ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក ឱ្យលុយ២០លានដុល្លារដល់អាស៊ាន ដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទិកនៅដែនសមុទ្រ
23, Jun 2022 , 5:55 pm        
រូបភាព
រូបតំណាង៖ សំណល់ប្លាស្ទិកនានា_ដែលអណ្តែតនៅលើផ្ទៃសមុទ្រក្នុងខេត្តព្រះសីហនុ កាលពីចុងឆ្នាំ២០២១។
រូបតំណាង៖ សំណល់ប្លាស្ទិកនានា_ដែលអណ្តែតនៅលើផ្ទៃសមុទ្រក្នុងខេត្តព្រះសីហនុ កាលពីចុងឆ្នាំ២០២១។
ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានអនុម័តលើថវិកាចំនួន២០លានដុល្លារ សម្រាប់ជួយដល់កម្ពុជា ក៏ដូចប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការលុបបំបាត់សំណល់បា្លស្ទិកក្នុងដែនសមុទ្រ និងការបំពុលក្នុងប្រទេសនីមួយៗ។ បើតាមធនាគារពិភពលោក កញ្ចប់ជំនួយនេះ គឺអនុវត្តតាមរយៈកម្មវិធីតំបន់អាស៊ីអាគ្នេយ៍ ស្តីពីការប្រយុទ្ធប្រឆាំងនឹងប្លាស្ទិកសមុទ្រ (SEA-MaP)។

 
អាស៊ីអាគ្នេយ៍ក្លាយជាចំណុចក្តៅមួយនៃការបំពុលដោយកាកសំណល់ប្លាស្ទិក ព្រោះតែការរីកលូតលាស់របស់ទីក្រុង និងការកើនឡើងនៃចំនួនមនុស្ស​យ៉ាងឆាប់រហ័ស។  ដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថាននេះ​ ធនាគារពិភពលោក សម្រេចផ្តល់ជំនួយ២០លានដុល្លារដល់អាស៊ាន សម្រាប់ធ្វើសកម្មភាពលុបបំបាត់ការបំពុលដោយប្លាស្ទិក ក្នុងដែនសមុទ្រនៃតំបន់អាស៊ីអាគ្នេយ៍ តាមរយៈកម្មវិធី«តំបន់អាស៊ីអាគ្នេយ៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងប្លាស្ទិកសមុទ្រ» Southeast Asia Program on Combating Marine Plastics _ SEA-MaP)។
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគាពិភពលោក ថវិកា២០លានដុល្លារនេះ នឹង​ត្រូរបែងចែកទៅតាមប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ាន ដើម្បីធ្វើសកម្មភាពកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បង្កើនសកម្មភាពកែច្នៃឡើងវិញ និងទប់ស្កាត់ការបំពុលក្នុងដី និងក្នុងសមុទ្រ តាមរយៈសកម្មភាពទុកដាក់សំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ។​ ធនាគារពិភពលោក បានបញ្ជាក់ថា គម្រោងនេះ ក៏ជួយដល់បណ្តាសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធនឹងដែនសមុទ្រ ដែលរងផលប៉ះពាល់អាក្រក់ខ្លាំងពីសំរាមក្នុងផ្ទៃសមុទ្រ ជាពិសេស វិស័យទេសចរណ៍ ផ្នែកនេសាទ​ និងនាវាដឹកជញ្ជូនទំនិញ ជាដើម។ 
 
លោកស្រី ម៉ាន អែឡា​ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា​និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ការកាត់បន្ថយការបំពុលដោយប្លាស្ទិកតាមដងទន្លេនិងមហាសមុទ្ររបស់ពិភពលោក គឺចាំបាច់ត្រូវសកម្មភាពនៅកម្រិតប្រទេស  និងកិច្ចខិតខំប្រឹងប្រែងរួមជាមួយនឹងការសម្របសម្រួលគ្នាឱ្យបានល្អ។ លោកស្រីបានបន្តយ៉ាងដូច្នេះ៖ «យើង រីករាយក្នុងការជួយរដ្ឋសមាជិកអាស៊ានក្នុងការសហការគ្នា ដើម្បីកាត់បន្ថយការបំពុលដោយប្លាស្ទិកទៅក្នុងដែនទឹកទន្លេ​និងសមុទ្រ ក៏ដូចជា ក្នុងការស្វែងរកដំណោះស្រាយចំពោះឥទ្ធិពលអវិជ្ជមាន ដែលកាកសំណល់អាចបង្កដល់សេដ្ឋកិច្ច បរិស្ថាន អាកាសធាតុ និងសុខភាពរបស់ប្រជាជន»។​
 
កន្លងមក ធនាគារពិភពលោក និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន​ បានសិក្សាពីស្ថានភាពទីផ្សាររបស់ប្លាស្ទិក។ ពេលនេះធនាគារពិភពលោក បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីលុបបំបាត់ការហូរធ្លាយនៃកាកសំណល់ប្លាស្ទិកទៅក្នុងបរិស្ថាន ជាពិសេសនៅក្នុងដែនទន្លេ និងសមុទ្រ។​
 
ជាមួយគ្នានេះ​ លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានលើកឡើងថា​ ដែនសមុទ្រ ​និងឆ្នេរសមុទ្រ គឺមានសារៈសំខាន់ណាស់សម្រាប់ជីវិតនិងរបរចិញ្ចឹមជីវិតរបស់សត្វ មនុស្ស​និង សកម្មភាពសេដ្ឋកិច្ចបប្រទេសជាតិនីមួយៗ។ ប៉ុន្តែ បច្ចុប្បន្នវាកំពុងរងសម្ពាធយ៉ាងខ្លាំង ជាពិសេសពីសំណាក់ការបំណុលដោយកាកសំណល់ប្លាស្ទិក ដែលអាចនាំគ្រោះថ្នាក់ដល់សុខភាព និងជះឥទ្ធិពលអវិជ្ជមានទៅលើឧស្សាហកម្មទេសចរណ៍ និងនេសាទ ដែលមានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។ លោកបានបញ្ជាក់ថា​៖ «គម្រោងថ្នាក់តំបន់នេះ ជាសក្ខីកម្មបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ាន ក្នុងការស្វែងរកដោយប្រតិសកម្មនូវដំណោះស្រាយចំពោះបញ្ហាឆ្លងដែនមួយនេះ ដើម្បីកែលម្អឱ្យប្រសើរឡើងវិញនូវសុខភាពរបស់ផៃ្ទដែនសមុទ្ររបស់យើង​ ដែលជាទីពឹងពាក់អាស្រ័យរបស់ប្រជាជនជាច្រើននៅក្នុងតំបន់អាស៊ានយើងនេះ»។
 
សេចក្តីប្រកាសរបស់ធនាគារពិភពលោក បានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន បានរងការខូចខាតគិតជាទឹកប្រាក់ប្រហែល២,‌១ពាន់លានដុល្លារ ពីការបំណុលដោយប្លាស្ទិក កាលឆ្នាំ២០១៥។ លើសពីនេះទៅទៀត វដ្តជីវិតទាំងមូលរបស់ប្លាស្ទិក រាប់ទាំងសកម្មភាពផលិត និង ដឹកជញ្ជូនរបស់វា បានបំភាយឧស្ម័នកាបូនិករាប់ពាន់លានតោន ទៅក្នុងស្រទាប់បរិយាកាស៕ 
 

Tag:
 ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com