កីឡាអន្តរជាតិ
អន្តរជាតិ
Mane ថា ផ្លាស់ទៅ Bayern ជាពេលវេលាដ៏ត្រឹមត្រូវ
23, Jun 2022 , 11:59 am        
រូបភាព
រូបភាព៖Sky Sports
រូបភាព៖Sky Sports
ខ្សែប្រយុទ្ធ Sadio Mane ថ្ងៃទី២២ ខែមិថុនា និយាយថា ការផ្ទេរមកកាន់ក្លិប Bayern Munich ពីក្រុម Liverpool គឺជាពេលវេលានិងការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ​Mane អះអាងថា ក្លិបជើងឯកអាល្លឺម៉ង់បានផ្តល់គម្រោងដ៏ល្អដល់រូបគេ។


Bayern Munich ជាក្រុមដែលមានកំណត់ត្រាឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga ១០លើកជាប់ៗគ្នា ចាប់ពីរដូវកាល ២០១២ ដល់២០២២។ ក្លិបយក្សអាល្លឹម៉ង់នាថ្ងៃទី២២ ខែមិថុនា បានព្រមព្រៀងជាមួយក្រុម Liverpool ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់វ័យ៣០ឆ្នាំ ក្នុងតម្លៃផ្ទេរ ៤០លានអឺរ៉ូ (៤២.៥លានដុល្លារ) រួមជាមួយប្រាក់បូកបន្ថែម ឬ (Add-ons)។ តាមពិតទៅ Mane នៅសល់កិច្ចសន្យារបស់ខ្លួនជាមួយ Liverpool រយៈពេល១រដូវកាលបន្ថែមទៀត។
 
មុនពេលចុះកិច្ចសន្យាជាមួយ Bayern Munich ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ បានទៅដល់ទឹកដីប្រទេសអាល្លឺម៉ង់តាំងពីថ្ងៃទី២១ ខែមិថុនា ដើម្បីត្រួតពិនិត្យសុខភាពហើយ Mane បានពាក់អាវក្រុម Bayern Munich ចេញពីកន្លែងគ្លីនិកនោះយ៉ាងភ្ញាក់ផ្អើល។ 
 
ទោះបែបនេះក្តី Mane បាននិយាយប្រាប់ទៅកាសែត Bild ថា ជីវិតរបស់គេគឺពោរពេញទៅដោយការប្រកួតប្រជែង ហើយរូបគេចាប់អារម្មណ៍លើការផ្ទេរមួយនេះតែម្តង។
 
«ជីវិតរបស់ខ្ញុំពោរពេញដោយការប្រកួតប្រជែង នៅពេលដែលអ្នកផ្តល់យោបល់ខ្ញុំបានប្រាប់អំពីការចាប់អារម្មណ៍របស់ Bayern លើកដំបូងខ្ញុំពិតជាមានអារម្មណ៍ត្រេកអរយ៉ាងខ្លាំង។ […] សម្រាប់ខ្ញុំអារម្មណ៍ពេលនេះគឺជាពេលវេលាដ៏ត្រឹមត្រូវនៅពេល Bayern បានបង្ហាញពីគម្រោងការរបស់ពួកគេ។ ខ្ញុំឃើញអនាគតនៅក្នុងគម្រោងនោះ ជាជាងក្លិបណាទាំងអស់។»។ Mane និយាយបែបនេះ។
 
Mane ចាកចេញពីទឹកដី Anfield ក្រោយពេលបង្ហាញខ្លួនចំនួន ២៦៩ប្រកួត ដោយរកបាន១២០គ្រប់ឱ្យ Liverpool។ កីឡាករសេណេហ្គាល់បានជួយហង្សក្រហមឈ្នះពាន Premier league ១លើក , Champions League ១លើក ,EFL Cup ១លើក , FA Cup ១លើក ,UEFA Super Cup ១លើក និង FIFA Club World Cup ១លើក៕
 
 

Tag:
 Sadio Mane
  Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com