ធ្មត់ និងចៀសវាងការប្រើប្រាស់កម្លាំងនៅក្នុងការដោះស្រាយបញ្ហា»។
 
ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ សម្ដេច ហ៊ុន សែន នៅតែប្រកាសរក្សាជំហរខ្លួន គោរពអនុវត្តពេញលេញនូវសេចក្តីប្រកាសក្រមប្រតិបតិ្តភាគីសមុទ្រចិនខាងត្បូង (DOC) នៅភ្នំពេញ កាលពីឆ្នាំ២០០២។ សម្ដេច ហ៊ុន សែន ធ្លាប់បានលើកឡើងកន្លងមកថា កម្ពុជាមិនចង់ធ្វើជាចៅក្រមកាត់សេចក្តីលើបញ្ហាសមុទ្រចិនខាងត្បូងឡើយ ដោយទុកឱ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងភាគី ដែលពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូងនេះ សម្របសម្រួលគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈានទៅបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។
 
អត្ថបទទាក់ទង
 
 
ប្រសិនបើឈានទៅបង្កើតក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) មែននោះ បញ្ហាសមុទ្រនេះ នឹងលែងក្លាយជាប្រធានក្តៅគគុកទៀត​ហើយ ព្រោះការរៀបចំ COC ប្រាកដណាស់ថា នឹងមានការតាក់តែងពីច្បាប់ទម្លាប់ និងការទទួលខុសត្រូវ រួមទាំងពីការអនុវត្តលើការប្រើប្រាស់ដែនសមុទ្រឱ្យបានត្រឹមត្រូវ ស្របតាមស្ថានភាពជាក់ស្ដែង។
 
ភាគីពាក់ព័ន្ធនៃជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ក្របខណ្ឌ​អាស៊ាន ​រួមមាន​រដ្ឋ​អាស៊ាន​បួន​ដូចជា​ ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម និង ចិន​។ កន្លងមក​ភាគី​ពាក់​ព​ន្ធ័​ជាពិសេស​អាស៊ាន បាន​ព្យាយាម​បង្កើត​យន្តការ​នានា​ ដើម្បី​កាត់បន្ថយ​នូវ​ភាពតានតឹង​នៅក្នុង​តំបន់​ជម្លោះ ​តាមរយៈ​កិច្ចប្រជុំ​របស់​អាស៊ាន​។ តែវា​មិនមែនជា​រឿង​ងាយស្រួលនោះទេ ក្នុងការ​ទាញ​ចិន​ដែលជា​ភាគី​តែមួយគត់​ ដែល​បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ ដោយ​យោងតាម​ហេតុផល​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន​លើកយក​ហេតុផល​ច្បាប់​មក​ដោះស្រាយ​នោះ​៕
 
 

Tag:
 ទៀ បាញ់
  រដ្ឋមន្រ្តីការពារជាតិអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com