អន្តរជាតិ
អាហ្វហ្កានីស្ថាន ប្រកាសបញ្ចប់បេសកកម្មរុករកអ្នករស់រានមានជីវិតក្នុងគ្រោះរញ្ជួយដី
24, Jun 2022 , 8:29 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
អាជ្ញាធរអាហ្វហ្កានីស្ថាន នៅថ្ងៃទី២៤ ខែមិថុនា បានបញ្ចប់ប្រតិបត្តិការរុករកអ្នករស់រានមានជីវិតក្នុងគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សប្រមាណ ១ពាន់នាក់ហើយ។ អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់បែបនេះ ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters តែមិនបានបញ្ជាក់ពីហេតុផល ដែលបញ្ឈប់ប្រតិបត្តិការរុករកត្រឹមរយៈពេល២ថ្ងៃឡើយ។

 
មនុស្សប្រមាណ ១០០០នាក់ បានបាត់បង់ជីវិត ខណៈអ្នករបួសមានប្រហែល ២០០០នាក់ នៅក្នុងរញ្ជួយដីមួយ ដែលបានកើតឡើងនៅភាគអាគេ្នយ៍របស់អាហ្វហ្កានីស្ថាន ជាប់ព្រំដែនប៉ាគីស្ថាន។ ផ្ទះប្រមាណ១ម៉ឺនខ្នង ត្រូវបានបំផ្លាញដោយផ្នែក ឬទាំងស្រុង ខណៈផ្លូវ ដែលមានតិចតួចដើម្បីចូលទៅក្នុងតំបន់នោះ ក៏ខូចខាតខ្លាំងដែរ។ 
 
យ៉ាងណាមិញ បន្ទាប់ពីបើកប្រតិបត្តិការរុករកអ្នករស់រានមានជីវិតបានពីរថ្ងៃ ជ្ញាធរអាហ្វហ្កានីស្ថាន បានប្រកាសបិទបញ្ចប់ហើយ ប៉ុន្តែមិនបានប្រាប់ពីមូលហេតុពិតប្រាកដនៃការបញ្ឈប់បេសកកម្មនេះឡើយ។ 
 
«ប្រតិបត្តិការរុករក បានបញ្ចប់ហើយ មនុស្សចំនួន១ពាន់នាក់ បានបាត់បង់ជីវិត ខណៈអ្នករបួសមានប្រមាណ២ពាន់នាក់»។ លោក Mohammad Nassim Haqqani អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនៃរដ្ឋាភិបាងតាលីបង់បានអះអាងបែបនេះ នៅក្នុងថ្ងៃទី២៤ ខែមិថុនា។ ទន្ទឹមនេះ មន្រ្តីរូបនេះ បានបន្តថា អាហ្វហ្កានីស្ថាន មិនមានឧបករណ៍សំខាន់ៗ ក្នុងការព្យាបាលប្រជាជនដែលរងរបួសឡើយ។ 
 
ត្រង់ចំណុចនេះ លោក Haqqani បានបង្ហាញថា ក្រសួងសុខាភិបាល មិនមានថ្នាំពេទ្យគ្រប់គ្រាន់ឡើយ ហើយអាហ្វហ្កានីស្ថានត្រូវការថ្នាំពេទ្យ និងសម្ភារវេជ្ជសាស្រ្តផ្សេងទៀត ដោយសារតែរញ្ជួយដីមួយនេះ ជាមហន្តរាយដ៏ធំ។ កង្វះផ្លូវចូល និងប្រព័ន្ធទំនាក់ទំនង បានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំក្នុងការជួយសង្រ្គោះយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត អាជ្ញាធរអាហ្វហ្កានីស្ថានខ្វះសម្ភារក្នុងការជួយសង្រ្គោះជាច្រើន ដោយសារប្រទេសមួយនេះ ទើបតែបញ្ចប់សង្រ្គាម។ 
 
កន្លងមក មន្រ្តីតាលីបង់ ក៏បានសុំជំនួយពីសហគមន៍អន្តរជាតិបន្ថែមផងដែរ។ ជាការឆ្លើយតប ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែប្រកាសផ្តល់ជំនួយមនុស្សធម៌ទៅអាហ្វហ្កានីស្ថាន។ ចំណែកឥណ្ឌា ដែលមានទំនាក់ទំនងមិនសូវល្អប៉ុន្មានជាមួយក្រុមតាលីបង់ បានអះអាងថា ខ្លួនបានផ្តល់ជំនួយចំនួន ២៧តោន តាមរយៈទីភ្នាក់ងារជំនួយអន្តរជាតិ៕
 

Tag:
 អាហ្វហ្កានីស្ថាន
  រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com