ជាតិ
សង្គមជាតិ
មន្រ្តីបក្សភ្លើងទៀន ដែលត្រូវលុបឈ្មោះចេញពីក្រសួងសុខាភិបាល ស្នើឲ្យរដ្ឋមន្រ្តីពិនិត្យឡើងវិញ
23, Jun 2022 , 11:29 am        
រូបភាព
លោក កែវ សុមុនី មន្រ្តីគណបក្សភ្លើងទៀន លើកបដានៅមុខក្រសួងសុខាភិបាល ពេលលោក យកលិខិតដាក់ជូនលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ ណឹម សុភ័ក្រ្តបញ្ញា_VOA
លោក កែវ សុមុនី មន្រ្តីគណបក្សភ្លើងទៀន លើកបដានៅមុខក្រសួងសុខាភិបាល ពេលលោក យកលិខិតដាក់ជូនលោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ ណឹម សុភ័ក្រ្តបញ្ញា_VOA
លោក កែវ សុមុនី មន្រ្តីនៃគណបក្សភ្លើងទៀនក្នុងរាជធានីភ្នំពេញ បានយកលិខិតទៅដាក់ជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដោយក្នុងលិខិតនោះ លោក បានស្នើឲ្យលោករដ្ឋមន្រ្តី ពិនិត្យឡើងវិញលើការលុបឈ្មោះលោក ចេញពីក្របខ័ណ្ឌក្រសួងសុខាភិបាល។



លោក កែវ សុមុនី បានសរសេរក្នុងលិខិតថា លោក បានបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាលអស់រយៈពេល២៧ឆ្នាំមកហើយ ហើយការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ ទៅលើការលុបឈ្មោះលោកចេញពីក្របខ័ណ្ឌនេះ ពុំបានបញ្ជាក់ពីវិធានការវិន័យច្បាស់លាស់ និងស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលឡើយ។ 
 
អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មិនអាចមានប្រសាសន៍ជុំវិញករណីរបស់លោក កែវ សុមុនី ជាមួយសារព័ត៌មានថ្មីៗឡើយ ដោយអ្នកស្រី ប្រាប់ថា កំពុងជាប់រវល់នឹងការងារ។ 
 
លោក ម៉ម ប៊ុនហេង សម្រេចលុបឈ្មោះលោក កែវ សុមុនី ចេញពីក្របខ័ណ្ឌក្រសួងសុខាភិបាល តាមរយៈប្រកាស ដែលចេញនៅថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២២។ មូលហេតុនៃការលុបឈ្មោះលោក ចេញពីក្របខ័ណ្ឌ មិនត្រូវបានបង្ហាញក្នុងប្រកាសនោះទេ តែប្រកាស បញ្ជាក់ថា ការលុបឈ្មោះនេះ គឺយោងទៅតាមរបាយការណ៍ពីក្រុមប្រឹក្សាវិន័យនៃក្រសួងសុខាភិបាល។ 
 
លោក កែវ សុមុនី ជាមន្រ្តីជំនាញផ្នែកសុខភាពផ្លូវចិត្ត ដែលបម្រើការងារនៅនាយកដ្ឋានសុខភាពផ្លូវចិត្តនៃក្រសួងសុខាភិបាល។ កាលពីខែឧសភា ឆ្នាំ២០២២ លោក បានសរសេរលិខិតជូនទៅលោករដ្ឋមន្រ្តី ដើម្បីសុំច្បាប់ឈប់ពិសេសពីក្រសួងសុខាភិបាល ដោយសារលោក ត្រូវឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥នេះ។ លទ្ធផលក្រៅផ្លូវការ បានឲ្យដឹងថា លោក ជាបេក្ខជនពីគណបក្សភ្លើងទៀន ដែលបានជាប់ឆ្នោតជាចៅសង្កាត់រងទី២ នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌ​ច្បារអំពៅ​ រាជធានីភ្នំពេញ។ 
 
ក្រៅពីលោក កែវ សុមុនី នៅមានមន្រ្តីគណបក្សភ្លើងទៀនម្នាក់ទៀត គឺ លោក អេង ស្រូយ ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ក៏ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋដែរ។ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្តេញលោកចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ក្រោមហេតុផលថា លោក បានបោះបង់ចោលការងារជាមន្រ្តីនគរបាលនេះ។ 
 
លោក អេង ស្រូយ គឺជាគ្រូនគរបាលនៃបណ្ឌិត្យសភានគរបាលជាតិ ដែលមានឋានន្តរស័ក្តិជាវរសេនីយ៍ត្រី (ស័ក្តិ៤)។ លោក ធ្លាប់ប៉ះទង្គិចគ្នាជាមួយថ្នាក់លើរបស់លោក គឺលោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) ប្រាក់ ណារ៉ុង ជាសាស្រ្តាចារ្យបង្រៀននគរបាល និងជាអនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។ លោក ប្រាប់បណ្តាញសារព័ត៌មានថា លោក ប្រាក់ ណារ៉ុង បានទះកំផ្លៀងលោក ក្នុងកិច្ចប្រជុំមួយ កាលពីខែមេសា ឆ្នាំ២០២២ ដោយសាររឿងនយោបាយ និងដោយសារលោក ថតរូបក្នុងកិច្ចប្រជុំនាពេលនោះ។ 
 
រហូតដល់ខែឧសភា បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីបំភ្លឺថា លោក ប្រាក់ ណារ៉ុង ពុំបានទះកំផ្លៀងលោក អេង ស្រូយ នោះទេ។ បណ្ឌិត្យសភានគរបាលកម្ពុជា អះអាងថា លោក អេង ស្រូយ ពុំគោរពវិន័យ និងអសកម្មនឹងការងារ ទើបថ្នាក់លើ បើកកិច្ចប្រជុំជាមួយលោក កាលពីខែមេសា ដើម្បីអប់រំលោក។
 
គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ជុំវិញការចាប់ និងការដកមន្រ្តីខ្លួនចេញពីក្របខ័ណ្ឌរដ្ឋ។ គណបក្សភ្លើងទៀន បានស្នើឲ្យលុបចោលសេចក្តីសម្រេចស្តីពីការដកមន្រ្តីខ្លួនចេញពីក្របខ័ណ្ឌរដ្ឋ និងស្នើឲ្យដោះលែងអ្នកដែលត្រូវចាប់ខ្លួនឲ្យមានសេរីភាពវិញ៕ 
 
 

Tag:
 កែវ សុមុនី
  គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com