ជាតិ
សំរាមប្លាស្ទិកនៅតែជាបញ្ហាចោទសម្រាប់សហគមន៍នៅបឹងទន្លេសាប
24, Jun 2022 , 8:59 pm        
រូបភាព
សៀមរាប៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ យុទ្ធនាការសម្អាតបរិស្ថាន ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ទាំងអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានផង ដើម្បីបំផុសចលនាទីក្រុងស្អាត សហគមន៍ស្អាត ដោយគ្មានសំរាមប្លាស្ទិក។ យ៉ាងណា ការចោលសំរាមពាសវាលពាសកាលនៅតែមាន ពិសេសសម្រាប់សហគមន៍ ដែលរស់នៅក្នុងតំបន់បឹងទន្លេសាប តាមផ្ទះបណ្ដែតទឹក ពួកគេហាក់មិនទាន់យល់ដឹងពីបញ្ហានេះ ក្នុងការរៀបចំទុកដាក់ឲ្យបានទូលំទូលាយឡើយ។ គេនៅតែឃើញសំរាមប្លាស្ទិកចម្រុះពណ៌ ពេញដី ខ្លះហើរ ខ្លះអណ្ដែត និងខ្លះទើរជាប់តាមច្រាំងទន្លេសាបស្គេកស្កះ គួរឱ្យរំខានភ្នែកជាខ្លាំង។

 
សហគមន៍ចុងឃ្នៀស ដែលជាទីពេញនិយមមួយ សម្រាប់ទេសចរដែលចូលចិត្តជិះទូកកម្សាន្តមើលផ្ទះបណ្ដែតទឹកក្នុងបឹងទន្លេសាប។ កំណើនប្រជាពលរដ្ឋ បូករួមនឹងកខ្វះចំណេះដឹងផងនោះ ធ្វើឱ្យតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយនេះ កំពុងរងគ្រោះដោយសារបញ្ហាសំរាម​។ សំរាមប្លាស្ទិក គួរត្រូវបានដោះស្រាយ ដើម្បីអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាត្រៀមទទួលទេសចរក្រោយវិបត្តិជំងឺកូវីដ១៩។ 
 


ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល ក្នុងការដឹកនាំយុទ្ធនាការសម្អាតបរិស្ថាននៅតំបន់ចុងឃ្នៀសនាថ្ងៃទី២២ ខែមិថុនា បានលើកឡើងថា សំរាមប្លាស្ទិកនៅតែជាបញ្ហាចោទសម្រាប់សហគមន៍រស់នៅបឹងទន្លេសាប ដែលមិនទាន់មានការគ្រប់គ្រងបានត្រឹមត្រូវ។  កន្លងមកអង្គការរបស់លោកបានខិតខំធ្វើយុទ្ធនាការសម្អាត និងប្រមូលសំរាមនៅតាមសហគមន៍រស់នៅបឹងទន្លេសាប ដោយបានអប់រំ និងចែកការ៉ុង សម្រាប់ឱ្យពួកគាត់ទុកដាក់ត្រឹមត្រូវ។ 
 
យ៉ាងណាមិញ វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យគម្រោងតាមសហគមន៍ខ្លះបានស្ទះរាំង។ លោក ស៊ា សុផល ពន្យល់ថា៖«    
សំរាមនៅតែមានដោយសារមានបញ្ហាប្រឈមខ្លះៗ ពិសេសអំឡុងពេលកូវីដ ធ្វើឱ្យគម្រោងសហគមន៍ដែលមានផែនការចុះអប់រំត្រូវរាំងស្ទះ ហើយគោលដៅមួយចំនួនដូចសិស្សសាលាដែលឱ្យគាត់ធ្វើចលនាក្នុងសហគមន៍ក៏មិនបានធ្វើដែរ»។
 


