មោទកភាព! សិស្សស្រីចំនួន៦រូបនៃវិទ្យាល័យព្រៃព្នៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង បានជាប់ជាជ័យលាភីសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរទូទាំងប្រទេសក្នុងឆ្នាំ២០២២។ នេះបើតាមការប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេសដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន កាលពីថ្ងៃទី១៩ ខែមិថុនា។ នេះមិនមែនជាលើកទី១ឡើយសម្រាប់វិទ្យាល័យដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្ត ប៉ុន្តែលោកនាយក ឆាយ ប៉េងឆាន បានអះអាងនេះជាកំណត់ត្រាថ្មីសម្រាប់វិទ្យាល័យដែលមានសិស្សស្រីដល់ទៅ៦រូបជាប់ជាជ័យលាភីក្នុងឆ្នាំតែមួយ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីទទួលស្គាល់សិស្សពូកែទូទាំងប្រទេសចំនួន៦០នាក់សម្រាប់ឆ្នាំ២០២២ ក្រោយឆ្លងកាត់សម័យប្រឡង ១៣មិថុនា ២០២២ លើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាសម្រាប់ថ្នាក់ទី៩ និងទី១២។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ វិទ្យាល័យព្រៃព្នៅ មានវត្តមានសិស្សពូកែអក្សរសិល្ប៍ខ្មែររហូតដល់ទៅ៦នាក់ ហើយសុទ្ធតែជាសិស្សស្រីទាំងអស់។ ជ័យលាភីទាំងនោះមាន ធីម ស្រីពៅ បានមេដាយមាស (ចំណាត់ថ្នាក់លេខ១), ស្រេង ថារ៉ា បានមេដាយប្រាក់(ចំណាត់ថ្នាក់លេខ២) និង ជុន កាក់នីកា ជាប់ចំណាត់ថ្នាក់លេខ៧សម្រាប់មុខវិជ្ជាអក្សរសិល្ប៍ខ្មែរថ្នាក់ទី១២។ ចំណែកថ្នាក់ទី៩ មាន ផា ធីតា ជ័យលាភីមេដាយមាស (ចំណាត់ថ្នាក់លេខ១), នី ស្រីនិច ជាប់ចំណាត់ថ្នាក់លេខ៦ និង ថន រតនា ជាប់ចំណាត់ថ្នាក់លេខ៧។
រូបភាពពីវិទ្យាល័យព្រៃព្នៅ
នេះមិនមែនជាលើកដំបូងឡើយ ដែលសិស្សនៃវិទ្យាល័យព្រៃព្នៅ ជាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ប៉ុន្តែវាជាកំណត់ត្រាថ្មីដែលសិស្សវិទ្យាល័យមួយនេះ បានជាប់ជ័យលាភី៦នាក់ក្នុងចំណោម៨នាក់ដែលបានចូលរួមប្រឡងសិស្សពូកែ តាមរយៈលទ្ធផលល្អនេះ បានធ្វើឱ្យកិត្តិសព្ទរបស់វិទ្យាល័យនេះល្បីឮខ្ចរខ្ចាយ។
«នេះជាមហាកិត្តិយសណាស់សម្រាប់ស្រុកពារាំងនិងខេត្តព្រៃវែងទាំងមូល ជាពិសេសសម្រាប់វិទ្យាល័យព្រៃព្នៅរបស់យើងខ្ញុំពិតជាមានកិត្តិយសណាស់»។ នេះជាប្រសាសន៍របស់លោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ ក្នុងបទសម្ភាសតាមទូរសព្ទជាមួយសារពត៌មានថ្មីៗ។
បើតាមលោកនាយកសាលាវ័យ៥១ឆ្នាំរូបនេះ កត្តាដែលនាំឲ្យវិទ្យាល័យលោក សម្បូរសិស្សពូកែអក្សរសិល្ប៍ខ្មែរ គឺមកពីសិស្សទាំងនោះចូលចិត្តមុខវិជ្ជាខ្មែរ និងមានការបង្ហាត់ពីគ្រូដែលយកចិត្តទុកដាក់លើការបង្រៀន។ លោកបន្តយ៉ាងដូច្នេះថា៖«ចំពោះវិធីសាស្រ្តនៃការបង្រៀនរបស់គ្រូនីមួយៗមិនខុសគ្នានោះទេ ប៉ុន្តែអ្វីដែលខុសគ្នានោះគឺល្បិច និងតិចនិកនៃការបង្រៀន ដែលអាចធ្វើឱ្យសិស្សទទួលបានលទ្ធផលល្អក្នុងការសិក្សា»។
