ជាតិ
លោក វេង សាខុន ប្រាប់ឱ្យកសិករកាត់បន្ថយការប្រើជីគីមី តែជំនួសដោយជីធម្មជាតិ
22, Jun 2022 , 6:59 pm        
រូបភាព
 លោក វេង សាខុន ជួបសំណេះសំណាលជាមួយកសិករដាំដុះបន្លែ នៅស្រុកកងមាស ខេត្តកំពង់ចាម
លោក វេង សាខុន ជួបសំណេះសំណាលជាមួយកសិករដាំដុះបន្លែ នៅស្រុកកងមាស ខេត្តកំពង់ចាម
ភ្នំពេញ៖ ក្នុងបរិបទជីកសិកម្ម និងប្រេងសាំងឡើងថ្លៃខ្ពស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យកសិករកាត់បន្ថយការប្រើជីគីមី តែត្រូវជំនួសវិញដោយជីធម្មជាតិ ឬជីកំប៉ុស្តិ៍ ដើម្បីសន្សំ និងកែច្នៃបានតាមលទ្ធភាព។


នៅក្នុងដំណើរចុះ​ត្រួតពិនិត្យប្រព័ន្ធស្រោចស្រពដំណាំនៅស្រុកកងមាស ខេត្តកំពង់ចាមនាពេលថ្មីៗនេះ លោក វេង សាខុន បានលើកឡើង ៥ចំណុច ដែលផ្ដល់ប្រយោជន៍ដល់ការងារបង្កបង្កើនផលរបស់កសិករ។ បើតាម​លោក វេង សាខុន កសិករគួរ​សិក្សាអំពីតម្រូវការទីផ្សារឲ្យបានច្បាស់មុនផលិត ចៀសវាងខាតបង់ដើមទុន និងពេលវេលា។
 
ស្របពេល ជីកសិកម្ម និងប្រេងឡើងថ្លៃខ្ពស់ រដ្ឋមន្រ្តី​កសិកម្ម ក៏​បាន​ប្រាប់ឱ្យកសិករប្រើប្រាស់ជីធម្មជាតិ ឬជីកំប៉ុស្តិ៍ជំនួសវិញ ដែលអាចរួមចំណែកសន្សំថវិកា និងកែច្នៃបានតាមលទ្ធភាពផងដែរ។ ម្យ៉ាងទៀត កសិករ​ ត្រូវរៀបចំកម្មវិធីផលិតកម្មបន្លែ ដើម្បីផ្គត់ផ្គងទីផ្សារឱ្យមាននិរន្ត ចៀសវាងសល់ចោល និងតម្លៃថោក។
 
លោក វេង សាខុន បន្ថែមថា កសិករត្រូវប្រមូលគ្នា និងរៀបចំជាបណ្តុំផលិតបន្លែ រួចចុះកិច្ចសន្យាអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា (ធានាបរិមាណផ្គត់ផ្គង់ និងស្ថិរភាពថ្លៃ) និងទទួលបានបច្ចេកទេសដាំដុះ ប្រមូលផល វេចខ្ចប់ រក្សាទុកដាក់ និងដឹកជញ្ជូនទៅកាន់ទីផ្សារ។ ជាមួយគ្នានេះ លោក វេង សាខុន ក៏បានប្រាប់ឱ្យមន្ទីរកសិកម្មកំពង់ចាម សហការជាមួយនាយកដ្ឋានវិស្វកម្មកសិកម្ម សិក្សា ពង្រីកប្រព័ន្ធស្រោចស្រពនេះបន្ថែមផងដែរ៕
 
 
 
 
 

Tag:
 ក្រសួងកសិកម្ម
  ជីធម្មជាតិ
 ជីកំប៉ុស្តិ៍
© រក្សាសិទ្ធិដោយ thmeythmey.com