បើតាមការយល់ឃើញរបស់លោក ស៊ា សុផល ដើម្បីធ្វើការងារបរិស្ថាននេះឱ្យបានជោគជ័យទៅបាន អាជ្ញាធរមូលដ្ឋាន ត្រូវរៀបចំផែនការគ្រប់គ្រងជាប្រចាំខែ ឬប្រចាំឆ្នាំ ទាំងការងារអប់រំ និងផ្តល់ការ៉ុងដល់ប្រជាពលរដ្ឋសម្រាប់វេចខ្ចប់។ ការរៀបចំទីតាំងប្រមូលសំរាម ក៏ត្រូវធ្វើដែរ ដើម្បីឱ្យពលរដ្ឋរំពឹងថា ពួកគេមានកន្លែងចោលសំរាមច្បាស់លាស់ មិនមែនបោះចោលក្នុងទឹកដូចមុននេះ។
 
លោក ហាយ យ៉ុង ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន និងអនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ នៃរដ្ឋបាលក្រុងសៀមរាប ពន្យល់ថា សំរាមនៅខាងក្រោមនៃតំបន់ចុងឃ្នៀស មានភាពស្មុគស្មាញបន្តិច ព្រោះកង្វះខាតសម្ភារ និងថវិកា។ លោក ហាយ យ៉ុង បន្តថា កន្លងមកលោកបានធ្វើការជាមួយសង្កាត់ ដោយឱ្យប្រជាពលរដ្ឋនៅលើទឹក វេចខ្ចប់យកទៅដាក់លើកគោកនៅទីតាំងណាមួយ ដើម្បីឱ្យរថយន្តចូលទៅយកក្នុងមួយសប្ដាហ៍ម្ដង។ 
 
លោក ហាយ យ៉ុង៖« ផែនការយើងធ្វើបានតែលើកគោក តែក្នុងទឹកមិនទាន់បានទេ ដោយសារខ្វះមធ្យោបាយ សម្ភារ។ តែជាទូទៅ ខ្ញុំបានដាក់ផែនការទៅសង្កាត់ ឱ្យធ្វើការជាប្រចាំ វេចខ្ចប់ដាក់ខាងលើ ហើយឡានក្នុងមួយសប្ដាហ៍យកម្ដង គាត់អាចយកដាក់ទីតាំងណាដែលគាត់ស្ដុកទុក»។
 
សហគមន៍ចុងឃ្នៀស និងសហគមន៍ឃុំកំពង់ឃ្លាំង គឺជាសហគមន៍ទេសចរណ៍ជាប់បឹងទន្លេសាប ដែលអង្គការរបស់លោក ស៊ា សុផល ទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ បានដាក់គោលដៅរៀបចំយុទ្ធនាការកម្ពុជាស្អាតកម្ពុជាបៃតង ក្រោមប្រធានបទ ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក។ យុទ្ធនាការនេះ គឺដើម្បីសម្អាតបរិស្ថានឱ្យមានភាពល្អប្រសើរ ត្រៀមទទួលទេសចរឡើងវិញ។ 
 


ថ្លែងក្នុងពិធីយុទ្ធនាការសម្អាតបរិស្ថានសំណល់ប្លាស្ទិកនៅសហគមន៍ចុងឃ្នៀស លោក ហ៊ួត រិទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអំពាវនាវឱ្យសហគមន៍មានឆន្ទុះមុះមុត ដើម្បីចូលរួមធ្វើឱ្យបរិស្ថានក្នុងតំបន់របស់ខ្លួន មានភាពល្អប្រសើរ។ លោកបន្តថា អនាម័យ បរិស្ថាន ពិតជាសំខាន់ណាស់ក្នុងការទាក់ទាញទេសចរចូលមកកម្សាន្តក្នុងសហគមន៍។ លោកក៏សង្ឃឹមថា សហគមន៍តាមតំបន់បឹងទន្លេសាបទាំងអស់ នឹងស្អាត គ្មានសំណល់ប្លាស្ទិក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕
 
 

Tag:
 យុទ្ធនាការសម្អាតបរិស្ថានបឹងទន្លេសាប
  ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com