ជាតិ
ភោជនីយដ្ឋាន៥នៅក្រចេះ ប្ដេជ្ញាមិនលក់សាច់សត្វព្រៃ
23, Jun 2022 , 8:59 am        
រូបភាព
រូបពី អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ និងពីក្រសួងបរិស្ថាន
រូបពី អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ និងពីក្រសួងបរិស្ថាន
ក្រចេះ៖ ជារៀងរាល់ថ្ងៃ សត្វព្រៃ ត្រូវបានគេសម្លាប់តាមរយៈរូបភាពផ្សេងៗ ជាពិសេសប្រើប្រាស់អន្ទាក់ និងកាំភ្លើងកែច្នៃបាញ់សម្លាប់ ដើម្បីយកទៅធ្វើម្ហូប និងការជួញដូរល្មើសច្បាប់។ នាពេលថ្មីៗនេះ ភោជនីយដ្ឋាន៥ទីតាំង នៅខេត្តក្រចេះ បានប្រកាសមិនគាំទ្រឱ្យមានការលក់សាច់សត្វព្រៃទៀតនោះទេ។


ការបញ្ចប់វិបត្តិអន្ទាក់ និងជួញដូរសត្វព្រៃខុសច្បាប់ ត្រូវតែផ្ដើមចេញពីសកម្មភាពចូលរួមរបស់ពលរដ្ឋមូលដ្ឋាន និងការអនុត្តច្បាប់ឱ្យបានតឹងរឹងពីអាជ្ញាធរ និងអង្គការពាក់ព័ន្ធ។ ការសហការរបស់ម្ចាស់ភោជនីយដ្ឋាននេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយសម្ពាធរស់នៅ និងការចាប់សត្វព្រៃយកទៅលក់លើទីផ្សារ។
 
ក្នុង«យុទ្ធនាការអន្ទាក់សូន្យ» នៅខេត្តក្រចេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ភោជនីយដ្ឋានចំនួន៥ បានស្ម័គ្រចិត្តប្រកាសមិនលក់សាច់សត្វព្រៃ ក្នុងគោលដៅលុបបំបាត់ការជួញដូរសត្វព្រៃខុសច្បាប់ ជាពិសេសក៏បានចូលរួមប្រឆាំងនឹងការដាក់អន្ទាក់នៅតាមដែនជម្រកសត្វព្រៃផងដែរ។
 
«សាច់សត្វព្រៃ មិនជួយប៉ូវ និងជំនួយអ្វីដល់មនុស្សឡើយ។ ផ្ទុយទៅវិញ ការបរិភោគសាច់សត្វព្រៃ អាច​ធ្វើឱ្យមនុស្សប្រឈមនឹងជំងឺឆ្លង ឬមេរោគផ្សេងៗ ហើយថែមទាំងធ្វើឱ្យបាត់បង់នូវវត្តមានសត្វចេញពីជម្រកសត្វព្រៃកម្ពុជាទៀតផង»។ ​នេះជាការបញ្ជាក់របស់ លោក នេត្រ ភក្រ្តា ដែលបានស្នើឱ្យមន្ទីរបរិស្ថានខេត្តក្រចេះ ស៊ើបសួរតាមហាង ឬភោជនីយដ្ឋានផ្សេងទៀត ដែលសង្ស័យមានលួចលក់សាច់ព្រៃខុសច្បាប់ ដើម្បីធ្វើការព្រមាន ឬណែនាំឱ្យបញ្ឈប់នូវសកម្មភាពលក់ដូរទាំងនោះជាបន្ទាន់។ មិនតែប៉ុណ្ណោះ លោក លើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារសត្វព្រៃ និងធនធានធម្មជាតិពីការបរបាញ់គ្រប់ទម្រង់។
 
