កីឡាអន្តរជាតិ
អន្តរជាតិ
ធ្លាក់ទៅលីគ២ Saint-Etienne ត្រូវកាត់៣ពិន្ទុ និងហាមអ្នកគាំទ្រចូលកីឡដ្ឋាន៤ប្រកួត
24, Jun 2022 , 1:57 pm        
រូបភាព
ក្លិបបាល់ទាត់ Saint-Etienne នឹងចាប់ផ្តើមការប្រកួតពានរង្វាន់ Ligue ​2 របស់បារាំង ដោយត្រូវកាត់៣ពិន្ទុ និងហាមមិនឱ្យមានអ្នកចូលទស្សនាក្នុងកីឡដ្ឋានចំនួន៤ប្រកួតដំបូង។ នេះជាការពិន័យលើក្រុមនេះ ព្រោះបញ្ហាអ្នកគាំទ្រចូលអុកឡុកក្នុងចូលទីលាន ក្រោយពេលក្រុមធ្លាក់ចេញពី Ligue 1 កាលពីដើមខែមិថុនា។


Saint-Etienne ធ្លាក់ចេញពីលីគកំពូលបារាំងក្រោយពេលប្រកួតចាញ់ក្រុម AJ Auxerre ក្នុងលទ្ធផលទាំងពីរជើង ២-២ និងក្រុម AJ Auxerre ឈ្នះដោយលទ្ធផលស៊ុតបាល់កាត់សេចក្តី១១ម៉ែត្រដោយលទ្ធផល៥-៤ នៅវគ្គជម្រុះ Play-Off។ Saint-Etienne ជាក្រុមឈរលេខ១៨ នៅលីគកំពូលបារាំង ហើយក្រុម AJ Auxerre ជាក្រុមដែលឈរលេខ៣ នៅលីគទីពីរ ក្នុងជំនួប Play-Off នោះ។
 
ក្រោយការប្រកួតបញ្ចប់ភ្លាម អ្នកគាំទ្រក្រុមម្ចាស់ផ្ទះសម្រុកចូលអុកឡុកក្នុងទីលានតែម្ដង។ វីដេអូឃ្លីបមួយបានបង្ហោះដោយអ្នកចូលទស្សនាការប្រកួត បានបង្ហាញអំពីសកម្មភាពអ្នកគាំទ្របានរត់ចូលទីលានហើយដុះកាំជ្រួចភ្លើង និងគ្រាប់បែកផ្សែងចោលតម្រង់ទៅកាន់ច្រកចេញចូលរបស់កីឡាករ ហើយដុតកង់លើទីលានប្រកួត។ កីឡាកររបស់ Saint Etienne បានក្លាយជាគោលដៅរបស់អ្នកគាំទ្រទាំងនោះដែរ។
 
នាថ្ងៃទី២៣ ខែមិថុនា ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់ធំៗប្រចាំបារាំង ឬ Ligue de Football Professional (LFP) បានចេញសេចក្តីប្រកាសថា ក្លិប Saint-Etienne ត្រូវបានកាត់៣ពិន្ទុ និងហាមការប្រកួតក្នុងទឹកទីចំនួន៤ប្រកួត មិនឱ្យមានអ្នកគាំទ្រចូលទស្សនាឡើយ ដែលជាជំនួបដើមរដូវកាលទាំងអស់។
 
ក្រោយពេលទទួលដំណឹង ក្លិបដែលមានប្រវត្តិលើកពានកំពូលបារាំង១០លើកមួយនេះ បាននិយាយថាក្លិបនឹងមិនប្តឹងជំទាស់ឡើយ ហើយស្នើឱ្យអ្នកគាំទ្របញ្ឈប់រាល់ទង្វើមិនសមរម្យក្នុងទីលានបែបនេះទៀត។
 
«ក្លិបបានសម្រេចចិត្តមិនប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់ស្ថាប័ន (LFP) ព្រោះដោយសារហេតុការណ៍នោះពិតទៅតាមអ្វីដែលបានឃើញផ្ទាល់។​ ក្លិបសូមអំពាវនាវទៅកាន់មនុស្សគ្រប់គ្នាឱ្យមានទំនួលខុសត្រូវ ដូច្នេះយើងរំពឹងថានឹងមិនមានទង្វើដែលមិនអាចទទួលយកបានដូចនេះកើតឡើងក្នុងកីឡដ្ឋាន Geoffroy-Guichard ម្តងទៀតឡើយ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Saint-Etienne៕
 

Tag:
 Saint-Etienne
  Ligue 2
© រក្សាសិទ្ធិដោយ thmeythmey.com