កីឡាអន្តរជាតិ
អន្តរជាតិ
FIFA អនុញ្ញាតក្រុមនីមួយៗបន្ថែមកីឡាករ៣នាក់ទៀតនៅ World Cup កាតា
24, Jun 2022 , 11:14 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី២៣ ខែមិថុនា អនុញ្ញាតឱ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិនីមួយៗអាចជ្រើសរើសកីឡាករបន្ថែម៣នាក់ទៀតសម្រាប់ការប្រកួត FIFIA World Cup ឆ្នាំ២០២២ នៅកាតា។ ចំនួនកីឡាករសរុបឡើងដល់២៦នាក់។



ការសម្រេចបន្ថែមកីឡាករពី២៣ ទៅ២៦នាក់នេះ ដោយសារ FIFA យល់ឃើញថាពេលវេលាប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំនេះខុសសព្វដង រួមទាំងផលប៉ះពាល់ដែលបង្កដោយជំងឺកូវីដ-១៩ផង។ World Cup ជាធម្មតា តែងប្រារព្វធ្វើអំឡុងខែមិថុនា និងខែកក្កដា។ ដោយឡែកនៅឆ្នាំ២០២២នេះ ត្រូវធ្វើពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងែទី១៨ ខែធ្នូវិញ។
 
នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup ដែលមានកីឡាករបម្រុងរហូតដល់១៥រូប និងមន្ត្រីកីឡា១១រូប ត្រូវបានអនុញ្ញាឱ្យអង្គុយនៅកៅអីក្រុមអំឡុងពេលប្រកួត។
 
យ៉ាងណាក៏ដោយ បើតាមសេចក្តីប្រកាសរបស់ស្ថាប័នគ្រប់គ្រង់កីឡាបាល់ទាត់ពិភពលោក ក្រុមទាំង៣២អាចមានសិទ្ធិយកកីឡាករត្រឹម២៣នាក់ ឬចន្លោះពី២៣ ទៅ២៦ ដើម្បីទៅកាន់ប្រទេសកាតាក៏បាន។
 
ការបន្ថែមកីឡាករ៣រូប ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ធ្វើរួចមកហើយកាលពីឆ្នាំមុន ក្នុងការប្រកួតជើងឯកអឺរ៉ុប Euro ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩៕
 

Tag:
 FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com