អន្តរជាតិ
សហភាពអឺរ៉ុប សម្រេចចិត្តទទួលអ៊ុយក្រែន និងម៉ុលដាវីជាបេក្ខភាព
24, Jun 2022 , 10:12 am        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបក្នុងថ្ងៃទី២៣ ខែមិថុនា។ រូបភាព៖ Twitter របស់ Ursula von der Leyen
កិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបក្នុងថ្ងៃទី២៣ ខែមិថុនា។ រូបភាព៖ Twitter របស់ Ursula von der Leyen
សហភាពអឺរ៉ុប នៅថ្ងៃទី២៣ ខែមិថុនា បានសម្រេចផ្តល់អ៊ុយក្រែន និងម៉ុលដាវីក្នុងឋានៈជាបេក្ខភាពរបស់ខ្លួន។ ការផ្តល់ភ្លើងបៃតងបែបនេះ ត្រូវបានមន្រ្តីអឺរ៉ុប និងមេដឹកនាំអ៊ុយក្រែនសាទរយ៉ាងខ្លាំង បើទោះនីតិវិធីបន្ទាប់ ត្រូវចាយពេលច្រើនក៏ដោយ។


 
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃទី២៣ ខែមិថុនា សហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២៧ប្រទេស បានសម្រេចផ្តល់ឋានៈជាបេក្ខភាពដល់អ៊ុយក្រែន និងម៉ុលដាវី។ មន្រ្តីអឺរ៉ុប និងមេដឹកនាំអ៊ុយក្រែនរីករាយយ៉ាងខ្លាំង។ កិច្ចប្រជុំនេះ ចូលរួមដោយមេដឹកនាំរដ្ឋសមាជិក EU ២៧ប្រទេស។
 
«អនាគតរបស់អ៊ុយក្រែន គឺនៅក្នុងសហភាពអឺរ៉ុប»។ លោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសរសេរបែបនេះ នៅលើបណ្តាញសង្គម Twitter។ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែន បានសាទរការសម្រេចរបស់អឺរ៉ុបចំពោះប្រទេសខ្លួន រួមទាំងចាត់ទុកការផ្តល់ភ្លើងបៃតងនោះជាពេលដ៏សំខាន់ និងប្រវត្តិសាស្រ្ត។ 
 
ចំណែកប្រមុខការទូតអឺរ៉ុប លោក Josep Borrell បានថ្លែងថា ប្រជាជនអ៊ុយក្រែន គឺជាសមាជិកគ្រួសាររបស់សហភាពអឺរ៉ុប ហើយអនាគតក្រុងកៀវ នឹងនៅជាមួយអឺរ៉ុប។ មន្រ្តីជាន់ខ្ពស់អឺរ៉ុបើ បានហៅថ្ងៃទទួលអ៊ុយក្រែន និងម៉ុលដាវីថា ជាថ្ងៃល្អសម្រាប់អឺរ៉ុប។ 
 
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន ក្នុងសន្និសីទសារព័ត៌មានមួយ បានបង្ហាញក្តីសង្ឃឹមថា អ៊ុយក្រែន រួមទាំងម៉ុលដាវី នឹងខិតខំធ្វើការតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើកំណែទម្រង់លើវិស័យសំខាន់ៗតាមលក្ខខណ្ឌកំណត់របស់អឺរ៉ុប។ នីតិវិធីចរចាចូលជាសមាជិកភាពសហភាពអឺរ៉ុប នឹងត្រូវប្រើពេលជាច្រើនឆ្នាំ ប៉ុន្តែមេដឹកនាំប្លុកមួយនេះ អាចពន្លឿនបាន លុះត្រាតែមានឆន្ទៈនយោបាយចង់ជួយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
គួររំឮកថា អ៊ុយក្រែន បានដាក់ពាក្យចូលជាសមាជិកសហភាពអឺរ៉ុបនៅរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសខ្លួន៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com