កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីហែលទឹកអាម៉េរិកម្នាក់ ត្រូវបានគេជួយសង្គ្រោះពីក្នុងអាងទឹកព្រឹត្តិការណ៍ FINA
23, Jun 2022 , 10:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
កីឡាការិនីហែលទឹក Anita Alvarez សញ្ជាតិអាម៉េរិក ត្រូវបានគ្រូបង្វឹកជួយសង្គ្រោះពីខាងក្នុងអាងទឹក ក្រោយពេលអស់ដង្ហើមហើយសន្លប់ អំឡុងការប្រកួត World Aquatics Championships ថ្ងៃទី២២ ខែមិថុនា នាទីក្រុង Budapest ប្រទេសហុងគ្រី។


អ្នកស្រី Andrea Fuentes ដែលជាគ្រូបង្វឹកហែលទឹក បានមុជទឹកចូលទៅជួយសង្រ្គោះកីឡាការិនី Alvarez ដែលបានលិចចូលទៅក្នុងបាតអាងទឹកដោយការអស់ដង្ហើមហើយសន្លប់ ក្រោយពេលនាងបានបញ្ចប់ការប្រកួតសម្តែងហែលទឹកក្បាច់សេរី(Solo Freestyle) វគ្គផ្តាច់ព្រ័ត្រ។
 
អំឡុងហេតុការណ៍នោះ អ្នកស្រី Fuentes មិនបានស្លៀកពាក់ឯកសណ្ឋានហែលទឹកឡើយ ដោយបានពាក់អាវយឺតនិងខោខ្លី បានប្រមុជទឹកទៅក្នុងអាងទឹកដែលជាទីកន្លែងប្រកួត ហើយបានចាប់អូសកីឡាការិនី Alvarez ឡើងមកលើផ្ទៃនៃអាងទឹកវិញ មុនត្រូវបានក្រុមអ្នកការពារនៅទីនោះមកជួយបន្ថែម។
 
«វាគឺជារឿងដ៏គួរឱ្យភ័យខ្លាចខ្លាំងណាស់ ខ្ញុំបានលោតទៅជួយរូបគេពីព្រោះអ្នកការពារឬ Life Guard នៅទីនោះមិនអាចជួយបាន។ ខ្ញុំពិតជាភ័យខ្លាំងណាស់ ដោយខ្ញុំមិនបានឃើញនាងដកដង្ហើមពេលនោះ ខ្ញុំគិតថានាងមិនបានដកដង្ហើមប្រហែល២នាទី ព្រោះទឹកបានចូលពេញសួតរបស់ខាង ប៉ុន្តែពេលនេះនាងបានរួចផុតពីគ្រោះថ្នាក់ហើយ។»។ នេះបើតាមសម្តីរបស់អ្នកស្រី Fuentes ប្រាប់កាសែត Marca។ 
 
ភ្លាមៗក្រោយការជួយសង្គ្រោះរួច កីឡាការិនី Alvarez ត្រូវបានបញ្ជូនទៅកាន់មជ្ឍមណ្ឌលវេជ្ជសាស្រ្តក្នុងកន្លែងប្រកួតភ្លាមៗ ដើម្បីសង្គ្រោះបន្ត។ ហើយរឿងរ៉ាវនេះ បានក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនិងការភ័យខ្លាចយ៉ាងខ្លាំង ទៅកាន់អ្នកគាំទ្រ ក៏ដូចជាមិត្តរួមក្រុមរបស់នាងផ្ទាល់។
 
សូមជម្រាបថា ការប្រកួតហែលទឹក World Aquatics Championships នាទីក្រុង Budapest គឺជាការប្រកួតកីឡាហែលទឹកលំដាប់ថ្នាក់ពិភពលោកលើកទី១៩ របស់សហព័ន្ធហែលទឹកពិភពលោក (FINA) ​ដែលចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៧ មក៕
 
 
 
 
 

Tag:
 FINA
© រក្សាសិទ្ធិដោយ thmeythmey.com