លោក នេត្រ ភក្រ្តា បញ្ជាក់ដូច្នេះថា៖« យើងពិតជាមានមោទនភាព ដែលឃើញម្ចាស់ភោជនីយដ្ឋានស្ម័គ្រចិត្តប្រកាសមិនលក់សាច់សត្វព្រៃ។ នេះជាការចូលរួមដោយផ្ទាល់ចំពោះការទប់ស្កាត់ការលក់សាច់សត្វព្រៃ។ ចំណុចមួយទៀត ចំពោះបងប្អូនជាអ្នកដាក់អន្ទាក់សូមគិតថា ប្រសិនបើយើងសម្លាប់សត្វមួយ ហូបបានតែមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែ បងប្អូនត្រូវបាត់បង់ធនធានធម្មជាតិដ៏មានតម្លៃ។ សត្វទាំងនោះ អាចផ្ដល់ចំណូលយ៉ាងដល់បងប្អូន បើយើងការពារបាន»។
 
លោក ម៉ុក រីវង់ តំណាងភោជនីយដ្ឋានរ៉ូរ៉លស្តេរ( Rural Stay Restaurant) បានលើកឡើងថា ភោជនីយដ្ឋានរបស់លោក​ បេសកកម្ម និងការប្ដេជ្ញាចិត្តមិនប្រើប្រាស់សាច់សត្វព្រៃធ្វើជាអាជីវកម្មចាប់តាំងពីឆ្នាំ២០១៩មក ដើម្បីចូលរួមជាមួយរដ្ឋាភិបាលទប់ស្កាត់ និងអភិរក្សសត្វព្រៃគ្រប់ប្រភេទនៅកម្ពុជា។ កន្លងទៅមានភ្ញៀវប្រហែល ៣០ទៅ៤០ភាគរយ តែងតែសាក់សួររកសាច់សត្វព្រៃមួយចំនួនដូចជា ជ្រូកព្រៃ ប្រើសជាដើម។ ភាគច្រើននៃអ្នកទាំងនោះ យល់ថាសាច់សត្វព្រៃមានរសជាតិឆ្ងាញ់ ឬប៉ូវកម្លាំង។
 
លោក ម៉ុក វីវង់ បន្ថែមថា សត្វព្រៃមានសារៈសំខាន់ខ្លាំងចំពោះមនុស្សទាំងការទាក់ទាញភ្ញៀវទេសចរណ៍ បង្កើនចំណូលដល់សហគមន៍។ លោក អំពាវនាវឱ្យ ហាងដទៃទៀត បញ្ឈប់សកម្មភាពលក់សាច់សត្វព្រៃដែលជាធនធានកម្ររបស់កម្ពុជា និងពិភពលោក។  តំណាងភោជនីយដ្ឋានរ៉ូរ៉លស្តេររូបនេះ ប្រាប់ដូច្នេះថា៖«ប្រសិនបើយើងមិនលក់សាច់សត្វព្រៃ អ្នករកក៏មិនដឹងលក់ឱ្យអ្នកណាដែរ អ៊ីចឹងអ្នកចង់ហូបអត់ដឹងទៅទិញនៅឯណា ដែលធ្វើឱ្យសត្វព្រៃយើងនៅគង់វង្សមានច្រើន»។ 
 
អ្នកស្រី ជួរ សុខអេង ម្ចាស់ភោជនីយដ្ឋានហេងហេង នៅក្រុងក្រចេះបានលើកឡើងថា អ្នកស្រី មិនគាំទ្រឱ្យលក់សាច់សត្វព្រៃនោះទេ ព្រោះសត្វព្រៃជាធនធានកម្រ។ ដូច្នេះអ្នកស្រី ស្នើឱ្យបណ្ដាហាង ដែលកំពុងលួចលក់សាច់សត្វព្រៃខុសច្បាប់ងាកមកចូលរួមការងារអភិរក្សវិញ។
 
អ្នកស្រី ប្រាប់ដូច្នេះថា៖«នៅខ្ញុំ លក់តែត្រី ឬសាច់សត្វក្នុងស្រុកតែប៉ុណ្ណោះ ចំណែកសត្វព្រៃយើងមិនទិញយកលក់នោះទេ។ សត្វព្រៃ ឥឡូវកម្រណាស់ ហើយអ្នកខ្លះបាញ់យកមកលក់អ៊ីចឹង វាធ្វើឱ្យបាត់បង់»៕
 
 

Tag:
 សត្វព្រៃ
  តំបន់ការពារធម្មជាតិខេត្តក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com