អន្តរជាតិ
លោក គីម ប្រាប់ឱ្យកងទ័ពពង្រឹងសមត្ថភាពការពារជាតិ ខណៈពិភពលោកបារម្ភថាកូរ៉េខាងជើងអាចសាកល្បងនុយក្លេអ៊ែរ
24, Jun 2022 , 9:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បញ្ជាឱ្យកងទ័ពពង្រឹងសមត្ថភាពការពារជាតិបន្ថែមទៀតអំឡុងកិច្ចប្រជុំជាមួយមន្ត្រីយោធាសំខាន់ៗ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី២៤​ ខែមិថុនា។ ការបញ្ជានេះ ធ្វើឡើងស្របពេលពិភពលោកព្រួយបារម្ភពីកម្មវិធីអាវុធរបស់កូរ៉េខាងជើង ពិសេសការសាកល្បងនុយក្លេអ៊ែរតែម្ដង។


ខណៈដែលពិភពលោកជឿថា ទីក្រុងព្យុងយ៉ាងត្រៀមសាកល្បងនុយក្លេអ៊ែរលើកដំបូងក្នុងរយៈពេល៥ ឆ្នាំ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិម ដើម្បីជជែកពីបញ្ហាសំខាន់ៗទាក់ទងកិច្ចការកងទ័ព និងវិស័យការពារជាតិ។ កិច្ចប្រជុំនេះត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីអន្តរជាតិ ព្រោះអាចមានសញ្ញាជុំវិញការសាកល្បងនុយក្លេអ៊ែរ។ 
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កិច្ចប្រជុំដែលពិភាក្សាពីការកែប្រែផែនការសង្គ្រាម ប្រកាសថា ខ្លួនសម្រេចចិត្តពង្រឹងភារកិច្ចប្រតិបត្តិការរបស់អង្គភាពទ័ពជួរមុខជាមួយនឹងផែនការសកម្មភាពយោធាដ៏សំខាន់មួយ។ យ៉ាងណាមិញ KCNA មិន​បាន​បញ្ជាក់​លម្អិតពី​ផែនការ​នេះឡើយ​។
 
«កូរ៉េខាងជើងអាចបន្ថែមការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងផែនការប្រតិបត្តិការថ្មីរបស់ខ្លួន»។ លោក Hong Min សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិនៅទីក្រុងសេអ៊ូលបានលើកឡើងបែបនេះ។ 
 
បើតាមរូបភាពដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃទី២៣ ខែមិថុនា​ មន្ត្រីរបស់កូរ៉េខាងជើងនៅក្នុងកិច្ចប្រជុំ ចង្អុលជាមួយនឹងផែនទី ដែលទំនងជាឆ្នេរសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ ដែលជាកន្លែងដែលកូរ៉េខាងជើងដាក់នុយក្លេអ៊ែររបស់ខ្លួន។ 
 
ក្នុងឆ្នាំនេះ កូរ៉េខាងជើងបានសាកល្បងមីស៊ីលបាលីស្ទិកជាច្រើន រួមទាំងមីស៊ីលបាលិស្ទិក​អន្តរទ្វីប (ICBM) មីស៊ីលលឿនជាងសំឡេង និងមីស៊ីលរយៈចម្ងាយខ្លីដែលត្រូវបានរចនាឡើងសម្រាប់ជាអាវុធយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com