ភាពជោគជ័យរបស់សិស្សពូកែទាំង៦រូប ពិតមានចំណែករបស់លោកគ្រូអ្នកគ្រូ, គណៈនាយក, អាណាព្យាបាល និងអាជ្ញាធរមូលដ្ឋាន ដែលបានលើកទឹកចិត្ត និងជំរុញការសិក្សាដល់ពួកគេ។ ទន្ទឹមនឹងនេះ លោក ឆាយ ប៉េងឆាន ក៏បានរំលេចពីការចូលរួមរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងសហគមន៍របស់លោក ដែលតែងយកចិត្តទុកដាក់លើការសិក្សារបស់សិស្សានុសិស្ស។
លោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ។ រូបភាពពីវិទ្យាល័យព្រៃព្នៅ
បច្ចុប្បន្នព្រៃវែង សម្បូរធនធានមនុស្ស ដែលខុសពីព្រៃវែងជំនាន់មុន។ «ពីអតីតកាលខេត្តព្រៃវែងរបស់ខ្ញុំបាទមានការឈឺចាប់ណាស់ប៉ុន្តែបច្ចុប្បន្ននេះបានប្រែក្លាយការឈឺចាប់ទៅជាសប្បាយរីករាយ។ កាលពីមុនយើងនិយាយថាខេត្តព្រៃវែងជាខេត្តក្សត់ធនធានមនុស្ស សម្បូរអ្នកសុំទាន។ ប៉ុន្តែខេត្តព្រៃវែងសម័យកាលនេះ មិនមែនដូចសម័យកាលដែលបងប្អូនមួយចំនួនគិតនិងមិនយល់ពីតម្លៃនៃការវិវត្ត និងការផ្ដល់នូវធនធានមនុស្សទេ។ ខេត្តព្រៃវែងឥឡូវនេះគឺមានការរីកចម្រើនណាស់ ទាំងសេដ្ឋកិច្ច និងធនធានមនុស្ស»។ នេះជាការលើកឡើងរបស់នាយកវិទ្យាល័យព្រៃព្នៅ ដោយបន្តថាវិស័យអប់រំនៅខេត្តព្រៃវែង បានដើរទៅមុខយ៉ាងរលូនដោយមានសិស្សប្រឡងជាប់និទ្ទេស A និងសិស្សពូកែជាបន្តបន្ទាប់។
នាយកសាលាដែលមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះ នៅតែមានមហិច្ឆតាចង់ឱ្យសិស្សរបស់លោកប្រឡងជាប់សិស្សពូកែកាន់តែច្រើន។ លើសពីនេះ លោក ឆាយ ប៉េងឆាន ប្ដេជ្ញាសម្រិតសម្រាំងសិស្ស ថែទាំសិស្ស និងបណ្ដុះបណ្ដាលសិស្សឱ្យទទួលបានលទ្ធផលល្អ។
សិស្សពូកែទាំង៦រូបរបស់វិទ្យាល័យព្រៃព្នៅ។ រូបភាពពីវិទ្យាល័យព្រៃព្នៅ
តាមរយៈលទ្ធផលខាងលើនេះ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំពិធីជួបសំណេះសំណាលជាមួយជ័យលាភីសិស្សពូកែទូទាំងខេត្តនៅថ្ងៃទី២៦ មិថុនាខាងមុខ។ សូមបញ្ជាក់ថា ការប្រឡងសិស្សពូកែទូទាំងប្រទេសដែលរៀបចំនៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមិថុនាកន្លងទៅ ខេត្តព្រៃវែងមានសិស្សប្រឡងជាប់ចំនួន ១១រូប ក្នុងនោះមានមេដាយមាសចំនួន ៣, មេដាយប្រាក់ចំនួន ១ និងមេដាយសំរិទ្ធចំនួន១។
គួរបញ្ជាក់ថា សិស្សពូកែជាប់ជ័យលាភីលេខ១ ទទួលបានថវិកា៣លាន៥សែនរៀល, មេដាយមាសមួយគ្រឿង និងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស។ សិស្សពូកែជាប់ជ័យលាភីលេខ២ ទទួលបានថវិកា ៣លាន២សែនរៀល, មេដាយប្រាក់មួយគ្រឿង និងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស។ សិស្សពូកែជាប់ជ័យលាភីលេខ៣ទទួលបានថវិកា ២លាន៩សែនរៀល, មេដាយសំរិទ្ធមួយគ្រឿង និងវិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស៕