ជាតិ
សង្គមជាតិ
លោក ម៉ក់ ជីតូ៖ ត្រូវរួមគ្នាបង្ក្រាបការចែក​ចាយ-ប្រើប្រាស់ Shisha និងបារីអេឡិចត្រូនិក Vape
22, Jun 2022 , 3:42 pm        
រូបភាព
 លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ
ភ្នំពេញ៖ លោក ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀនឲ្យអាជ្ញាធររួមគ្នាចាត់វិធានការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់ស៊ីហ្សា (Shisha) និងបារីអេឡិចត្រូនិក (E-Cigarette)។ លោកអះអាងថាផលិតផលទាំងនេះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ ទើបត្រូវចាត់វិធានការតឹងរឹង។

 
លោក ម៉ក់ ជីតូ បញ្ជាឲ្យនគរបាលជាតិចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់ការប្រើប្រាស់និងការជួញដូរ Sisha និងE-Cigarette ឬVape។ លើសពីនេះ លោកសង្កត់ធ្ងន់ឲ្យមានការរឹបអូសផលិតផលទាំងនោះ រក្សាទុក បើពិនិត្យឬបង្ក្រាបបាន។ 
 
ចំពោះ SISHA និង E-Cigarette កម្ពុជាពុំទាន់មានច្បាប់ចែកដាក់ទោសទណ្ឌនៅឡើយទេ ប៉ុន្តែ អាជ្ញាធររកឃើញថា ផលិតផលទាំងនេះ ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរជាងបារី ដោយសារផលិតទាំងនេះ មានការលាយសារធាតុញៀនចូលនៅពេលប្រើប្រាស់។ នេះជាការលើកឡើងរបស់លោក ម៉ក់ ជីតូ។
 
លោក​បាន​ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ WhatsApp ថា​៖ «គ្រប់ស្ថាប័នទាំងអស់ដែលមានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងសមត្ថកិច្ចដទៃទៀត ត្រូវរួមគ្នាបង្ក្រាប! ចាប់យកទៅ! យកឧបករណ៍និងសម្ភារៈ(ពាក់ព័ន្ធនឹង SISHA និង E-Cigarette)ប្រមូលទុកហើយកម្ទេចចោល»។ 


 យុវជនជក់ SISHA។ រូបតំណាងយុវជននៅក្រៅប្រទេស ដោយ ឡាយ សុភាវតី

ដោយឡែក អ្នកលក់ដូរ SISHA និងE-Cigarette ត្រូវអប់រំឲ្យបញ្ឈប់ការធ្វើអាជីវកម្មលើផលិតផលនេះ។ ប៉ុន្តែ បើករណីរកឃើញថា អាជីវករទាំងនោះ លក់ SISHA និងE-Cigarette លាយឬបន្លំជាមួយសារធាតុញៀន គឺត្រូវអនុវត្តតាមច្បាប់គ្រឿងញៀន។
 
ទន្ទឹមនឹងនេះ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀនបានសង្កត់ធ្ងន់ថា៖ «ការងារទាំងនេះ ត្រូវប្រឹងប្រែងទាំងអស់គ្នា ដោយសារកាលមុនយើងបង្ក្រាបបានពីរបីលើកហើយករណីធំៗ។ ហើយឥឡូវចាប់ផ្ដើមមានឡើងវិញ ពិសេសក្រុមយុវជន ជក់ធ្វើសង្ហារតាមគ្នា ដោយមិនបានគិតពីផលលំបាក»៕
 
 
 
 

Tag:
 សង្គម
  SISHA
  បារីអេឡិកត្រូនិ
  Vape
© រក្សាសិទ្ធិដោយ thmeythmey.com