ជាតិ
ស្រឡាញ់ និងយល់ពីសារៈសំខាន់ បានជំរុញចិត្តលោក ច័ន្ទសុភ័ក្ត្របើកហាងលក់រុក្ខជាតិលម្អ
25, Jun 2022 , 10:59 am        
រូបភាព
លោក ហែម ច័ន្ទសុភ័ក្ត្រ ម្ចាស់ហាងលក់រុក្ខជាតិលម្អ «Jungle a` Domicile-ព្រៃ» និង ជាស្ថាបនិក «ផ្ទះចាស់»។
លោក ហែម ច័ន្ទសុភ័ក្ត្រ ម្ចាស់ហាងលក់រុក្ខជាតិលម្អ «Jungle a` Domicile-ព្រៃ» និង ជាស្ថាបនិក «ផ្ទះចាស់»។
 ភ្នំពេញ៖ លោក ហែម ច័ន្ទសុភ័ក្ត្រជាម្ចាស់ហាងកូនរុក្ខជាតិលម្អមួយកន្លែង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ការបើកហាងរុក្ខជាតិនេះឡើង ដោយសារលោកយល់ឃើញពីសារៈសំខាន់នៃការដាំដើមរុក្ខជាតិក្នុងផ្ទះថាអាចជួយកាត់បន្ថយអារម្មណ៍តប់ប្រមល់ និងបង្កើតការកម្សាន្ត តាមរយៈការដាំនិងថែរក្សារុក្ខជាតិ។


 
តទៅនេះ សូមអញ្ជើញលោក អ្នកនាង ទស្សនាវីដេអូដូចតទៅ៖
 
អគារបៃតង ឬGreen Buildin ក្លាយជានិន្នាការថ្មីមួយរបស់មនុស្សរស់នៅក្នុងសតវត្សរ៍ទី២១នេះ។ បើតាម World Green Building Council  «Green Building» គឺសំដៅលើអគារទាំងឡាយណា ដែលរចនា សាងសង់ឡើង ដោយផ្ដល់ផលល្អដល់ធនធានធម្មជាតិនិងធ្វើឱ្យគុណភាពជីវិតប្រសើរឡើង។ការដាំរុក្ខជាតិនៅក្នុងអគារគ្រាន់ជាផ្នែកតូចមួយប៉ុណ្ណោះ នៃអគារបៃតង។ ការដាំរុក្ខជាតិលម្អមិនត្រឹមតែបន្ថែមលំហបៃតងប៉ុណ្ណោះទេ ប៉ុន្តែវាជួយបន្សត់ខ្យល់, បន្ធូរបន្ថយអារម្មណ៍ស្មុគស្មាញនិងអផ្សុក ជាដើម។ ការណ៍នេះ បានជំរុញចិត្ត លោក ហែម ច័ន្ទសុភ័ក្ត្របើកអាជីវកម្មលក់រុក្ខជាតិលម្អនេះឡើង ក្រោមយីហោ «Jungle à Domicile - ព្រៃ» អំឡុងឆ្នាំ២០១៩។តែពេលនោះលោកលក់តាមអនឡាញប៉ុណ្ណោះ។ 
 
អតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកក្សេតសាស្ត្ររូបនេះរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ២៥បន្ថែម ជុំវិញការបើកដំណើរការហាងខ្លួនដូច្នេះ៖ «ចាប់ផ្ដើមដឹងខ្លួនចង់បើកអាហ្នឹងតាំងពីឆ្នាំ២០១៥ដែលពេលដែលខ្ញុំបានទៅសិក្សារយៈពេលខ្លីនៅសកលវិទ្យាល័យឈៀងម៉ៃហើយខ្ញុំបានទៅទស្សនកិច្ចនៅរុក្ខឧទ្យាន ពេលនោះចាប់ផ្ដើមគិតរឿងហ្នឹងហើយយើងជាអ្នកស្រឡាញ់ដើមឈើស្រាប់»។ 
 
សម្រាប់លោក ច័ន្ទសុភ័ក្ត្រ ដែលជាអ្នកលក់និងជាអ្នកដាំលម្អខ្លួនឯងដែរនោះ លោកយល់ឃើញថា ការដាំរុក្ខជាតិនៅក្នុងបន្ទប់ឬក្នុងលំនៅដ្ឋាន វាធ្វើឱ្យអារម្មណ៍ធូរស្រាលនិងកាត់បន្ថយអារម្មណ៍តានតឹងបានមួយផ្នែក។ ហើយការដាំរុក្ខជាតិនេះក៏ជាសកម្មភាពកម្សាន្តមួយ និងដើម្បីផ្សារភ្ជាប់ខ្លួនយើង ទៅនឹងធម្មជាតិ។ 
 
ក្រៅ​ពីជាហាងលក់រុក្ខជាតិលម្អ «Jungle àDomicile - ព្រៃ» ក៏ជា​កន្លែង​សម្រាប់បង្កើនចំណេះដឹងអំពីរុក្ខជាតិទាំងលក្ខណៈរូបសាស្ត្រ ជីវសាស្ត្រ ការថែទាំ ផងដែរ សម្រាប់សាធារណជនទូទៅ។ លោកបន្ថែមថាខ្លួនចង់ឱ្យហាងនេះ ក្លាយជាកន្លែងចែករំលែកចំណេះដឹងនិងការផ្លាស់ប្ដូរគំនិតទៅវិញទៅមក។ 
 
បច្ចុប្បន្នហាងមួយនេះ មានរុក្ខជាតិចន្លោះពី២០០ទៅ៣០០ប្រភេទឯណោះ រួមនឹងប្រភេទរុក្ខជាតិកម្រៗមួយចំនួនទៀតផងដែររួមទាំងរុក្ខជាតិដាំផ្នែកខាងក្រៅផ្ទះ ក្នុងផ្ទះ និងទូកញ្ចក់ ឬកែវជាដើម។ឯតម្លៃវិញចាប់ពី១ដុល្លារ រហូតដល់៣០០ដុល្លារហើយរុក្ខជាតិទាំងនោះភាគច្រើនត្រូវនាំចូលពីប្រទេសជិតខាងនិងមួយចំនួនទៀតទិញពីអ្នកដាំក្នុងប្រទេស៕
 
 
 

Tag:
 ThmeyThmey25
  រុក្ខជាតិលម្អ
  Jungle à Domicile - ព្រៃ
  ហែម ច័ន្ទសុភ័ក្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com