ជាតិ
សេដ្ឋកិច្ច
លោក ហែម ច័ន្ទសុភ័ក្ត្រ ច្នៃផ្ទះពីជំនាន់ទសវត្សរ៍៥០ ទៅជាសហគមន៍សម្រាប់អ្នកធ្វើ Startup
24, Jun 2022 , 8:59 am        
រូបភាព
លោក ហែម ច័ន្ទសុភ័ក្ត្រ ស្ថាបនិក «ផ្ទះចាស់»។
លោក ហែម ច័ន្ទសុភ័ក្ត្រ ស្ថាបនិក «ផ្ទះចាស់»។
ភ្នំពេញ៖ សំណង់ផ្ទះចាស់នៃជំនាន់ទសវត្សរ៍៥០មួយកន្លែង ក្នុងខណ្ឌដូនពេញ ត្រូវបានលោក ហែម ច័ន្ទសុភ័ក្ត្រ កែច្នៃទៅជាអគារសហគមន៍សម្រាប់អ្នកចាប់ផ្តើមបង្កើតធុរកិច្ចថ្មីៗ (Startup)។  បើតាមលោកច័ន្ទសុភ័ក្ត្រ អគារអាជីវកម្មសហគមន៍នេះ បានក្លាយជាកន្លែងដ៏មួយសម្រាប់សហគ្រិនដែលទើបចាប់ផ្ដើមថ្មីថ្មោង ​​ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងទើបងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។

 
លោក ហែម ច័ន្ទសុភ័ក្ត្រ ជាស្ថាបនិក «ផ្ទះចាស់» ដែលយកផ្ទះកម្ពស់៤ជាន់មួយកន្លែងដែលសង់ឡើងក្នុងទសវត្សរ៍៥០(អំឡុងឆ្នាំ១៩៥០) ទៅជាអគារសហគមន៍មួយប្រមូលផ្តុំដោយធុរកិច្ចថ្មី ចាប់តាំងពីឆ្នាំ២០២០ មកទល់បច្ចុប្បន្ន។​ អគារធុរកិច្ចថ្មីនេះ គឺស្ថិតនៅតាមបណ្ដោយវិថីព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។​
 
«ផ្ទះចាស់»នេះ មានទៅដោយហាងលក់រុក្ខជាតិ ហាងកាហ្វេ រោងជាងកាត់ដេរ, Design studio និង មណ្ឌលបណ្ដុះបណ្ដាល...ជាដើម។ ក្រៅពីភាពចម្រុះបែបនៃអាជីវកម្ម ផ្ទះចាស់មួយនេះក៏ត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ ដោយមានអគារបៃតង​ដែលមានខ្យល់ ពន្លឺចេញចូលគ្រប់គ្រាន់ក្នុងអគារ  រួមទាំងមានការប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក និងមានការវេចខ្ចប់ដែលគិតគូរដល់បរិស្ថាន ថែមទៀត។ 
 

អាជីវកម្មមួយចំនួន ដែលមាននៅក្នុងសហគមន៍អាជីវកម្ម «ផ្ទះចាស់»។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗលោក ច័ន្ទសុភ័ក្ត្រ បានរៀបរាប់ពីការបង្កើតផ្ទះចាស់នេះយ៉ាងដូច្នេះ៖ «ផ្ទះចាស់ មុនដំបូងយើងគ្រាន់តែចង់បើក វាទៅជាហាងលក់ដើមឈើ និង ហាងកាហ្វេនោះទេ។ ប៉ុន្តែ ផ្ទះចាស់នេះ ចាប់ផ្ដើមកើតមានបន្ទាប់ពីខ្ញុំជួបបញ្ហាកូវីដ-១៩ទាំងយើងអ្នកបើកអាជីវកម្មថ្មី កំពុងមានបញ្ហាលើការចំណាយ។ ដូច្នេះ ខ្ញុំចាប់ផ្ដើមគិត ថាតើបើជួបបញ្ហាអ៊ីចឹងតើយើងអាចបង្កើតអ្វីថ្មី ដែលអាចជួយខ្លួនយើងផង និងអាចជួយម្ចាស់អាជីវកម្មដទៃផង។ អ៊ីចឹង ក៏ខែមីនាឆ្នាំមុន[ឆ្នាំ២០២០] ខ្ញុំសម្រេចចិត្តបើក[ផ្ទះចាស់]ដោយមានគំនិត[Concept] បែបអាគារសហគមន៍នេះឡើងមក»។ 
 
