អន្តរជាតិ
លោកស៊ី៖ អនុត្តរភាព និងការប្រឈមមុខ មានតែនាំទៅរកសង្រ្គាម និងជម្លោះប៉ុណ្ណោះ
23, Jun 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ថ្លែងក្នុងវេទិកាធុរកិច្ចរបស់ក្រុមប្រទេស BRICS។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ថ្លែងក្នុងវេទិកាធុរកិច្ចរបស់ក្រុមប្រទេស BRICS។ រូបភាព៖ Xinhua
ប្រវត្តិសាស្រ្ត បានប្រាប់ពិភពលោកថា ការស្វែងរកអនុត្តរភាព ការបង្កើតក្រុមប្រទេសមាននយោបាយដូចគ្នា និងការប្រឈមមុខជាក្រុម មិនបាននាំមកសន្តិភាព ឬសន្តិសុខឡើយ តែវាមានតែនាំទៅរកសង្រ្គាម និងជម្លោះប៉ុណ្ណោះ។ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានបញ្ជាក់បែបនេះ ក្នុងវេទិកាធុរកិច្ចរបស់ក្រុមប្រទេស BRICS នៅថ្ងៃទី២២ ខែមិថុនា។

 
ស្ថានភាពពិភពលោកក្នុងពេលបច្ចុប្បន្ន កំពុងប្រឈមបញ្ហាជាច្រើន ក្នុងនោះមានដូចជា ការស្តារសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ បម្រែបម្រួលអាកាសធាតុ ជំងឺឆ្លង ជាពិសេសសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលធ្វើឱ្យតម្លៃទំនិញជាច្រើនត្រូវហក់ឡើង។ ជុំវិញបញ្ហាទាំងនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានអំពាវនាវឱ្យពិភពលោកប្រកាន់យកសាមគ្គីភាព ការសម្របសម្រួល និងរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក។ 
 
«សោកនាដកម្មក្នុងអតីតកាល បានប្រាប់យើងថា អនុត្តរភាព ការបង្កើតក្រុមប្រទេសមាននយោបាយដូចគ្នា និងការប្រឈមមុខជាប្លុក មិនបាននាំសន្តិភាព និងសន្តិសុខមកឡើយ»។ លោក ស៊ី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវេទិកាធុរកិច្ចក្រុមប្រទេស BRICS នៅថ្ងៃទី២២ ខែមិថុនាតាមប្រព័ន្ធវីដេអូ ដោយបន្តថា សកម្មភាពបែបនោះ នឹងនាំឱ្យមានតែជម្លោះ និងសង្រ្គាមប៉ុណ្ណោះ។ 
 
ត្រង់ចំណុចនេះ មេដឹកនាំចិន បានលើកឡើងពីសង្រ្គាមនៅអ៊ុយក្រែន ដោយពន្យល់ថា ការជឿដោយងងឹតងងុលលើការប្រើប្រាស់កម្លាំង និងពង្រីកសម្ព័ន្ធយោធា ដោយប៉ះពាល់លើសន្តិសុខប្រទេសដទៃ នឹងនាំឱ្យមានផលប៉ះពាល់លើខ្លួនឯងវិញ។ បើទោះមិនបញ្ជាក់ពីប្រទេសណាមួយ ប៉ុន្តែប្រមុខរដ្ឋចិនរូបនេះ ទំនងសំដៅដល់អាម៉េរិក និងសម្ព័ន្ធមិត្ត ដែលបានពង្រីកសមាជិកអង្គការណាតូទៅកាន់តែជាប់រុស្ស៊ី។  
 
ក្នុងសុន្ទរកថាដដែលនោះ លោកស៊ី បានបន្តថា សន្តិភាព ដែលជាផលប្រយោជន៍រួម គួរតែត្រូវបានការពារដោយប្រទេសទាំងអស់។ ជាថ្មីម្តងទៀត លោកស៊ី ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនផងនោះ បានទទូចឱ្យប្រទេសទាំងអស់គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងបំពេញបេសកកម្មការពារសន្តិភាព។ 
 
ទន្ទឹមនេះ មេដឹកនាំចិន ក៏បានជំរុញកុំឱ្យមានការអនុវត្តគោលនយោបាយបែបចាញ់ឈ្នះ ប្រឆាំងការស្វែងរកអនុត្តរភាពនិយម និងចូលរួមក្នុងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សកលលោក។
 
BRICS ជាសម្ព័ន្ធប្រទេស៥ មានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com