ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំទំនិញចូលពីវៀតណាម កើន៣៤ភាគរយ ខណៈនាំទៅវៀតណាមវិញកើនត្រឹម ៣,៤ភាគរយ
24, Jun 2022 , 7:59 pm        
រូបភាព
រូបភាព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ។
រូបភាព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ។
ដោយ​ ៖ ធន់ សេងហុង 
 
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាម សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ២,៨ពាន់លានដុល្លារ នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២នេះ​។ ទំហំនេះ បានកើនឡើងរហូតដល់ ២០,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ២,៣ ពាន់លានដុល្លារ ។


ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ ជាមួយបណ្តាប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​បានឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅវៀតណាម ៥ខែនេះ មានទំហំទឹកប្រាក់ត្រឹមតែ ១,០៧ពាន់លានដុល្លារ ដែលមានការកើនឡើងតិចតួចប្រមាណ ៣,៤ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានត្រឹមតែ ១,០៤ ពាន់លានដុល្លារ​។
 
ចំណែកឯការនាំចូលទំនិញពីវៀតណាម មកកម្ពុជា​វិញ មានទំហំជាង១,៧១ពាន់លានដុល្លារ មានការកើនឡើងប្រមាណ ៣៤ភាគរយ បើធៀបរយៈពេលដូចគ្នា ដែលមានទំហំទឹកប្រាក់ ១,២៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១​។
 
ប្រភេទមុខទំនិញដែលកម្ពុជានាំចូលពីវៀតណាម ក្នុងរយៈពេល ០៥ខែដើមឆ្នាំ២០២២មានដូចជា ដែកថែប បន្លែ ផ្លែឈើ ជី សម្ភារៈប្រើប្រាស់ផ្សេងៗ… ។ ចំណែកទំនិញដែលកម្ពុជានាំចេញទៅប្រទេសវៀតណាមវិញ មានស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ស្ករស…។
 
សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក គុណ ញឹម ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប៉ុន្តែមិនទទួលទូរសព្ទ។
 
កាលពីខែមេសាកន្លងទៅ ក្នុងជំនួបពិភាក្សាការងាររវាង លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Tran Quoc Khanh អនុរដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធអនឡាញ បានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មរួមគ្នាឱ្យលើស ១០ពាន់លានដុល្លារ​ នៅឆ្នាំ២០២២ ។
 
សូមជម្រាបដែរថា នៅថ្ងៃនេះគឺជាថ្ងៃគម្រប់ខួប ៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២៕
 

Tag:
 វៀតណាម ទំហំពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com