ជាតិ
សេដ្ឋកិច្ច
អង្ករក្រអូបSKO និងអង្ករដំណើប DSMK ក្លាយជាម៉ាកសមូហភាព ដើម្បីបង្កើនការនាំចេញអង្ករកម្ពុជា
25, Jun 2022 , 12:19 pm        
រូបភាព
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញមើលការតាំង__បង្ហាញម៉ាក_សមូហភាព_នៃអង្ករ_ក្រអូប SKO និង_អង្ករ_ដំណើប DSMK នៅសណ្ឋាគារសូហ្វីតែល
លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញមើលការតាំង__បង្ហាញម៉ាក_សមូហភាព_នៃអង្ករ_ក្រអូប SKO និង_អង្ករ_ដំណើប DSMK នៅសណ្ឋាគារសូហ្វីតែល
 ដោយ ៖ ធន់ សេងហុង 
 
អង្ករក្រអូបSKO នៃពូជស្រូវសែនក្រអូប០១ និងអង្ករដំណើប DSMK បានក្លាយជាម៉ាកសមូហភាព​ថ្មីមួយទៀត សម្រាប់កម្ពុជាបង្កើនលទ្ធភាពកក្នុងការនាំទៅកាន់ទីផ្សារពិភពលោក។ បើតាម​​ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ការសម្ពោធនូវអង្ករម៉ាកសមូហភាពទាំងពីរ គឺបានបង្ហាញនូវភាពរីកចម្រើនមួយផ្នែកទៀតនៃការអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជា ចាប់តាំងពីគ្រាប់ពូជរហូតដល់ទីផ្សារ។

 
​​ម៉ាក​សមូហភាព​នៃអង្ករ​ក្រអូប SKO និង​អង្ករ​ដំណើប DSMK ត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣មិថុនា ឆ្នាំ២០២២ ក្នុង​គោលដៅបង្កើន​ទំនុកចិត្ត​ដល់​អ្នក​នាំចេញ និង​ជំរុញ​កំណើន​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​។ ក្នុងពិធីសម្ពោធនូវអង្ករម៉ាកសមូហភាពទាំងពីរនេះ លោក ប៉ាន សូរស័ក្តិ បាននិយាយថា​៖ «ការកសាង​ទំនុកចិត្ត​ជូន​អ្នកប្រើប្រាស់​តាមរយៈ​ម៉ាក​សមូហភាព​អង្ករ SKO និង DSMKនេះ នឹងជំរុញដល់ការនាំចេញអង្កររបស់យើងបន្ថែមទៀត»។
 
បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ បច្ចុប្បន្នពូជស្រូវក្រអូប កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញ។ ជាពិសេសគឺវាជាពូជស្រូវមិនប្រកាន់រដូវ​​ ដែលអនុញ្ញាតឱ្យកសិករធ្វើបាន៣ដងក្នុងមួយឆ្នាំ។​ លោកបានបញ្ជាក់ថា ពូជស្រូវសែនក្រអូបបានក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជាក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀតនៅក្នុងទីផ្សារអន្តរជាតិ។
 
ទិន្នន័យពីក្រសួងកសិកម្ម បានបង្ហាញ សម្រាប់៥ខែដើមឆ្នាំ២០២២  ការនាំចេញអង្កររបស់កម្ពុជា គឺសម្រេចបាន២៨៣ ៧៧៥តោន ដោយក្នុង​នោះអង្ករក្រអូបប្រភេទសែនក្រអូបមាន៦៣ ៥៩៧ តោន ស្មើ ២២,៤២ភាគរយនៃការនាំចេញសរុប៕
 
 
 

Tag:
 អង្ករ
  ប៉ាន សូរស័ក្តិ
© រក្សាសិទ្ធិដោយ thmeythmey.com