ជាតិ
ឃុំ-សង្កាត់៖ ៩គណបក្សបានអាសនៈ ដោយបក្សប្រជាជនកម្ពុជានាំមុខដាច់ និងភ្លើងទៀនជាប់លេខ២
24, Jun 2022 , 1:14 pm        
រូបភាព
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៤ ខែមិថុនា
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៤ ខែមិថុនា
ដោយ: រួបរួម
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៤ ខែមិថុនា នេះ បានប្រកាសពីចំនួនអាសនៈដែលគណបក្សនីមួយៗទទួលបានពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ឆ្នាំ២០២២។

 
យោងតាមលទ្ធផលផ្លូវការ គណបក្សចំនួន៩ក្នុងចំណោម១៧ បានទទួលអាសនៈក្នុងអណត្តិទី៥នេះ ដោយក្នុងចំណោម១១៦២២អាសនៈនៃ១៦៥២ឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា ទទួលបានទៅដល់ ៩៣៧៦អាសនៈ គណបក្សភ្លើងទៀន បាន ២១៩៨អាសនៈ។
 
គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលេខ៣ ដោយបាន១៩អាសនៈ បន្ទាប់មកគណបក្សខ្មែររួបរួមជាតិ បាន១៣អាសនៈ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិ បាន៥អាសនៈ គណបក្សយុវជនកម្ពុជា បាន៣អាសនៈ គណបក្សកម្ពុជានិយម បាន១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន១អាសនៈ។
 
បើតាមគ.ជ.ប ពលរដ្ឋចេញទៅបោះឆ្នោត មានជិត៧,៤លាននាក់ ដែលស្មើនឹង៨០,៣២ភាគរយ ខណៈសន្លឹកឆ្នោតបានការមានជាង៧,២លានសន្លឹក និងមិនបានការមានជិត១៦ម៉ឺនសន្លឹក។
 
អង្គភាពជំនាញផ្សព្វផ្សាយរបស់គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនេះលំអិត នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ គេហទំព័រ និងបណ្តាញសង្គមរបស់ គ.ជ.ប ផ្ទាល់៕
 

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com