បើតាមស្ថាបនិកវ័យ២៩ឆ្នាំរូបនេះ អាគារអាជីវកម្មនេះត្រូវបានដំណើរការឡើងតាមរបៀបជាសហគមន៍។ មានន័យថា មិនមែនគ្រប់អាជីវកម្ម​ អាចបើកស្នាក់ការរបស់ខ្លួននៅផ្ទះចាស់បានឡើយ។ លោក ច័ន្ទសុភ័ក្ត្រ បានបញ្ជាក់ថា ផ្ទះចាស់នេះ គឺផ្តោតលើអាជីវកម្មសហគ្រិនសង្គម (Social Enterprise) ប៉ុណ្ណោះ។ 
 
«រាល់ម្ចាស់អាជីវកម្មដែលមកបង្កើតនៅទីនេះ គឺយើងតែងតែជួបគ្នាសិន ដើម្បីស្វែងយល់ពីអាជីវកម្ម ឬស្វែងយល់ពីគុណតម្លៃនៃអាជីវកម្មរបស់ពួកគាត់។ ថា តើអាជីវកម្មថ្មីហ្នឹងចូលមក តើបានបន្ថែមគុណតម្លៃអ្វីទៅក្នុងសហគមន៍យើង?»។ នេះជាការលើកឡើងរបស់លោក ច័ន្ទសុភ័ក្រ្ត ដោយបន្ថែមថា ៖«  យើងព្យាយាមបង្កភាពចម្រុះនៃអាជីវកម្មក្នុងអគារ ហើយយើងមិនចង់ឱ្យមានភាពប្រកួតប្រជែងគ្នាក្នុងសហគមន៍តែមួយទេ! តែយើងចង់ឱ្យមានភាពជួយគ្នាវិញទៅមក»។​
 

ផ្នែកខាងក្នុងនៃអគារ «ផ្ទះចាស់»។

សម្រាប់យុវជនមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះ អគារសហគមន៍ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់អាជីវកម្មធុនតូចនិងមធ្យម(SME) និងធុរកិច្ចដែលទើបចាប់ផ្ដើមថ្មីថ្មោង។ លោក  ច័ន្ទសុភ័ក្រ្ត បន្តរៀបរាប់ថា៖ «នៅក្នុង[អគារសហគមន៍]នេះ មានការងារខ្លះគឺយើងអាចជួយគ្នាបាន។ ក្រុមការងារមួយចំនួនគាត់ធ្វើផ្នែកDigital Marketing,  ខ្លះធ្វើការងារលើកផ្នែករចនា(Design) ជាដើម។ ដូច្នេះ ពេលយើងមានតម្រូវការបែបហ្នឹង គឺយើងអាចជួយគ្នាបាន និងផ្លាស់ប្ដូរយោបល់គ្នា ហើយយើងជួយលើគំនិត និងលើកទឹកចិត្តគ្នា»។ 
 
 

ជាមួយគ្នានេះ លោក  ច័ន្ទសុភ័ក្រ្ត ក៏បានលើកទឹកចិត្តដល់យុវជនគ្រប់រូបដែលមានបំណងចង់បង្កើត បង្កើតធុរកិច្ចថ្មី គឺត្រូវជឿជាក់លើខ្លួនឯង មានការរៀបចំផែនការច្បាស់លាស់ រួមទាំងស្គាល់នូវគោលដៅអតិថិជនរបស់ខ្លួនឯង ផងដែរ។ ​លោកបាននិយាយដូច្នេះ៖ « [សម្រាប់ការបង្កើតធុរកិច្ចថ្មីនីមួយៗ]គឺយើងត្រូវស្គាល់ពីប្រភេទតម្រូវការ ដោយកុំរង់ចាំរហូតដល់យើងមានអ្វីសព្វគ្រប់បែបយ៉ាង ទើបយើងសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មមួយក្នុងក្តីស្រមៃរបស់យើង»៕ 
 
 
 

Tag:
 ទសវត្សរ៍៥០
  Startup
  លោក ហែម ច័ន្ទសុភ័ក្រ្ត
© រក្សាសិទ្ធិដោយ thmeythmey.com