កីឡាជាតិ
ជាតិ
លោក ហង់ជួន ណារ៉ុន លើកទឹកចិត្តឲ្យគ្រឹះស្ថានមធ្យម និងឧត្តមសិក្សា បង្កើតក្លិបកីឡា 
លោកហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ថ្លែងសុន្ទរកថា នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងពិធីបើកការប្រកួតកីឡា និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសប្រចាំឆ្នាំ២០២២(ប្រភព Sar Sokha)
×![]()
ដោយ៖ហៀក ឆក
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នាពិធីបើកការប្រកួតកីឡា និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសប្រចាំឆ្នាំ២០២២ បានលើកទឹកចិត្តឲ្យគ្រប់គ្រឹះស្ថានថ្នាក់ឧត្តម និងមធ្យមសិក្សា បង្កើតក្លិបកីឡាដើម្បីលើកកម្ពស់វិស័យកីឡានៅកម្ពុជា។
«សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គ្រឹះស្ថានឧត្តមសិក្សា និងមធ្យសិក្សាបច្ចេកទេសទាំងសាធារណៈ និងឯកជនដែលកន្លងមកបានខិតខំប្រឹងប្រែងទាំងពេលវេលា កម្លាំងកាយ កម្លាំងស្មារតីទាំងសម្ភារៈ ដើម្បីធ្វើឲ្យសកម្មភាពកីឡាក្រៅម៉ោងសិក្សាដំណើរការល្អ ជាពិសេសការចូលរួមប្រកួតកីឡាថ្នាក់រាជធានីខេត្ត ថ្នាក់ជាតិក៏ដូចជាថ្នាក់អន្តរជាតិ»។ នេះជាការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន។
ក្នុងសុន្ទរកថាជាង ១០នាទី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រដ្ឋមន្ត្រីក្រសួងអប់រំ បានកត់សម្គាល់ពីការរួមចំណែកដ៏សំខាន់របស់គ្រឹះស្ថានអប់រំនៅកម្ពុជា ដែលធ្វើឲ្យមានការប្រកួតប្រជែងថ្នាក់ខេត្ត ជាតិ និងកម្រិតអន្តរជាតិ ហើយក៏ជាការដាស់តឿនយុវជនឲ្យចេះស្រឡាញ់សុខភាពផងដែរ។
នាឱកាសនោះដែរ លោកបាននិយាយលើកទឹកចិត្ត និងគាំទ្រដល់សិស្សានុសិស្ស កីឡាករកីឡាការិនី ឲ្យចូលរួមក្នុងសកម្មភាពកីឡាគ្រប់រូបភាព។ បច្ចុប្បន្នវិស័យកីឡាមានការរីកចម្រើន ដោយមានការចូលរួមពីយុវជន និងសាធារណៈជនគ្រប់ស្រទាប់វណ្ណៈ។ តាមរយៈការអភិវឌ្ឍន៍គោលនយោបាយកីឡាជាតិស្ដីពីការអភិវឌ្ឍន៍វិស័យការងារអប់រំកាយ និងកីឡា ក្រសួងក៏បានធ្វើកំណែទម្រង់៤ចំណុច រួមមាន ការជួសជុលកែលម្អរ និងការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្ស ការកែលម្អររចនាសម្ព័ន្ធនៃការប្រកួត និងការពង្រឹងសហព័ន្ធកីឡាជាតិ។

អត្តពលិកសិស្សនិស្សិត ថ្នាក់ឧត្តមសិក្សា និងមធ្យមសិក្សា ក្នុងពិធីបើកការប្រកួតកីឡា និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសប្រចាំឆ្នាំ២០២២ (ប្រភព Sar Sokha)
លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា ចំពោះយុវជនដែលមានទេពកោសល្យ នឹងមានឱកាសតំណាងជាតិសម្រាប់ព្រឹត្តិការណ៍កីឡាផ្សេងៗក្នុងតំបន់។ «កីឡាករ កីឡាការិនីដែលមានទេពកោសល្យ នឹងត្រូវបានជ្រើសរើសជាតំណាងឲ្យកម្ពុជា ដើម្បីហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាសិស្សអាស៊ាន ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ជាពិសេសបន្តការហាត់ហ្វឹកហ្វឺនទាំងបច្ចេកទេស និងកាយសម្បទាឆ្ពោះទៅស៊ីហ្គេម »។
ជាមួយគ្នានេះ លោកបានជំរុញឲ្យសាកលវិទ្យាល័យនីមួយៗបង្កើតជាក្លិបកីឡា ហើយក៏ជួយគាំទ្រដល់កីឡាករ-កីឡាការិនីដែលមានទេពកោសល្យដើម្បីលើកកម្ពស់កីឡានៅកម្ពុជា។
ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ២០២២ ប្រព្រឹត្តទៅនាថ្ងៃទី២១ ដល់៣០ ខែមិថុនា នៅរាជធានីភ្នំពេញ ដោយធ្វើការប្រកួតលើ ៨៨វិញ្ញាសា ក្នុងប្រភេទកីឡា១២ មានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ (WT) តេក្វាន់ដូ (ITF) ការ៉ាតេ និងសីប៉ាក់តាក្រ៕
Tag:
កីឡាថ្នាក់ជាតិ
ហង់ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com